ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ជំពាក់​មាស​12​ជី ​ប្តឹង​​កូនបំណុល​អស់ទាំង​ដីស្រែ និង​ប្តី​ប្រពន្ធ​ជាប់គុក​បន្តបន្ទាប់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ដោយសារ​តែ​រឿង​ជំពាក់​មាស​១២​ជី​ស្មើ​១​តម្លឹង​២​ជី ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​ម្ចាស់បំណុល​ប្តឹង​ដាក់គុក​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ

ខេត្តព្រៃវែង ៖ ដោយសារ​តែ​រឿង​ជំពាក់​មាស​១២​ជី​ស្មើ​១​តម្លឹង​២​ជី ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​ម្ចាស់បំណុល​ប្តឹង​ដាក់គុក​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ ហើយ​ដីស្រែ​ក៏​ត្រូវ​រឹបអូស​គ្មាន​ដី​សម្រាប់​ធ្វើស្រែ​ចិញ្ចឹម​កូន​តទៅ​ទៀត​ដែរ ។ អ្នក​ស្ត្រី សា​រិ​ន រ៉ា និង​ប្តី​ឈ្មោះ ឈ​ន អឿ​ន រស់នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជ បាន​រៀបរាប់​ថា កាលពី​ឆ្នាំ​២០០៩ ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ទៅ​ខ្ចី​មាស​ពី​ឈ្មោះ ជួន នឿក និង​ប្រពន្ធ​ឈ្មោះ ឈឿ​ង យ៉ាវ ចំនួន​១២​ជី ដោយ​សន្យា​ថា ខ្ចី​ចំនួន​២​ឆ្នាំ​នឹង​ឱ្យ​ថ្លៃ​ការ​ក្នុង​មួយ​ឆ្នាំ​១​ជី​២​ហ៊ុន ។

លុះ​១​ឆ្នាំ​ក្រោយមក ពួក​គាត់​បាន​យក​មាស​ចំនួន​៨​ជី​ទៅ​សង​ឱ្យ​ម្ចាស់បំណុល​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​ដល់​ផ្ទះ តែ​នៅ​ពេល​សង​នោះ ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មិន​បាន​ធ្វើ​ឯកសារ​ណាមួយ​និង​គ្មាន​សាក្សី​ដឹង​ឮ​ដែល​បញ្ជាក់​ថា បាន​សង​មាស​ទៅ​ម្ចាស់បំណុល​នោះ​ឡើយ ។ អ្នកស្រី​បន្ត​ទៀត​ថា បន្ទាប់​មក​ជាង​៣​ខែ ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​យក​មាស​ចំនួន​៤​ជី​ទៀត​ទៅ​សង​ម្ចាស់បំណុល​ខាងលើ និង​បាន​ប្រាប់​ទៅ​ម្ចាស់បំណុល​ថា ឱ្យ​ពួក​គេ​ទូទាត់​ថ្លៃ​ការ​ដែល​ជំពាក់​នោះ​ទៅ គាត់​នឹង​សង​ទៀត ។ ស្រាប់តែ​ឈ្មោះ ជួន នឿក និង​ប្រពន្ធ បាន​និយាយ​ថា ពួក​គាត់​នៅ​ជំពាក់​ចំនួន​១​តម្លឹង​៦​ជី​៥​ហ៊ុន ព្រោះ​គេ​មិន​ដែល​បាន​ទទួល​មាស​៨​ជី​ដែល​ពួក​គាត់​បាន​យក​មក​សង​កាលពី​លើក​មុន​នោះ​ទេ និង​បាន​សួរ​ពួក​គាត់​ថា តើ​មាន​អ្វី​បញ្ជាក់​ថា ពួក​គាត់​បាន​សង​មាស​ឱ្យ​នោះ ។

ដោយ​ការ​ចរចា​មិន​ត្រូវ​គ្នា ព្រោះ​ម្ចាស់បំណុល​ទាមទារ​មាស​ដែល​ជំពាក់​ទាំងអស់​ចំនួន​១​តម្លឹង​៦​ជី​៥​ហ៊ុន តែ​គាត់​ថា​កូន​បំ​ណុ​ង​ទាមទារ​សង​ត្រឹមតែ​៤​ជី និង​ថ្លៃ​ការ​ដែល​សន្យា​គ្នា ធ្វើ​ឱ្យ​ម្ចាស់បំណុល​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ខឹងសម្បា​ក៏​បាន​ប្តឹង​ទៅ​តុលាការខេត្ត និង​បាន​កោះហៅ​កូនបំណុល​ទាំង​ពីរ​នាក់​ឱ្យទៅ​ទូទាត់​សងបំណុល​ដែល​ជំពាក់​ទាំងអស់ ។ តែ​នៅ​ពេល​នោះ ពួក​គាត់​កូនបំណុល បានឱ្យ​ម្ចាស់បំណុល​ស្បថ​នៅ​ចំពោះ​មុខ​តុលាការ​ថា មិន​បាន​ទទួល​មាស​៨​ជី ដែល​ពួក​គាត់​បាន​សង តែ​ម្ចាស់បំណុល​មិន​ព្រម​ស្បថ គាត់​ជា​កូនបំណុល​ក៏​មិន​ព្រម​សង​ទៅ​តាម​ការ​ទាមទារ​របស់​ម្ចាស់បំណុល​ដែរ ។ ពេល​នោះ ស្រាប់តែ​តុលាការ​អនុវត្ត​សាលដីកា​ឱ្យ​រឹបអូស​យក​ដីស្រែ​របស់​កូនបំណុល​ចំនួន​១​ហិ​កតា​៥​អា យក​ទៅ​លក់​ឡាយឡុង​បាន​តម្លៃ​២​តម្លឹង​មាស ដើម្បី​យក​មក​ទូទាត់​សង​ទៅ​ម្ចាស់បំណុល ហើយ​នៅ​សល់​មាស​ចំនួន​៣​ជី​៥​ហ៊ុន ដែល​ត្រូវ​ប្រគល់​ទៅ​ឱ្យ​កូនបំណុល​វិញ តែ​គាត់​ជា​កូនបំណុល​មិន​ព្រម​ទទួល តុលាការ​ក៏​រក្សា​ទុក​មាស​នោះ និង​បាន​ប្រាប់​ថា ពេល​ណា​ចង់បាន​ទៅ​យក​ក៏​បាន​ដែរ ។ តែ​នៅ​ក្នុង​ចំណាត់ការ​នោះ​ក៏​កើត​មាន​ភាព​មិន​ប្រក្រតី​មួយ​កើតឡើង គឺ​បើ​តាម​ផ្លូវច្បាប់​ម្ចាស់បំណុល​គ្មាន​សិទ្ធិ​ទិញ​យក​សម្ភារ ឬអ្វី​ៗ​គ្រប់យ៉ាង​របស់​កូនបំណុល​ដែល​តុលាការ​លក់​ឡាយឡុង​នោះ​ទេ តែ​ក្នុង​រឿង​នេះ​ឈ្មោះ ជួន នឿក និង​ប្រពន្ធ បាន​ទិញ​យក​ដីស្រែ​របស់​កូនបំណុល ដោយ​ឱ្យ​ប្អូនប្រុស​ជា​អ្នក​ឈរឈ្មោះ​ទិញ​ពី​តុលាការ ។ ពេល​នោះ​ដីស្រែ​ដែល​តុលាការ​បាន​ឡាយឡុង​លក់​នោះ ក៏​ដល់​ពេល​ស្រូវ​ទុំ​ត្រូវ​ច្រូត ស្រាប់តែ​ម្ចាស់បំណុល​បានឱ្យ​ប្អូនប្រុស​របស់​ខ្លួន​នោះ ចុះ​ទៅ​ច្រូតស្រូវ​នោះ​យក​ទៀត ហើយ​ពេល​ប្តី​គាត់​ទៅ​ឃាត់ ម្ចាស់បំណុល​ក៏​បាន​ប្តឹង​ទៅ​តុលាការ​ឱ្យ​ចាប់ខ្លួន​ប្តី​គាត់​ដោយ​ចោទ​ពី​បទ​បង្ក​របួស​ស្នាម និង​ត្រូវ​ជាប់គុក​រយៈពេល​៨​ខែ ។

តាម​អ្នកស្រី សា​រិ​ន រ៉ា បាន​បន្ត​ថា នៅ​ពេល​នោះ​គាត់ បាន​ទៅ​ជួប​ក្រឡាបញ្ជី គេ​ក៏​បាន​ប្រាប់​ថា បើសិនជា​ចង់ឱ្យ​ប្តី​ចេញពី​គុក គាត់​ត្រូវ​បង់លុយ​ឱ្យ​គេ​២០០០​ដុល្លារ​សិន ដោយ​ដី​នៅ​តែ​ជា​របស់​គេ​ដដែល ដោយសារ​តែ​អត់​លុយ ប្តី​របស់​គាត់​ក៏​ត្រូវ​ជាប់គុក​តាម​យថាកម្ម ។ នៅ​ពេល​ដែល​ចេញពី​គុក ពួក​គាត់​ជា​កូនបំណុល​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សាលាឧទ្ធរណ៍ ដើម្បី​តវ៉ា​បន្ត​រឿង​ដីស្រែ​របស់​គាត់​បន្ត​ទៀត ហើយ​ពេល​ចេញពី​សាលាឧទ្ធរណ៍​វិញ មិនដឹង​ថា​យ៉ាងណា គាត់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត ដោយ​មិនដឹង​មូលហេតុ នឹង​ត្រូវ​ជាប់គុក​អស់​រយៈពេល​៦​ខែ​ទៀត និង​បាន​ដោះ​លែង​មក​វិញ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លង​មកនេះ ។

បន្ទាប់​ពី​ចេញពី​គុក ពួក​គាត់​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រសួងយុត្តិធម៌ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពួក​គាត់ តែ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​សរសេរ​ឈ្មោះ​គាត់​ខុស ដោយ​ឈ្មោះ​របស់​គាត់ គឺ​សា​រិ​ន រ៉ា តែ​អាជ្ញាធរ​សរសេរ​ត្រឹម រិ​ន រ៉ា ដែល​ធ្វើ​ឱ្យ​ខុស​នីតិវិធី ក្រសួង​មិន​អាច​ដោះស្រាយ​បាន និង​ធ្វើ​ឱ្យ​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​ជាប់គុក​ដោយ​មិនដឹង​មូលហេតុ និង​បាត់បង់​ដីស្រែ​សម្រាប់​ចិញ្ចឹមជីវិត​ថែម​ទៀត​ផង ។

ការ​បរិយាយ​ខាងលើ​នេះ គឺជា​ព័ត៌មាន​ដែល​បាន​ទទួល​ពី​ភាគី​កូនបំណុល ដែល​គាត់​ចាញ់ក្ដី និង​មិន​ទាន់​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ពី​មន្ត្រី​តុលាការខេត្ត និង​ភាគី​ម្ចាស់បំណុល​នៅឡើយ​នោះ​ទេ ដោយសារ​តែ​ការ​ទាក់ទង​សុំ​ការ​បំភ្លឺ​តប បាន​ជួប​នូវ​ការ​លំបាក តែ​រំពឹង​ថា​នឹង​មានការ​បំភ្លឺ​សម្រាប់​ព័ត៌មាន​មួយ​នេះ ដើម្បី​សាធារណជន និង​យុត្តិធម៌ ៕