ខេត្តរតនគិរី ៖ បុរសម្នាក់ញៀ.នស្រាជាប្រចាំ ដោយសារតែខឹងជាមួយនឹងប្រពន្ធកូនមិនសូវយកចិត្តទុកដាក់ជាមួយខ្លួន ហើយទុកឱ្យនៅម្នាក់ឯង ក៏បែកគំនិតយកដបសាំងដើរដុតបំផ្លាញផ្ទះចាំចំការរបស់កូនបង្កើត និងអ្នកជិតខាង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក្បែរនោះ ហើយក៏ត្រូវបានសមត្ថិច្ចធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងចាត់ការបន្ត។

ការឃាត់ខ្លួនជនដើរដុតផ្ទះកូន និងអ្នកដទៃខាងលើនោះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះចំការ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ហើយការឃាត់ខ្លួនជនបង្កគ្រោះអគ្គីភ័យនោះ ដោយសារគេតែងតែធ្វើសកម្មភាពនៅពេលស្រវឹងស្រាខ្លាំង រួចបែកគំនិតយកដបសាំងចាក់ដុតផ្ទះចំការរបស់កូន ហើយនៅវេលាម៉ោងប្រមាណ២០និង៣០នាទីយប់នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ក៏បានដុតផ្ទះរបស់អ្នកជិតខាង បណ្តាលឱ្យឆាបឆេះអស់ទាំងស្រុងទៀត ស្ថិតក្នុងឃុំខាលើ។
ប្រភពពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកលំផាត់ បានឱ្យដឹងថា ពេលចុះទៅធ្វើការឃាត់ខ្លួនបុរសរូបនោះ ក៏មានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរីផងដែរ។

ប្រភពដដែលបន្តថា ជនសង្ស័យដែលឃាត់ខ្លួននោះ មានឈ្មោះ សុន ថេន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ហើយជាជនញៀ.នស្រា.ស ស្រាថ្នាំជាប្រចាំ ដែលគេមិនសូវរវីរវល់កិច្ចការងាររកស៊ីអ្វីទេ ពោលគឺព្រលឹមចេញដើរផឹកព្រលប់ចូលផ្ទះ។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះ ដែលត្រូវជនរូបនេះដុតកម្ទេចចោលនោះ មានឈ្មោះ នួន សុខលី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ខូចខាតផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុង។

ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ដោយសារតែងតែខ្លួនធ្លាក់ក្នុងសភាពបែបនេះ ទាំងប្រពន្ធនិងកូន គេលែងរវីរវល់នាំគ្នាចេញទៅធ្វើការបាត់ៗព្រលឹមបាត់ព្រលប់ចូល (ដើម្បីជីវភាពទៅធ្វើការស៊ីឈ្នួលនៅក្រុមហ៊ុនចំការចេក ដូនពេញ អាហ្គ្រីកូ ហ័ងអញ់យ៉ាឡាយ) ដោយទុកខ្លួនឱ្យនៅតែម្នាក់ឯង ចាំផ្ទះចំការ ទើបខឹងក្រោធគិតផ្តេសផ្តាស់តែម្តង ។

ជនសង្ស័យសារភាពបន្តថា ក្នុងកំឡុងកាលពីវេលាម៉ោង២០និង៣០នាទីយប់ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ខ្លួនក៏ធ្លាប់បានយកសាំងកន្លះលីត្រ និងពោះវៀនម៉ូតូចាស់ៗទៅចាក់ដុតផ្ទះរបស់ឈ្មោះ ថេន រាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើតខ្លួនឆេះខ្ទេចអស់ទាំងស្រុងគ្មានសល់ម្តងដែរ។ ហើយក្នុងនោះក៏មានការបាត់បង់សម្ភារៈ និងខូចខាតរួមមាន ៖ ១-ផ្ទះ១ខ្នងទំហំទទឹង៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី, ២- ម៉ាស៊ីនកាត់ស្មៅ២គ្រឿង។ ៣- ម៉ាស៊ីនបាញ់ថ្នាំ១គ្រឿង, ៤- ម៉ូទ័របាញ់ថ្នាំ១គ្រឿង, ៥- ផ្ទាំងសូឡា១ផ្ទាំង, ៦- ចានឆ្នាំង និង៧- សម្លៀកបំពាក់ប្រមាណជាង៣០កំប្លេរផងដែរ។

ប្រភពដដែលបន្តទៀតថា ដោយសារតែមានជាប់ឈា.មជ័រជាឪពុកបង្កើត ក៏មិនមានការប្តឹងផ្តល់អ្វីទេ សុខចិត្តខន្តីអភ័យទោសជូនគាត់ឱ្យរួចខ្លួនរហូតមក។
តែទោះជាយ៉ាណា រហូមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បុរសស្រវឹងខួបម្នាក់នេះ ពុំបានរាងចាលនោះទេ គឺនៅតែប្រព្រឹត្តទង្វើដដែល ដោយរួមផ្សំមានជំងឺផ្នែកស្មារតីទាក់ទងនឹងសរសៃប្រាសាទ (ខួរក្បាលរបស់គាត់មានបញ្ហា) ផងនោះ ក៏យកសាំងមកដុតផ្ទះចំការអ្នកដទៃបន្តទៀត ទើបកម្លាំងអធិការចុះឃាត់ខ្លួនភ្លាមៗតាមពាក្យបន្តឹងរបស់ជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំបែបបទបញ្ជូនខ្លួននៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ ទៅអយ្យការអមសាលាតំបូងខេត្តរតនគិរី ដើម្បីចាត់ការបន្តតាមនីតិច្បាប់៕
ចែករំលែកព័តមាននេះ