ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លែងឯក និងខ្លែងសេរីជិត ១៤០ កំពុងបង្អួតរាងលើមេឃ នៅខេត្តសៀមរាប

1 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រារព្ធ​ព្រឹត្តិការណ៍ បុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង ខ្លែង​សេរី ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វ ផ្សាយ លើក​ត​ម្កើ​ន…

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រារព្ធ​ព្រឹត្តិការណ៍ បុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង ខ្លែង​សេរី ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វ ផ្សាយ លើក​ត​ម្កើ​ន មរតក​វប្បធម៌​ជាតិ ដើម្បី​ជម្រុញ​វិស័យ​ទេសចរណ៍ វប្បធម៌ ក្នុ​ងា​ការ​ទាក់ទាញ​អ្នក​ទេសចរណ៍​ឱ្យមក​កម្សាន្ត​នៅ​ក្នុង​ខេត្តសៀមរាប​ផង​។

ពិធី​បើក​ការ​បង្ហើរ​ខ្លែងឯក​ខ្មែរ បាន​ដំណើរការ​ទៅ​ក្រោម​វត្តមាន របស់ លោក កុយ សង សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម លី សំ​រិ​ទ្ធ ប្រធាន​ក្រុម ប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរង ខេត្ត តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខែ​កុ​ម្ភះ​ឆ្នាំ​២០២៦​នេះ​។

តាម​សេចក្តីរាយការណ៍​របស់ លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​លើក​ឡើង​ថា ការ​បង្ហើរ ខ្លែង ឬ ខ្លែង​សេរី បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រពៃណី​របស់​ខ្មែរ រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

លោក​បន្ត​ថា ប៉ុន្តែ​មួយ​រយៈកាល​កន្លង​មកនេះ ខ្លែង​ខ្មែរ ជា​ពិសេស​ខ្លែងឯក​នេះ ស្ទើរតែ​បាត់ បង់​ដោយសារ​តែ​ពលរដ្ឋ​យើង​មួយ​ចំនួន​មាន​ជំនឿ​ថា ខ្លែង ជា​វត្ថុ​អពមង្គល​ ​តែ​តាម​ការ​ពិត​ខ្លែង​នេះ​ដូនតា​ខ្មែរ​បង្កើត​មក​ជា​វត្ថុ​តំណាង​ឱ្យ​សុភមង្គល​។ លោក មួ​ង សុភាព បន្ត​ថា ដោយសារ​តែ​ជំនឿរ​មិន​សម​ហេតុផល​នេះ ទើប​ថ្នាក់ដឹកនាំ ស្ថាប័ន​ជាតិ​បាន​គិតគូរ និង យកចិត្តទុកដាក់​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នានា​ដែល​ទាក់ទង​នឹង​ខ្លែង​នេះ ក្នុង​នោះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក៏​មាន​បំណង​យក​ខ្លែងឯក​របស់​ខ្មែរ​នេះ ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ ។​​

លោក​បញ្ជាក់​ថា ដោយសារ​ហេតុនេះ​ទើប​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ ខិតខំ​បំផុស​ចលនា​បង្ហើរខ្លែង​នេះ ព្រោះ​ការ​ចូល​ជា​សម្បត្តិ​បេ​តិក ភណ្ឌ​ពិភពលោក​នេះ យើង​អាច​អភិរក្ស និង ផ្សព្វផ្សាយ​អំពី​ខ្លែង​យើង​បាន​ទូលំទូលាយ​។ លោក មួន សុភាព បញ្ជាក់​ថា ការ​បង្ហោះ​ខ្លែង​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ២០២៦ នេះ បាន​ទទួល​ពាក្យ បេក្ខជន បេ​ក្ខ​នារី​ប្រកួត​ខ្លែងឯក ខ្លែង​សេរី និង ចំនួន​ខ្លែង​ដែល​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មាន​សរុប​ចំនួន​១៣៨ ក្នុង​នោះ ខ្លែងឯក​មាន​ចំនួន​សរុប ៩៣ ខ្លែង ឯក ខ្លែង​សេរី​មាន​ចំនួន​សរុប ៤៥ ខ្លែង ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​បុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង​ខ្លែង​សេរី​នេះ​លោក លី សារី​  បាន​លើក​ឡើង​ថា ការ​បង្ហើរខ្លែង​ខ្មែរ មិន​គ្រាន់តែ​បង្ក​បរិយាកាស​ឱ្យ​ប្រជាពលរដ្ឋ សាធារណជន ទស្សនា​ប្រកបដោយ​សេចក្ដី​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ផ្ទេរ​នូវ​ចំណេះដឹង​ខាង​ទំនៀមទម្លាប់​ប្រពៃណី ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់ យល់ ដឹង និង ចូលរួម​ប្រតិបត្តិ​ថែរក្សា​ការពារ លើក ស្ទួយ​អត្តសញ្ញាណ​ជាតិ​តម្លៃ​វប្បធម៌​អរូបី ព្រម ទាំង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា​ស្រាវ ជ្រាវ ចងក្រង​រក្សា​ទុក​នូវ​ឯកសារ​បេតិកភណ្ឌ​វប្បធម៌​នេះ ឱ្យ​បាន​ស្ថិតស្ថេរ គង់វង្ស ។

លោក លី សារី បន្ត​ថា ព្រឹត្តិការណ៍​បុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង​ខ្លែង​សេរី​  ប្រារព្ធ​ធ្វើ​ជា​លើក​ទី​២ នៅ​ខេត្តសៀមរាប ដែល​ជា​ច​លករ មួយ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​ច្រើន ឡើង​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ សម្រាប់​ឆ្នាំ ២០២៧​ខាង​មុខ ដើម្បី​បន្ត​រក្សា​កំណើន និង ទាក់ទាញ​ភ្ញៀវ​ទេសចរ និង ថែរក្សា​បាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​យើង ក្នុង​នាម​អាជ្ញាធរ​ខេត្តសៀមរាប​ ​លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព រដ្ឋ បាល​ក្រុង ស្រុក វិស័យ​ឯកជន បងប្អូន​ប្រជា ពលរដ្ឋ​ ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​ទាំង អស់​មេត្តា​បន្ត​គាំទ្រ​ឱ្យ​បាន​ផុលផុស ដើម្បី​បន្ត​ការ​រៀបចំ​នូវ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា ក្នុង​ខេត្តសៀមរាប​យើង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​បង្ហើរខ្លែង​នេះ មាន​ខ្លែងឯក ខ្លែង​សេរី និង​ខ្លែង​តូច​ៗ ហើយ​ព្រឹត្តិការណ៍​នេះ​មាន​ ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២២​ខែ​កុ​ម្ភះ​ឆ្នាំ​២០២៦ ក៏​មាន​បងប្អូន​អ្នក​ស្រឡាញ់​និង​លេង​ខ្លែង​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ និង​បាន​ចូលរួម​ផង​ដែរ​  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ