ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​អាស៊ាន​-​អា​មេ​រិ​ក ជួបជុំ​គ្នា ដើម្បី​រំលឹក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​កិច្ច​សន្ទនា​រវាង​អាស៊ាន​-​សហរដ្ឋអាមេរិក ហើយ​ពេល​នេះ​ជា​វិធី​មួយ​ដ៏​សាក​សម​ដែល​ថ្នាក់ដឹកនាំ​អាស៊ាន និង

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​កិច្ច​សន្ទនា​រវាង​អាស៊ាន​-​សហរដ្ឋអាមេរិក ហើយ​ពេល​នេះ​ជា​វិធី​មួយ​ដ៏​សាក​សម​ដែល​ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សេត​វិមាន ដើម្បី​រំលឹក​នូវ​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ នៃ​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​យើង ។

ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ប្រធាន​អាស៊ាន​ប្តូ​វេន​ឆ្នាំ​២០២២ បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​លាង​សាយភោជន៍​រៀបចំ ដោយ​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២២ (​ម៉ោង​នៅ​កម្ពុជា​) នា​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​។

នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ចូ បៃ​ឌិន ដែល​បាន​ផ្ដល់​នូវ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្ដៅ​ដល់​រូប​សម្ដេច នឹង​ប្រមុខ​ថ្នាក់ដឹកនាំ នៃ​បណ្ដា​ប្រទេស​អាស៊ាន​ដទៃ​ទៀត នៅ​ក្នុងអំឡុងពេល​នៃ​ការ​ស្នាក់​នៅ​របស់​យើង នៅ​សហរដ្ឋអាមេរិក និង​ជា​ពិសេស​ការ​រៀបចំ​នូវ​ពិធី​លាង​សាយភោជន៍ ដ៏​ប្រពៃ​សម្រាប់​ថ្ងៃនេះ​ផង​។

សម្ដេច​បន្ត​ថា ជា​ការ​ពិត​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ដែល​ឈរ​លើ​មូលដ្ឋាន​មួយ​ដ៏​រឹង​មាំ និង​ម៉ឺងម៉ាត់​នៃ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មានការ​រក្សា​នូវ​ឧត្តម​ប្រយោជន៍​រួម បាន​ឆ្លងកាត់​រយៈពេល​មួយ​ដ៏​វែង​ឆ្ងាយ និង​ជា​ពិសេស​​បាន​ជំនះ​នូវ​ឧបសគ្គ​ប្រកបដោយ​ភាព​ជោគជ័យ​។ សម្តេច​តេ​ជោ ក៏​បាន​រំលែក​ទុក្ខ ដោយសារ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅ​ក្នុងថ្ងៃនេះ ដែល​អា​មេ​រិ​កបាន​ទម្លាក់​ទង់ជាតិ​មក​ពាក់កណ្ដាល​ដង ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ប្រជាពលរដ្ឋ​ចំនួន ១​លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​សម្ដេច​ក៏​សូម​ចូលរួម​សំដែង​សាមគ្គីភាព​ដ៏​ជ្រាលជ្រៅ ចំពោះ​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក ក្នុង​ឱកាស​នេះ​។

សម្ដេច​តេ​ជោ​ប​សន​បញ្ជាក់​ថា ៖ «​នា​ពេល​នេះ យើង​មានឱកាស សញ្ជឹងគិត​អំពី​ដំណើរការ​ដ៏​វែង​ឆ្ងាយ ដែល​អាស៊ាន​សហរដ្ឋអាមេរិក ធ្វើការ​រួម​គ្នា​ដោយ​ការ​ខិតខំ​ប្រឹងប្រែង ដែល​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​យើង​លើ​គ្រប់​វិស័យ​»​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​បាន​ជ្រើសរើស យក​ប្រធានបទ​អាស៊ាន រួម​គ្នា​ធ្វើការ​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងអស់​គ្នា ដែល​ផ្អែក​លើ​ស្មារតី ដែល​អាស៊ាន បាន​និង​កំពុង​ខិតខំ​រួម​គ្នា ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព ក៏​ដូច​ជា​លើកកម្ពស់ ការ​អនុវត្ត​នូវ​វិបុលភាព ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន ជា​ការ​ពិត​យើង​ក៏​ទទួលស្គាល់​តួនាទី ប្រកបដោយ​ភាព​វិជ្ជមាន របស់​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ជា​ពិសេស​សហរដ្ឋអាមេរិក នៅ​ក្នុង​ដំណើរការ​ទាំងមូល​នេះ​។

សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា អាស៊ាន​សូម​វាយតម្លៃ​ខ្ពស់ លើ​រាល់​កិច្ចការ ដែល​សហរដ្ឋអាមេរិក បាន​ធ្វើ​សម្រាប់​តំបន់​។ ក្នុង​នាមខ្លួន​សម្ដេច​ផ្ទាល់ សម្ដេច​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ប្រធានាធិបតី និង​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក ដែល​គាំទ្រ​តួនាទី​របស់​កម្ពុជា ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ​។ សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា ជាមួយនឹង​សន្ទុះ ដែល​បាន​នឹង​កំពុង​វិ​វ​ឌ្ឍ​យ៉ាង​លឿន​នៃ​ការ​ឈាន​ឆ្ពោះ ទៅ​រក​ប្រយោជន៍​រួម​តែ​មួយ សម្ដេច​តេ​ជោ សូម​យក​ឱកាស​នេះ អញ្ជើញលោក​ប្រធានាធិបតី ដោយ​ផ្ទាល់ ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក លើក​ទី​១០ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា ក្នុង​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

សម្ដេច​តេ​ជោ​ក៏​បាន​គូសបញ្ជាក់ នៅ​ក្នុង​ឱកាស​នោះ​ថា សហរដ្ឋអាមេរិក គឺ​ដើរតួ​នាទី​សំខាន់ នៅ​ក្នុង​ពិភពលោក ហើយ​តួនាទី​នេះ​ប្រសិនជា​សេដ្ឋកិច្ច សហរដ្ឋអាមេរិក​ល្អ នោះ​សេដ្ឋកិច្ច​ពិភពលោក ក៏​ល្អ​ប្រសើរ​ផង​ដែរ ហើយ​លើស​ពី​នេះ​កន្លង​មក អា​មេ​រិ​កបាន​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នៅ​កូ​វី​ដ​-១៩ ក្នុង​ការ​ផលិត​វ៉ាក់សាំង​ជាដើម​។ នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ក៏​បាន​អរគុណ​ដល់​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​បាន​ផ្ដល់​វ៉ាក់សាំង ជូន​ដល់​ប្រទេស​កម្ពុជា រួម​ទាំង​វ៉ាក់សាំង johnson and johnson ចំនួន ១​លាន​ដូ​ស ហើយ​និង​មាន​វ៉ាក់សាំង​ពីរ​លាន​ដូ​ស​បន្ថែម​ទៀត ហើយ​សន្យា​ថា​នឹង​ផ្ដល់​វ៉ាក់សាំង​ជាង ៥​លាន​ដូ​ស​បន្ថែម​ទៀត សម្រាប់​ប្រទេស​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ