រាជធានីភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាពអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមថ្មីជំនួសកន្លែងសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព ។

នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១០៦រូប ។

របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះមានចំនួន៤ គឺ៖ ១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តមស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព ។ ២. ការបោះឆ្នោតជ្រើសតាំង ៖ ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ។
ឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្មរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ។
៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ។ ៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ៕

ចែករំលែកព័តមាននេះ