រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពនៅវេលាម៉ោង១៧និង៣៣នាទីល្ងាច ថ្ងៃទី១០ ខែឧសភា (ម៉ោងនៅរដ្ឋធានីវ៉ាស៊ិនតោន) ត្រូវនឹងម៉ោង៦និង៣៣នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរាជធានីភ្នំពេញ) ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានបានអញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ិនតោនសហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២នេះ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុកសម្តេច នៅថ្ងៃទី១១ ឧសភាបានឲ្យដឹងថា នៅអាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពីឥស្សរជនជាន់ខ្ពស់ពិធីការក្រសួង ការបរទេសសហរដ្ឋអាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សហរដ្ឋអាមេរិក និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ិនតោនជាច្រើនរូប ។

សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុកក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ឧសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយសហគមន៍ខ្មែរប្រមាណ១ពាន់នាក់រស់នៅសហរដ្ឋអាមេរិក ។

ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១២-១៣ ឧសភា និងពិធីសំណេះសំណាល ដោយផ្ទាល់រវាងសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាមួយនឹងសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកនឹងធ្វើការផ្សព្វផ្សាយជូនទស្សនាដោយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ទៅកាន់ព្រះរាជាណាចក្រកម្ពុជា ៕



ចែករំលែកព័តមាននេះ