ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទបន្ទាយស្រី​ដ៏​ល្បី​ទាក់ទាញ​ក្នុង​តំបន់​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទបន្ទាយស្រី មិនដឹង​ថា មានឈ្មោះ​ដើម​ថា​ដូច​ម្តេច​ទេ ។ តាម​រយៈ​សិលាចារឹក​ប្រាសាទ​នេះ​សរសេរ​ថា សាង​ទ្បើ​ង​នៅ​ឆ្នាំ​៩៦៧​នៃ​គ​.​ស ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ​

ខេត្តសៀមរាប ៖ ប្រាសាទបន្ទាយស្រី មិនដឹង​ថា មានឈ្មោះ​ដើម​ថា​ដូច​ម្តេច​ទេ ។ តាម​រយៈ​សិលាចារឹក​ប្រាសាទ​នេះ​សរសេរ​ថា សាង​ទ្បើ​ង​នៅ​ឆ្នាំ​៩៦៧​នៃ​គ​.​ស ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ​នៃ​សា​សា​នា​ព្រាហ្មណ៍ នៅ​ក្នុងស្រុក​មួយ​ដែល​មានឈ្មោះ «​ស្រី​ឦ​ស្វរ​បុ​រ​» ប្រែ​ថា «​បុរី​ដែល​ជាទី​ឋាន​របស់​ឥសូរ​» ។

ប្រាសាទបន្ទាយស្រី​មាន​រាង​តូច​ច្រឡឹង លម្អ​ដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អិត​ឆ្មារ​ដ៏​ស្រស់​ស្អាត​នៅ​លើ​ផ្ទាំង​ថ្ម​ព​ណ៌‌​ផ្កាឈូក ។ មិនតែប៉ុណ្ណោះ​មាន​ចម្លាក់​ផ្កា​ភ្ញី និង​រឿង​ទេវ​កថា ផ្សេង​ៗ​ទាក់ទង​នឹង​ព្រះ​ឥសូរ ព្រះ​នារាយណ៍ រឿង​រាមកេរ្តិ៍ រឿង​មហាភារត​ជាដើម​យ៉ាង​រស់​រវើក​នៅ​លើ​ផ្តែរ និង​ហោរ​ជាង​ផង​ដែរ ។

ប្រាសាទបន្ទាយស្រី​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ចម្ងាយ​៣៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីរួមខេត្ត​សៀមរាប និង​មាន​ចម្ងាយ​៣២​គីឡូម៉ែត្រ ពី​ប្រាសាទអង្គរវត្ត​តាម​ផ្លូវ​ឆ្ពោះទៅ​ភ្នំ​គូលែន ។ រចនាសម្ព័ន្ធ​ប្រាសាទ​សង់​ឡើង​ពី​ថ្មភក់​ពណ៌​ផ្កាឈូក និង​ឥដ្ឋ​រាង​៤​ជ្រុង​ទ្រវែង​លើ​ដី​រាបស្មើ មាន​គូ​ទឹក​ព័ទ្ធ​ជុំវិញ ហើយ​មាន​តួ​ប្រាង្គ​បី​សង់​លើ​ខឿន​តែ​មួយ បែរមុខ​ទៅ​ទិស​ខាងកើត ដោយ​ប្រាង្គ​កណ្តាល​ឧទ្ទិស​ថ្វាយ​ព្រះ​ឥសូរ​ក្រោម​រូប​ស្នង​ជា​សិវលិង្គ ខាងត្បូង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះព្រហ្ម និង​ខាងជើង​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​នារាយណ៍ ។

ប្រាសាទបន្ទាយស្រី​ត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ដោយ​អ្នក​អភិរក្ស​ជាតិ​បារាំង​នៅ​ឆ្នាំ​១៩១៦ ហើយ​ចាប់ពី​ឆ្នាំ​១៩២៤​មក សាលា​បារាំង​ចុង​បូព៌​៌ា (EFEO) បាន​ត្រួស​ត្រាយព្រៃ និង​ចាប់ផ្តើម​សិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ ។ នៅ​ឆ្នាំ​១៩៣១-១៩៣៦ ការ​ជួសជុល​លើក​ដំបូង​តាម​បច្ចេកទេស​អាណា​ស្ទី​ឡូ ដឹកនាំ​ដោយ​លោក Henry Marchal ដោយ​យក​លំនាំ​តាម​ការ​ជួសជុល​ប្រាសាទ​Prambanan​កោះ​ជ្វា​កណ្តាល​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ការ​ជួសជុល​ពេល​នោះ គឺ​ធ្វើ​ឡើង​ទៅ​លើ​ប្រាសាទ​កណ្តាល និង​រចនាសម្ព័ន្ធ ខ្លះ​ៗ តែ​នៅ​មាន​រចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​បាន​ជួសជុល ហើយ​ទាមទារ​ការ​អភិរក្ស​ជួសជុល​ជា​បន្ត​ទៀត ។

ចាប់ពី​ឆ្នាំ​១៩៩៤​មក អាជ្ញាធរ​ជាតិ​អប្សរា​ដែល​មាន​ភារកិច្ច​ថែរក្សា គ្រប់គ្រង រៀបចំ​តំបន់​រមណីយដ្ឋាន​អង្គរ ក៏​បាន​ជួសជុល​និង​អភិរក្ស​ប្រាសាទបន្ទាយស្រី​ដោយ​អ្នកជំនាញ​ខ្មែរ ដូច​ជា​រៀបចំ​គំនរ​ថ្ម ផ្តែរ ហោរ​ជាង​ដែល​ធ្លាក់​រប៉ាត់រប៉ាយ​ឱ្យ​មាន​រៀប​រៀបរយ ជួសជុល​ខ្លោងទ្វារ បោចស្មៅ​លើ​ប្រាសាទ ថែរក្សា​បរិស្ថាន​ជាដើម​។ លើស​ពី​នេះ​បាន​រៀបចំ​ទិស​ដៅ​ទស្សនា អាហារ​ដ្ឋា​ន កន្លែង​លក់ដូរ ចំណត​យានយន្ត​គ្រប់​ប្រភេទ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ បញ្ជរ​ទទួលភ្ញៀវ កន្លែង​សង្គ្រោះ​បឋម​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ និង​បង្កើត​ក្រម​ប្រតិបត្តិ​អង្គរ​ឱ្យ​ភ្ញៀវ​គោរព​តាម​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត មាន​ផ្លូវ​ខ្វាត់ខ្វែង​អម​ដោយ​ទេសភាព​ពណ៌​បៃតង​ស្រស់បំព្រង​នា​រដូវវស្សា ពិតជា​គួរ​ឱ្យ​គយគន់​និង​ផ្តិត​យក​រូបភាព​ទុក ។

ចំពោះ​កន្លែង​ទស្សនា​វិញ ក្រៅពី​មាន​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​វិសេសវិសាល និង​មាន​ភាព​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​នោះ អ្នកទេសចរ​ប្រហែល​មិនដឹង​ទេ​ថា នៅ​ទីនោះ​មាន​កន្លែង​ទស្សនា​ជា​ច្រើន ដូច​ជា​កន្លែង​តាំងពិព័រណ៍ ដែល​មាន​តាំង​បង្ហាញ​ពី​ការ​រុករក​ឃើញ​ប្រាសាទ ការ​ធ្វើ​កំណាយ​ជាដើម ។ នៅ​មាន​កន្លែង​មើល​សត្វ ជិះទូក​កម្សាន្ត ស្ទូចត្រី ទស្សនា​ធម្មជាតិ​ថែម​ទៀត ។ ចំណុច​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​បុរាណ​ដ្ឋា​ន​ប្រាសាទបន្ទាយស្រី​ទទួល​បានការ​ទាក់ទាញ ការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​អ្នកទេសចរ​ជាតិ​-​អន្តរជាតិ បើ​ទោះបី​ប្រាសាទ​មាន​បរិវេណ​តូច​ចង្អៀត​ក៏​ដោយ ។

បើ​តាម​ការ​បញ្ជាក់​ពី​កន្លែង​បញ្ជរ​លក់​សំបុត្រ​បាន​ប្រាប់​ថា ក្នុង មួយ​ថ្ងៃ​ៗ​នៃ​រដូវ​ភ្ញៀវ​ឡើង គឺ​មាន​អ្នក​ចូល​ទស្សនា​ប្រាសាទបន្ទាយស្រី​ចន្លោះ​ពី​១០០០​ទៅ​២០០០​នាក់ ឯ​រដូវ​ភ្ញៀវ​ធ្លាក់​ចុះ គឺ​មាន​ចន្លោះ​ពី​៨០០​ទៅ​ជាង​១.០០០​នាក់ ។ ទន្ទឹម​នឹង​ការ​មាន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ច្រើន​ដូច្នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ដាក់​ភ្នាក់ងារទេសចរណ៍ និង​បុគ្គលិក​ផ្នែក​វប្បធម៌​ឱ្យ​នៅ​ចាំ​មើល​ភ្ញៀវ​ផង​ដែរ ក្រែងលោ​ភ្ញៀវ​ប្រព្រឹត្ត​ខុសឆ្គង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ ឬ​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ខ្លួនឯង​ផ្ទាល់ ព្រមទាំង​ជួយ​សម្រួល​ដល់​កិច្ច​មួយ​ចំនួន​ដល់​ភ្ញៀវ​ផង​ដែរ​ដូច​ជា ណែនាំ​ភ្ញៀវ ជួយ​សង្គ្រោះ​ភ្ញៀវ​ជាដើម ។

បើ​តាម​លោក​ហ៊​ន ស្រស់ បុគ្គលិក​នៃ​នាយកដ្ឋាន​វប្បធម៌​បាន​ប្រាប់​ថា ភ្ញៀវ​ភាគច្រើន​ដែល​មក​ទស្សនា​នៅ​ទី​នេះ គឺ​ជនជាតិ​ចិន ហើយ​បញ្ហា​ប្រឈម​ដែល​ភ្ញៀវ​តែ​ប្រព្រឹត្ត គឺ​ការ​ស្លៀកពាក់​សិច​ស៊ី ដែល​ការ​ទប់ស្កាត់​ដំបូង ពួក​គាត់​មានការ​មិន​ពេញចិត្ត​ច្រើន តែ​ក្រោយមក​គឺ​មិនជា​បញ្ហា​អី​ទេ ព្រោះ​ពួក​គាត់​បាន​យល់​ពី​ការ​ផ្សព្វផ្សាយ​។ ចំណែក​បញ្ហា ផ្សេង​ៗ គឺ​មានការ​មិន​បិទ​ឆត្រ ការ​ប៉ះពាល់​រូបចម្លាក់​តិចតួច តែ​ក៏​មានការ​អន្តរាគមន៍ និង​ចូលរួម​អនុវត្ត​តាម​បាន​យ៉ាង​ល្អ​ដែរ ៕