ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្ស០២នាក់បានស្លា.ប់នៅកន្លែងកើតហេតុនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូនិងរថយន្ត កាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃទី០៦ កុម្ភ: នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខណ:ភាគីទាំង០២ធ្វើដំណើរក្នុងគោលដៅផ្ទុយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តនិងអ្នកជិះម៉ូតូ បានធ្វើដំណើរក្នុងគោលដៅផ្ទុយគ្នាពីកើតទៅលិច ហើយពេលមកដល់ចំណុចកើតហេតុខាងលើ ភាគីម៉ូតូដែលជិះឌុបគ្នា០២នាក់បងប្អូន បានជិះបត់ឆ្វេង ស្របពេលរថយន្តមកពីមុខក៏បុកម៉ូតូពេញទំហឹងតែម្ដង ។ ប្រភពដដែលបានឲ្យដឹងទៀតថា អ្នកជិះម៉ូតូទាំង០២នាក់បងប្អូនបានស្លាប់ រីឯរថយន្តបានរេចង្កូតជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងខូចខាតខ្ទេចខ្ទីគ្មាន រហូតរថយន្តក្រឡាប់ផ្ងាជើង ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះ មុត ស៊ីនហួរ ភេទប្រុស អាយុ៣២ឆ្នាំ និង២-ឈ្មោះ មុត ដំណែង ភេទប្រុស អាយុ១២ឆ្នាំ ជាបងប្អូនបង្កើត និងជាយុវសិស្ស រស់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ។ ដោយឡែក រថយន្តម៉ាកHYUNDAI MIGHTY ប្រភេទដឹកទំនិញ ពាក់ស្លាកលេខកំពង់ចាម 3A-7359 បើកបរដោយឈ្មោះលី វៃ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបរ រស់នៅភូមិសាលាបាឡាត់សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
ក្រៅពីបុកអ្នកជិះម៉ូតូស្លាប់០២នាក់បងប្អូន រថយន្តនេះបានរេចង្កូតទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ១.ទំហំ៧ម៉x៨ម៉ ធ្វើពីដែកប្រកស័ង្ហសី របស់ឈ្មោះសេន ច្រេះ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ បណ្តាលឲ្យខូចខាតទាំងស្រុង និង២-ទំហំ៤ម៉ x ១០ម៉ ធ្វើពីដែកប្រក់ស័ង្កសីរបស់ឈ្មោះ សួន សៀបភេទ ស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូរបណ្តាលឲ្យខូចខាតទាំស្រុង ។ បន្ទាប់ពីបុកមនុស្សស្លាប់ បុកសំយ៉ាបផ្ទះគេខូចខាតអស់០២ខ្នង រថយន្តក៏ក្រឡាប់ផ្ងាជើងតែម្ដង ។
ក្រោយចុះពិនិត្យកន្លែងកើតហេតុ និងយោងតាមការបំភ្លឺនានាពីអ្នកឃើញហេតុការណ៍សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាបឋមថា ឧប្បត្តិហេតុនេះ កើតឡើងដោយសារតែភាគីម៉ូតូខ្វះការប្រុងប្រយ័ត្នពេលជិះបត់ប្ដូរទិសដៅ ទើបត្រូវរថយន្តដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹង បណ្ដាលឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
បច្ចុប្បន្ន ទាំងរថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញចរាចរនៃស្នងការដ្ឋានខេត្តយកទៅរក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
ចែករំលែកព័តមាននេះ