ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២០ តុលា ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ រួមជាមួយលោកអភិបាលស្រុក, លោកមេឃុំ, លោកមេភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ជូនដល់ស្ត្រីរងគ្រោះម្នាក់ ដែលបានរលាកទឹកសម្លរកំពុងពុះ ក្នុងពេលគាត់ងងឹតមុខដួល បណ្តាលឱ្យគាត់ត្រូវប៉ះពាល់ដល់សុខភាព មិនមានកម្លាំងកាយគ្រប់គ្រាន់ ចេះតែខ្សោយទៅៗមកដល់សព្វថ្ងៃនេះ ។
ស្ត្រីរងគ្រោះខាងលើ មានឈ្មោះលី សេងមួយ អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងប្ញស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បានរបួសរលាកទឹកសម្លរកន្លងមក បណ្តាលឱ្យនៅពិការភាព មិនអាចប្រកបមុខរបរបាន ហើយត្រូវចិញ្ចឹមម្តាយចាស់ជរាម្នាក់ទៀតផង។
អំណោយដែលត្រូវផ្តល់ជូនរួមមាន អង្ករ៥០គីឡូក្រាម, មី១កេះ, ទឹកសុទ្ធ២កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខ១០កំប៉ុង, មុង១, ភួយ១, កន្ទេល១, ខ្នើយ១, កាធុន១, ឆ្នាំងបាយ១, កំសៀវទឹក១, សូទឹកកក១, ចានស្រាក់១, កាទឹក១, កន្ថោ១, និងថវិកា១០ម៉ឺនរៀល ។
គួររំលឹកថា ស្ត្រីម្នាក់ឈ្មោះលី សេងមួយ អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងប្ញស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បានដួលងងឹតមុខលើឆ្នាំងសម្លរកំពុងតែពុះ បណ្តាលឱ្យរងរបួសរលាករលេះរលួយពេញខ្លួនប្រាណ ដោយសារតែស្ថានភាពជីវភាពក្រីក្រខ្វះខាតលុយសម្រាប់ព្យាបាលនោះ ក៏ត្រូវលោកអ៊ំជាមេឃុំរកាពប្រាំ បានស្នើសុំទៅលោកប្រធានកាកបាទក្រហមស្រុកត្បូងឃ្មុំ កាលពីវេលាព្រឹកថ្ងៃទី១៦ តុលា ២០១៥ ដើម្បីសុំជួយឧបត្ថម្ភថវិកាសំរាប់ព្យាបាល ដែលកំពុងមានសភាពធ្ងន់ធ្ងរដេកនៅលើគ្រែតែប៉ុណ្ណោះ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថា កាលពីថ្ងៃទី១០ តុលា ២០១៥ កន្លងទៅ ស្ត្រីររងគ្រោះបានរៀបចំដាំបាយ និងសម្លរមួយឆ្នាំងសម្រាប់យកទៅប្រគេនដល់ព្រះសង្ឃក្នុងរដូវភ្ជុំបិណ្ឌ ប៉ុន្តែចៃដន្យស្ត្រីឈ្មោះមួយ បានងងឹតមុខ ជាហេតុបណ្តាលឱ្យដួលទៅលើឆ្នាំសម្លកំពុងតែពុះ បណ្តាលឱ្យរលាកក្តៅក្រហល់ក្រហាយស្រែកទ្រហោយំ ហើយក៏ខកខានទៅវត្ត ។
លោកបន្តថា ដោយសារតែជីវភាពក្រីក្រ ស្ត្រីរងគ្រោះនេះមិនមានថវិកាសម្រាប់ទៅព្យាបាលនៅមន្ទីរពេទ្យទេ គឺបានសំងំនៅផ្ទះហើយរហូតមកដល់ព្រឹកថ្ងៃទី១៦ តុលា ស្ថានភាពរលាកទឹកសម្លនោះកាន់តែធ្ងន់ធ្ងរទៅៗ ។ ដោយឃើញបែបនេះ ទើបលោកមេឃុំរកាពប្រាំបានសសេរលិខិតមួយច្បាប់ មកកាន់ប្រធានកាកបាទក្រហមស្រុកត្បូងឃ្មុំ ដើម្បីឱ្យជួយអន្តរាគមន៍ផ្តល់ជាថវិកា ។
លោកអ៊ុំ ជាមេឃុំរកាពប្រាំបានប្រាប់ថា ក្រោយពីរលាកពេញខ្លួន ត្រូវបានអ្នកភូមិជួយបញ្ជូនទៅមណ្ឌលសុខភាព រួចបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសម្រាកបានតែ១ថ្ងៃ ក៏បញ្ជូនត្រឡប់មកផ្ទះវិញ ព្រោះមិនមានអ្នកណាម្នាក់នៅកំដរ ។ ដោយរាល់ថ្ងៃបានពេទ្យមណ្ឌលសុខភាពរកាពប្រាំជួយព្យាបាល និងឃើញពីការលំបាកពេក ត្រូវអាជ្ញាធរបានជួយរាយលុយពីអ្នកភូមិជាង១០ម៉ឺនរៀល យកទៅជូនសម្រាប់ចំណាយលើថ្នាំសង្កូវ ។
ចែករំលែកព័តមាននេះ