រាជធានីភ្នំពេញ ៖ ក្រពេញទីរ៉ូអីុតមានរាងដូចមេអំបៅ ស្ថិតនៅផ្នែកខាងមុខ និងខាងក្រោមនៃក ។ វាមានមុខងារបញ្ចេញអ័រម៉ូនទីរ៉ុកស៊ីន (Thyroxine) សម្រាប់បង្កើនការបំប្លែងសារធាតុចិញ្ចឹម ការសំយោគ និងប្រតិកម្មប្រូតេអីុនរបស់សរីរាង្គរំញោច ការកន្ត្រាក់របស់សាច់ដុំបេះដូង និងប្រដាប់រំលាយអាហារ ។ ដកស្រង់ប្រសាសន៍លោកសាស្ត្រាចារ្យ សុខ បូរី ឯកទេសវះកាត់ក្រពេញទីរ៉ូអីុតវះកាត់ជំងឺពកបានបង្ហាញ ។
ក-មន្ទីរពេទ្យកាល់ម៉ែតបានធ្វើការកត់សម្គាល់ថា ដុំពកក្រពេញទីរ៉ូអីុត ឬជំងឺពក.ក ជាអ្វី ? គឺជាការរីកធំខុសពីធម្មតារបស់ក្រពេញទីរ៉ូអីុតដែលអាចមាន៖
-ដុំតែមួយនៅក្នុងក្រពេញ (Goitre nodulaire)
-ច្រើនដុំនៅក្នុងក្រពេញ (Goitre multi nodulaire)
-រីកក្រពេញទាំងមូល (Goitre diffus) ការរីកដុំក្រពេញនេះជាសញ្ញាបញ្ជាក់ថាអាចមាន ៖
-វិបត្តិនៃការបញ្ចេញអ័រម៉ូន (Dysthyroïdie)
-ការរលាកក្រពេញ (Thyroïdites)
-ដុំពកស្លូត ឬកាច (Tumeur bénigne ou maligne)
-ការរីកធម្មតារបស់ក្រពេញ (Goitre Simple)
ខ-រោគសញ្ញានៃការរីកក្រពេញ ៖
ក្រៅពីការរីកធំរបស់ក្រពេញ រោគសញ្ញាអាចមានច្រើន តែក្នុងករណីនៃការកើនលើសធម្មតារបស់អ័រម៉ូន ដែលអាចមានដូចជា ញ័រទ្រូង ញ័រដៃ បេះដូងដើរញាប់ គេងមិនលក់ មួម៉ៅ ឆាប់ហត់ កើនកម្ដៅក្នុងខ្លួន ។ល។ ក្នុងករណីខ្លះ ការបញ្ចេញអ័រម៉ូនធម្មតា តែដោយសារដុំក្រពេញរីកធំខ្លាំង ធ្វើឲ្យមានវិបត្តិក្នុងការដកដង្ហើមឬការលេបអាហារ ។ គេបែងចែកដុំពកក្រពេញជាបីប្រភេទទៅតាមការបញ្ចេញរបស់អ័រម៉ូន ៖
-ដុំពកក្រពេញដែលបញ្ចេញអ័រម៉ូនលើសពីធម្មតា(Hyperthyroïdie)
-ដុំពកក្រពេញបញ្ចេញអ័រម៉ូនធម្មតា (Goitre avec euthyroïdie)
-ដុំពកក្រពេញបញ្ចេញអ័រម៉ូនតិចជាងធម្មតា(Hypothyroïdie) ដូច្នេះនៅពេលដែលមានដុំពកនៅក្នុងក្រពេញទីរ៉ូអីុត គ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់ថាតើនៅក្នុងក្រុមណាមួយដើម្បីធ្វើការព្យាបាល ឬតាមដានការវិវត្តរបស់ជំងឺ ។
គ-ការវិវត្តរបស់ដុំពកក្រពេញ ៖
ការវិវត្តរបស់ដុំពកក្រពេញ គឺអាចវិវត្តន៍ពីដុំពកអ័រម៉ូនធម្មតាទៅជាការបញ្ចេញអ័រម៉ូនលើសធម្មតា ឬក៏វិវត្តន៍ទៅរកដុំមហារីក ។ ដុំពកក្រពេញទីរ៉ូអីុត អាចនឹងវិវត្តន៍ទៅរកដុំកាច គ្រាន់តែភាគរយតិច ឬច្រើនប៉ុណ្ណោះ ជាពិសេសដុំពកដែលមានអ័រម៉ូនធម្មតា ឬតិចអាចមានភាគរយវិវត្តន៍ទៅរកមហារីកក្នុងកម្រិតភាគរយច្រើនជាងគេ ។
ឃ-ការព្យាបាល ៖
ក្នុងការព្យាបាលដុំពកក្រពេញទីរ៉ូអីុត គឺគ្រូពេទ្យត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ថាតើវាជាប្រភេទដុំពកណាមួយ ហើយយើងត្រូវធ្វើការតាមដានបន្ត ឬត្រូវព្យាបាលដោយថ្នាំ ឬក៏ត្រូវធ្វើការវះកាត់ក្នុងលក្ខខណ្ឌចាំបាច់ផ្សេងៗ ឬសង្ស័យថាជាដុំមហារីក។ ក្នុងករណីមហារីកក្រពេញទីរ៉ូអីុតដែលពុំទាន់រីករាលដាល បើយើងធ្វើការវះកាត់បានទាន់ពេលវេលា គឺអាចទទួលបានអត្រាជាសះស្បើយខ្ពស់។ «បើសិនជាបងប្អូនមានបញ្ហាដុំពកក្រពេញទីរ៉ូអីុត (ពកក) សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដែលរួមមានជំនាញជំងឺក្រពេញ ជំនាញវិភាគកោសិកា និងឯកទេសជំនាញវះកាត់ផ្នែកក្រពេញទីរ៉ូអីុត ជាមួយបទពិសោធន៍ខ្ពស់ច្រើនឆ្នាំ»៕
ចែករំលែកព័តមាននេះ