ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌដង្កោ​ជិត​២០០​គ្រួសារ ត្រូវ​ជម្លៀស​ពី​ទឹកជំនន់ !


រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​២០០​គ្រួសារ​រស់នៅ​សង្កាត់​ផ្សេង​ៗ​គ្នា ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព បន្ទាប់​ពី​ទឹកជំនន់​ដងស្ទឹង​ព្រែក​ត្នោត ដែល​ហូរ​ធ្លាក់​ពី​ខេត្តកំពង់ស្ពឺ បាន​វាយលុក​តំបន់​រស់នៅ​របស់​គាត់ ហើយ​។ ទឹកជំនន់​នេះ បាន​ហូរ​ច្រោះ​ទំនប់​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខណ្ឌដង្កោ បណ្តាល​ឲ្យ​ផ្លូវ​មួយ​ខ្សែ ជាប់​ទំនប់​ស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ភូមិ​សិលា សង្កាត់​ទៀន ត្រូវ​បាន​ទឹក​ហូរ​កាត់​ផ្តាច់ មិន​អាច​ធ្វើ​ចរាចរ​បាន​ឡើយ ។

ក្នុង​ស្ថានភាព​ទឹក​បែប​នេះ គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក៏​បាន​ដឹកនាំ​ក្រុមការងារ យក​គ្រឿងចក្រ​ចំនួន​២​គ្រឿង កាយ​បើកមុខ​ទឹក និង​ទប់​ទំនប់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ផ្លូវ​បាក់​កាន់តែ​ខ្លាំង ដើម្បី​បញ្ចៀស​ទឹក​កុំ​ឲ្យ​ហូរ​ចូល​ភូមិ និង​ផ្ទះ​ប្រជាពលរដ្ឋ​បន្ត​ទៅ​ទៀត ។ យោង​តាម​របាយការណ៍​ពី​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៧០​គ្រួសារ ក្នុង​សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម គង​ណ​យ រលួស ព្រែក​កំពឹស សាក់​សំពៅ ដង្កោ ក្រាំង​ពង្រ និង​សង្កាត់​ព្រៃ​ស ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

របាយការណ៍​ដដែល បាន​បញ្ជាក់​ថា ស្ថានភាព​ទឹក​ហូរ​ខ្លាំង​បាន​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ កំពុង​រង​ការ​ប៉ះពាល់​ខ្លាំង ដែល​តម្រូវ​ឲ្យ​មានការ​ទំនុកបម្រុង​សម្ភារ​ចាំបាច់​មួយ​ចំនួន​ជា​បន្ទាន់ ។ ក្នុង​ពេល​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​តាម​បណ្តោយ​ផ្លូវ​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០១៦​នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័​រៀបចំ​ប្រព័ន្ធ​ការពារ និង​កាយ​ទំនប់​មួយ​ចំនួន ដើម្បី​សង្គ្រោះ​លំនៅ​ឋាន និង​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ។

លោក ប៉ា សុ​ជាតិ​វង្ស បាន​បញ្ជាក់​ថា ស្ថានភាព​ជំនន់​បែប​នេះ​យើង​មិន​អាច​ទប់ស្កាត់​បាន​នោះ​ទេ ប៉ុន្តែ​បញ្ហា​ដែល​ត្រូវ​គិតគូរ គឺ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ។ អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ជូន​ភ្លាម​ៗ​ចំពោះ​គ្រួសារ​ពលរដ្ឋ​ណា​ដែល​ជួប​ការ​លំបាក​ខ្លាំង ដោយ​ផ្តល់​ឲ្យ​ពួក​គាត់​នូវ​ចំណីអាហារ​ដូច​ជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​តង់​សម្រាប់​ធ្វើ​ជម្រក​ស្នាក់​នៅ​បណ្តោះអាសន្ន ។ លោក ប៉ា សុ​ជាតិ​វង្ស បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព ដោយ​ស្ថានភាព​ទឹកជំនន់​នេះ​នៅ​តែ​បន្ត​ការ​គម្រាមកំហែង​ទៀត​នោះ  ហើយ​អាជ្ញាធរ ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ស្ទឹង​ព្រែក​ត្នោត ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ពី​សុវត្ថិភាព និង​ព្រ​ទ្យ​សម្បត្តិ​របស់​ពួក​គាត់​ផង​ដែរ​។

លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​ស្ថានភាព​ទឹក​នៅ​តំបន់​នោះ មិន​ទាន់​ធ្ងន់ធ្ងរ​នៅឡើយ ប៉ុន្តែ​ក្រុមការងារ​កំពុង​បន្ត​យ៉ាង​មមាញឹក ក្នុង​ការ​ទប់ទឹក ជា​ពិសេស​ត្រៀមចាំ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​តែ​ម្តង ។ ចំណែក​មន្ទីរ​ធនធានទឹក រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជំនន់​ស្ទឹង​ព្រែក​ត្នោត អាច​បន្ត​គម្រាមកំហែង ភូមិឋាន និង​ដំណាំ​របស់​អ្នកស្រុក ដែល​រស់នៅ​តាម​បណ្តោយ​ស្ទឹង ហើយ​តំបន់​ដែល​រង​ការ​គម្រាមកំហែង គឺ​ក្នុងភូមិ​សាស្ត្រ​មួយ​ចំនួន​នៃ​ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ៕

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ