រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦ តុលា ប្រជាពលរដ្ឋរស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលនូវអំណោយជាសម្ភារៈគ្រឿងឧបភោគ-បរិភោគមួយចំនួន ដែលអំណោយទាំងអស់នេះ ជាការរៀបចំពីសំណាក់អង្គការ «ខ្ញុំខ្មែរ»សហការជាមួយតារាចម្រៀងមួយចំនួន ។
ពិធីនេះ មានក្រុមការងារអង្គការ «ខ្ញុំខ្មែរ» និងតារាចម្រៀងមួយចំនួន ព្រមទាំងឌីជេ មានលោកមាស សាលី, ឌីជេក្លាំ ព្រមទាំងអាជ្ញាធរដែនដីក្នុងសង្កាត់ខណ្ឌខាងលើ និងប្រជាពលរដ្ឋក្រីក្ររស់នៅទីតាំងនោះ ។ ចំពោះសម្ភារគ្រឿង ឧបភោគ-បរិភោគទាំងអស់នេះ ជាការគិតគូរ និងស្វះស្វែងជួយពីអង្គការខ្ញុំខ្មែរ ដែលតែងតែយកចិត្តទុកដាក់គៀងគង រកជំនួយជួយដល់ប្រជាជនកម្ពុជាទីទាល់ក្រ ។ ដោយតែងតែចុះជួយប្រាប់ដំណឹងដល់បងប្អូន ក្នុងនិងក្រៅស្រុកជាពិសេសដល់បងប្អូនរស់នៅប្រទេសកូរ៉េ ជាពលករខ្មែរនៅទីនោះ បានជួយសហការទ្រទ្រង់ឲ្យមានដំណើរការទៅមុខជាលំដាប់។
លោកឌីជេក្លាំ ដែលចូលរួមជាមួយកម្មវិធីចែកអំណោយជាមួយអង្គការខ្ញុំខ្មែរបានឱ្យដឹងថា លោកសប្បាយចិត្ត ដែលបានចូលរួមជួយការងារសង្គម ជាមួយអង្គការខ្ញុំខ្មែរខាងលើនេះ ដែលរមែងគិតគូរកជំនួយជួយប្រជាជនក្រីក្រទីទ័ល នៅពេលដឹងថាអត់ និងខ្សត់ខ្សោយ។
បើទោះជាអំណោយទាំងនេះតិចតួច តែក៏ជាសញ្ញាមួយល្អក្នុងនាមខ្មែរជួយខ្មែរ ទោះជាខ្មែរយើងនៅដល់ស្រុកគេ ក៏មិនដែលមើលរំលងពីភាពលំបាកទាំងអស់នេះ ដែលមានអ្នកក្រីក្រនៅក្នុងសង្គមកម្ពុជាយើងដែរ ។ លោករំពឹងថា នៅថ្ងៃក្រោយអង្គការខ្ញុំខ្មែរនៅតែមានរូបភាពជួយសង្គមយើងជាបន្តទៀត ហើយនឹងចុះចែកអំណោយជូនដល់បណ្តាតំបន់ផ្សេងៗទៀតទាំងក្រុង និងតាមបណ្តាខេត្តនានា។
លោកសិរី លុច្ស ដែលជាតារាចម្រៀងម្នាក់ដែលពីមុនជាពលករខ្មែរនៅកូរ៉េ បានចុះមួយជួយចែកអំណោយជាមួយអង្គការខ្ញុំខ្មែរបានប្រាប់ពីទឹកចិត្តរីករាយថា លោកពិតជាមានទឹកចិត្តចង់ជួយដល់អង្គការខ្ញុំខ្មែរ ដែលជានិច្ចកាលតែងតែជួយដល់ជនទីទ័លក្រដល់ដៃពលរដ្ឋពិតៗ ហើយលោកនិងខិតខំរៃអង្គាសប្រាក់ពីបងប្អូនពលករនៅកូរ៉េជួយដល់សង្គមខ្មែរពិសេសជនក្សត់ខ្សោយក្នុងនាមខ្មែរស្រឡាញ់ខ្មែរ ទោះជាពេលនេះ យើងនៅឆ្ងាយស្រុកក៏តែងតែនឹកដល់ប្រទេសកំណើតដែរ។
ចែករំលែកព័តមាននេះ