ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ដី​បុក​ម៉ូតូ​ស្លា.ប់​និង​របួស ហើយ​រត់​គេច​ខ្លួន

1 ឆ្នាំ មុន
  • រតនគិរី

រថយន្ត​ដឹក​ដី​១​គ្រឿង​របស់​ក្រុមហ៊ុន​ចម្ការ​ចេកអំបូង​ក្រហម ហ័​ង​អញ់់​យ៉ា​ឡាយ បាន​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​​ទៀត​រង​របួសធ្ងន់ ហើយ​បាន​បើក​រត់​បាត់ កាលពី

ខេត្តរតនគិរី ៖ រថយន្ត​ដឹក​ដី​១​គ្រឿង​របស់​ក្រុមហ៊ុន​ចម្ការ​ចេកអំបូង​ក្រហម ហ័​ង​អញ់់​យ៉ា​ឡាយ បាន​បុក​ម៉ូតូ​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​​ទៀត​រង​របួសធ្ងន់ ហើយ​បាន​បើក​រត់​បាត់ កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២២ ។ គ្រោះថ្នាក់​នេះ កើត​មាននៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ មុខ​តូប​ជាង​ម៉ូតូ​ឈ្មោះ ម៉ា​ន ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៧១-២៧២ ស្ថិត​ក្នុងភូមិ​ដី​ឡូត៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា រថយន្ត​ដឹកដី​ដែល​បុក​ម៉ូតូ​នេះ គេ​សង្ស័យ​ថា​មាន​ថៅកែ​រួម​ដំណើរ​ជាមួយ​ផង​ដែរ ទើប​​បញ្ជា​ឱ្យ​អ្នកបើកបរ​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​ដោយ​មិន​ចង់​ទទួលខុសត្រូវ ។ ប៉ុន្តែ ទោះបី​រថយន្ត​ខំ​បើក​រត់គេច​យ៉ា​ណា​ក្តី ក៏​ត្រូវ​កម្លាំង​នគរបាល​ស្រុក​លំ​ផាត់ តាម​ចាប់​បាន​ដែរ ​ហើយ​នាំ​ទាំង​រថយន្ត​និង​អ្នកបើកបរ​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹក​ដីម៉ា​កស្កែ​ន​នៀ ពណ៌​ស ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ ៣A-៣២៧៦ បើកបរ​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ដោយ​មាន​រថយន្ត​កាម​រី​មួយ​គ្រឿង​ចត​នៅ​ពីមុខ ក៏​ងាកក្បាល​ជ្រុល​ឆ្លង​គំនូស​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បុក​ម៉ូតូ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​តែ​ម្តង ។

កម្លាំង​នគរបាល​ស្រុក​លំ​ផាត់ ដឹកនាំ​ដោយ​វរសេនីយ៍ឯក ក្លុ​ល ថើ​ង និង​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​នៃអយ្យការ​អ​សាលាដំបូង​ខេត្ត​ផង​នោះ បាន​តាម​ប្រមាញ់​និង​ស្រាវជ្រាវ​លើ​ចម្ងាយ​ផ្លូវ​ពី​កន្លែង​កើតហេតុ​ជាង​ដប់​គីឡូម៉ែត្រ ក៏​ប្រទះ​ឃើញ​រថយន្ត​ចត​លាក់​ទុក​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​បរិវេណ​ដី​ក្រុមហ៊ុន​ជីក​យក​ថ្ម​ម៉ា​ប ទើប​ធ្វើការ​រឹបអូស​យក​មក​ក្សា​ទុក ។

ទាំង​អ្នកបើកបរ ​និង​ថៅកែ​ដែល​រួម​ដំណើរ​ត្រូវ​បាន​ឃាត់ខ្លួន​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ដើម្បី​សាក​សួរ ។ អ្នកបើកបរ​ឈ្មោះ ថុ​ល លី​ណេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ឱ្យ​ក្រុមហ៊ុន​ចម្ការ​ចេក​មានស្រុក​កំណើត​នៅ​ភូមិ​រមូល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ ខុ​ម សុ​ឃា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ថៅកែ​រថយន្ត​ដឹក​ដី​ឱ្យ​ក្រុមហ៊ុន​ចម្ការ​ចេក និង​មានស្រុក​កំណើត​នៅ​ភូមិ​៥៥ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

រីឯ​អ្នក​ជិះ​ម៉ូតូ​ដែល​រង​គ្រោះ អ្នក​ដែល​ស្លា.ប់ឈ្មោះ ធៀង មៀង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ឡាវ​សញ្ជាតិ​ខ្មែរ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ឈូក ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ជា​អ្នកបើកបរ​ម៉ូតូ បាន​បាក់​ភ្លៅ​ឆ្វេង​បាក់​.កដៃ​ឆ្វេង ខ្ទេច​ក្បាល និង​ផ្ទៃមុខ ។ ចំណែក​អ្នក​រួម​ដំណើរ​ដែល​របួសធ្ងន់​ឈ្មោះ ដុំ ឆវី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ឡាវ​សញ្ជាតិ​ខ្មែរ ជា​របរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ-ឃុំ​ជាមួយ​គ្នា បាក់​ភ្លៅ​ខាងឆ្វេង​បាក់​ដើមដៃ​ឆ្វេង ឈាម​ហូរ​តាម​ត្រចៀក និង​តាម​ច្រមុះ ។

រីឯ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​វ៉េវ​អាល់​ហ្វា ដែល​ពលរដ្ឋ​តំបន់​នោះ​ហៅ​ថា ​ម៉ូតូ​ឆ្លាម អត់​មានផ្លា​ក​លេខ បាន​ខូច​ខាត​ទាំងស្រុង រួម​ទាំង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំ​ផាត់ ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ