ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារតាមរោងចក្រសហគ្រាស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​ពាក់ព័ន្ធ​ចំនួន​៣ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង សាកល្បង​លើកកម្ពស់​សុខភាព អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក និង​កុមារ នៅ​តាម​រោងចក្រ​សហគ្រាស (MUSEFO)…

រាជធានី​ភ្នំពេញ ៖ ភាគី​ពាក់ព័ន្ធ​ចំនួន​៣ បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង សាកល្បង​លើកកម្ពស់​សុខភាព អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក និង​កុមារ នៅ​តាម​រោងចក្រ​សហគ្រាស (MUSEFO) ។

ការ​អនុវត្ត​គម្រោង​នេះ​ធ្វើ​ឡើង ដោយ​មានការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មាន​សុពលភាព រយៈពេល​១៥​ខែ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ឯកឧត្តម​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​លោកស្រី​បណ្ឌិត ហ្គ្វី​ណេ​ត ខុ​ត​ស៍ (Gwyneth Cotes) នាយិកា​ប្រចាំ​ប្រទេស​អង្គការ Helen Keller និង​លោក ហ្វា​រី​ដ ស៊ែ​ល​មី (Farid Selmi) នាយក​គម្រោង MUSEFO​នា​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា​នៅ​ទីស្តីការក្រសួង​ការងារ ។

គម្រោង​នេះ មាន​គោលបំណង​បង្កើត​នូវ​ក្រប​ខណ្ឌ​សហប្រតិបត្តិការ​បច្ចេកទេស​រវាង​អង្គការ និង​ក្រសួង​ក្នុង​ការ​អនុវត្ត «​គម្រោង​សាកល្បង​លើកកម្ពស់​សុខភាព អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក និង​កុមារ​នៅ​តាម​រោងចក្រ​សហគ្រាស​» ស្រប​តាម​យុទ្ធសាស្ត្រ ចតុកោណ​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​សុខុមាលភាព​កម្មករ កម្មការិនី ផលិតភាព​ការងារ និង​សេដ្ឋកិច្ច​កម្ពុជា ។

គម្រោង​នេះ ផ្ដោត​លើ​រោងចក្រ​ចំនួន​១៨​កន្លែង ដែល​មាន​អ្នកធ្វើការ​សរុប​ចំនួន​២១,១៦៦​នាក់ ។ ដោយ​ផ្តល់​ការ​បណ្តុះបណ្តាល​ស្តី​ពី​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​សុខភាព អាហារូបត្ថម្ភ និង​ការ​ចិញ្ចឹម​ទារក និង​កុមារ​ដល់​និយោជក ឬ​តំណាង​របស់​ខ្លួន កម្មករ កម្មការិនី​ក្នុង​វ័យ​បន្ត​ពូជ និង​កម្មការិនី​កំពុង​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ។

លោកស្រី ហ្គ្វី​ណេ​ត ខុ​ត​ស៍ បញ្ជាក់​ថា បច្ចុប្បន្ន​អង្គការ​ហេ​ទ្បែ​ន ខេ​ល​ល័​រ កំពុង​រៀបចំ​ដំណើរ ការ​សាកល្បង​គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​ដល់​ស្ត្រី និង​កុមារ​នៅ​តាម​រោងចក្រ​មួយ​ចំនួន​តាម​រយៈ​ការ​គាំទ្រ​ថវិកា​របស់​គម្រោង GIZ-MUSEFO ដើម្បី​រួម​គ្នា​លើកកម្ពស់ សុខភាព ផលិតភាព​ការងារ និង​សេដ្ឋកិច្ច​កម្ពុជា ។

កម្មវិធី​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​អប់រំ​ដល់​បុគ្គលិក កម្មករ កម្មការិនី​អំពី​សារៈសំខាន់​នៃ​សុខភាព និង​អាហារូបត្ថម្ភ​ដូច​ជា ៖ ១. សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​ក្នុង​ការ​លើកកម្ពស់​សុខភាព និង​ការពារ​ពី​ជំងឺ​ផ្សេង​ៗ ២. អត្ថប្រយោជន៍​ការ​បរិភោគ​អាហារ​ចម្រុះ​ដែល​មាន​សារ ជាតិ​ចិញ្ចឹម​ខ្ពស់ ដើម្បី​សុខភាព និង​ថាមពល​មាំមួន ៣.​ការ​ថែទាំ​សុខភាព​ពេល​លំហែ​មាតុភាព និង​ក្រោយ​សម្រាលកូន និង​៤.​ការ​អប់រំ​ស្តី​ពី​ការ​ចិញ្ចឹម​ទារក និង​កុមារ​តូច​ក្នុង​កំ​ទ្បុ​ង​ពេលធ្វើការ​ងារ ដើម្បី​ឱ្យ​កូន​ៗ​របស់​ពួក​គេ​មាន​សុខភាព​ល្អ និង​ក្លាយជា​ពលរដ្ឋ​មាន​សក្តានុពល​ប្រកបដោយ​ផលិតភាព​ខ្ពស់​ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​នា​ពេល​អនាគត ។

លោកស្រី នាយិកា លើក​ឡើង​ថា គម្រោង​នេះ​នឹង​ផ្តល់​ជូន​នូវ​សម្ភារ​អប់រំ​ផ្សព្វផ្សាយ​ព្រមទាំង​បំពាក់​នូវ​ឧបករណ៍​មួយ​ចំនួន​ដូច​ជា ៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹក​ដោះ កន្សែង​ជូត​ដៃ និង​សាប៊ូ​លាងដៃ​ជាដើម​ដល់​បន្ទប់​បំបៅ​ដោះ​កូន​ដែល​មាន​ស្រាប់​នៅ​តាម​រោងចក្រ​គោលដៅ​នីមួយ​ៗ ។

លោកស្រី បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី ដែល​បាន​សហការ​យ៉ាង​ជិត​ស្និត ដើម្បី​រៀបចំ​ឲ្យ​មាន MOU នេះ​ឡើង ដែល​បាន​ផ្តល់​អាទិភាព​ចំពោះ​បញ្ហា​សុខភាព​ទៅ​ដល់​កម្មករនិយោជិត ។

លោកស្រី សង្កត់ធ្ងន់​ថា សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គាំទ្រ​លើ​គម្រោង​នឹង​សម្រេច​បាន​ចំនួន​៨៥​ភាគរយ​សម្រាប់​អាហារូបត្ថម្ភ និង​៨៥​ភាគរយ​ទៀត​សម្រាប់​ការ​បំបៅ​ដោះ​កូន​នៅ​តាម​រោងចក្រ សហគ្រាស នៅ​ក្នុង​ឆ្នាំ​២០៣០​ខាង​មុខ​នេះ ។

ចំណែក​ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង ដែល​បាន​បង្កើត​នូវ​កម្មវិធី​ពាក់ព័ន្ធ​នឹង​អនាម័យ អាហារ​រូប​ត្ថ​ម្ភ កុមារ នៅ​តាម​រោងចក្រ សហគ្រាស ជា​ពិសេស​ជា ស្ត្រី​ឲ្យ​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ផែនការ​យុទ្ធសាស្ត្រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​កំពុង​តែ​អនុវត្ត​នៅ​តាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​ក្នុង​ប្រទេស​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចាត់​ទុក​គម្រោង​នេះ​ថា បាន​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង ការ​ជំរុញ​បន្ថែម​នូវ​ការ​ថែទាំ​សុខភាព អនាម័យ ស្ត្រី និង​កុមារ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ ស្រប​ពេល​ដែល​ក្រសួង​ការងារ បាន​កំពុង​អភិវឌ្ឍន៍​នូវ​សេវា និង​ចេញ​លិខិត​បទដ្ឋាន​ថ្មី​ៗ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។

ឯកឧត្តម ជឿជាក់​ថា តាម​រយៈ​គម្រោង​នេះ ក៏​កាន់តែ​ធ្វើ​ឲ្យ​និយោជក អនុវត្តន៍​បាន ប្រសើរ ព្រមទាំង​លើកទឹកចិត្ត​ទៅ​ដល់​កម្មករនិយោជិត ត្រូវ​យកចិត្តទុកដាក់​ពី​បញ្ហា​អនាម័យ អាហារ​រូប​ត្ថ​ម្ភ និង​ផលិតភាព​ការងារ​ផង​ដែរ​។

ជា​ក្តី​រំពឹង​ទុក គម្រោង​នេះ មិន​ត្រឹមតែ​ជួយ​ដល់ លក្ខខណ្ឌ​ការងារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ជាតិ​ថែម​ទៀត​។ ជាមួយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អរគុណ​ដល់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ តាម​រយៈ​គ ម្រោ​ង​GIZ ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​សកម្ម​ក្នុង​កា រ​ចូលរួម​អនុវត្ត​នូវ​គម្រោង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ