ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​មហាក្សត្រិយ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ឧបត្ថម្ភ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រិយ​ន រោ​ត្តម​មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

រាជធានី​ភ្នំពេញ ៖ សម្តេចព្រះ​មហាក្សត្រិយ ​នរោ​ត្តម​មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ក្នុង​ខេត្តសៀមរាប តាម​រយៈ​ពិធីបុណ្យ​បេតិកភណ្ឌ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នេះ​។ ការ​ឧបត្ថម្ភ​ថវិកា​នេះ បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ តាម​រយៈ​ការ​អញ្ជើញ​ចូលរួម​ពិធី «​បុណ្យ​បេតិកភណ្ឌ​» នៅ​សាល​មហោស្រព​ចតុមុខ​។

ពិធីបុណ្យ​បេតិកភណ្ឌ ត្រូវ​បាន​រៀបចំ​ឡើង​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ទី​១៦ ខែតុលា ឆ្នាំ​២០១៦​។ ពិធីបុណ្យ​នេះ​រៀបចំ​ដោយ «​សមាគម​មរតក​ហ្វូ​ណ​ន​»​ក្នុង​គោលបំណង​រំឭក​ខួប​១៣​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​របាំ​ព្រះ​រាជ្យទ្រព្យ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ខួប​១១​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ល្ខោនស្បែក​ធំ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ជួយ​ជម្រុញ​ឲ្យ​យុវជន​ខ្មែរ ជំនាន់​ក្រោយ ជួយ​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌ អរិយធម៌​ខ្មែរ​ឲ្យ​មាន​ភាព​រីក​ចម្រើន​តទៅ​មុខ និង​ស្វែងរក​មូលនិធិ ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នៅ​ខេត្តសៀមរាប​។

ពិធីបុណ្យ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី និង​រដ្ឋមន្ត្រី​មក​ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។ ថវិកា​ឧបត្ថម្ភ​ធ្វើ​តាម​រយៈ​លោក​ជំទាវ តាន់ ម៉េ​ង​ហួយ ព្រះរាជ​លេខា​ផ្ទាល់ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេចព្រះ​មហាក្សត្រិយ ព្រះ​វរមាតា​ជាតិខ្មែរ នរោត្តម​មុនិនាថ​សីហ​នុ សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំនួន ១.០០០​ដុល្លារ ។ លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំនួន​១០​លាន​រៀល ព្រមទាំង​ឯកឧត្តម យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី​ចំនួន ៣​លាន​រៀល​។

ជាមួយ​គ្នា​នោះ​លោកស្រី អ៊ឹ​ង សុ​ផា ប្រធាន​សមាគម​មរតក​ហ្វូ​ណ​ន បាន​សម្ដែង​ការ​ដឹងគុណ និង​ថ្លែង​អំណរ​ព្រះ​គុណ និង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេចព្រះ​មហាក្សត្រិយ ព្រះ​វរមាតា​ជាតិខ្មែរ នរោត្តម មុនិនាថ​សីហ​នុ សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​ឯកឧត្តម យឹ​ម ឆៃ​លី ឧបនាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ តាម​រយៈ​ពិធីបុណ្យ​បេតិកភណ្ឌ​។ លោកស្រី​បាន​គោរព​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រិយ ព្រះ​វរមាតា​ជាតិខ្មែរ នរោត្តម​មុនិនាថ​សីហ​នុ សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មាន​ព្រះ​កាយពល​មាំមួន ព្រះ​ជន្ម​រយ​វស្សា និង​សូម​គោ​ពរ​ជូនពរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​ឯកឧត្តម យឹ​ម ឆៃ​លី មាន​សុខភាព​ល្អ និង​ជួប​ប្រទះ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​៕