រាជធានីភ្នំពេញ ៖ កំណាត់ផ្លូវកៅស៊ូវត្តស្លែង ឆ្ពោះទៅផ្សារបែកចាន មានប្រវែងជាង១០គីឡូម៉ែត្រ បានរងការខូចខាតស្ទើរតែទាំងស្រុង ក្នុងខណៈដែលមានភ្លៀងធ្លាក់ មិនឈប់ជាបន្តបន្ទាប់ ធ្វើឲ្យផ្លូវដែលមានជង្ហុកតូច ធំស្រាប់ផង ត្រូវទឹកដក់ហើយពេលមានរថយន្តធុនធំ ដឹកដី ដឹកខ្សាច់ និងដឹកទំនិញផ្សេងៗ បើកបរឆ្លងកាត់រាល់ថ្ងៃផងនោះបានបណ្ដាលឲ្យផ្លូវទទួលរងការខូចខាតស្ទើរតែទាំងស្រុង ពោរពេញទៅដោយរណ្ដៅធំ ក្លាយទៅជាថ្លុកមានទឹកដក់ទៅហើយ ដែលបានបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលំបាកធ្វើដំណើរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋបាននិយាយថា កំណាត់ផ្លូវខាងលើនោះ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចវត្តស្លែង ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារបែកចាន ស្ថិតក្នុងភូមិបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយឆ្លងកាត់សង្កាត់បឹងធំ របស់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាផ្លូវកៅស៊ូដែលមុននេះមានភាពងាយស្រួលក្នុងការធ្វើចរាចរណាស់ ប៉ុន្តែដោយសារតែមានរថយន្តធុនយក្សដឹកទំនិញ វាងគេចពីបញ្ជរបង់ប្រាក់ តាំងពីមុនពេលដែលរាជរដ្ឋាភិបាលមិនទាន់បិទ និងដកបញ្ជរបង់ប្រាក់នោះចេញ បានធ្វើឲ្យផ្លូវចាប់ផ្ដើមមានជង្ហុកតូចៗល្មមដែរទេ ហើយក្រោយពេលដកបញ្ជរបង់ប្រាក់ចេញ មកក៏មិនសូវខូចខ្លាំងដែរ។
លុះដល់ពេលដែលមានភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យទឹកដក់ក្នុងជង្ហុកនោះ ហើយមានរថយន្តធំៗបើកឆ្លងកាត់រាល់ថ្ងៃនោះ ទើបបណ្ដាលឲ្យមានការខូចខាតខ្លាំងឡើងៗ ក្លាយទៅជារណ្ដៅ និងថ្លុកមានទឹកដក់ថែមទៀតផង។ ដែលជាហេតុធ្វើឲ្យជួបការលំបាកក្នុងការធ្វើដំណើរ ទៅមក មិនតែប៉ុណ្ណោះផ្លូវខូចប៉ុណ្ណឹងហើយ នៅមិនទាន់មានការជួសជុលនៅឡើយ រីឯរថយន្តធុនធំៗនៅតែបន្តបើកឆ្លងកាត់ ធ្វើឲ្យផ្លូវរឹតតែខូចទៅៗហើយ។ ប្រភពដដែលបានបន្តថា ពួកគាត់មិនបានដឹងច្បាស់ថា កំណាត់ផ្លូវមួយនោះមានប្រវែងពិតប្រាកដប៉ុន្មាននោះទេ។
ប៉ុន្តែតាមការប៉ាន់ស្មាន មានប្រវែងជាង១០គីឡូម៉ែត្រឆ្លងកាត់ភូមិសាស្ត្រ៣ខណ្ឌ និងស្រុក ក្នុងនោះមានខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកអង្គស្នួល ខេត្តកណ្ដាល។ មិនតែប៉ុណ្ណោះជាផ្លូវដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បញ្ចៀសពេលមានការកកស្ទះចរាចរតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ហើយក៏កៀកជាមួយផ្លូវបេតុងព្រៃសផងដែរ។ ពួកគាត់ចង់ឲ្យអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់មេត្តាពន្លឿនការជួលជុលឲ្យបានឆាប់រហ័សផង ដើម្បីឆាប់បានងាយស្រួលធ្វើដំណើរ៕
ចែករំលែកព័តមាននេះ