ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ ស្រី​ពៅ ពី​កម្មការិនី​រោងចក្រ​កាត់ដេរ ក្លាយជា​អ្នក​ប្រដាល់​ស៊ី​ហ្គេ​ម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​១០​ឆ្នាំ​មុន នៅ ស្រី​ពៅ ដែល​ជា​អ្នក​ប្រដាល់​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​

រាជធានី​ភ្នំពេញ ៖ កាលពី​១០​ឆ្នាំ​មុន នៅ ស្រី​ពៅ ដែល​ជា​អ្នក​ប្រដាល់​ត្រូវ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម គ្រាន់តែ​ជា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ប្រមាណ​១​លាន​នាក់ ដែល​ធ្វើការ​នឿយហត់​ជា​ច្រើន​ម៉ោង​នៅ​រោងចក្រ​កាត់ដេរ​ប៉ុណ្ណោះ​។

ធំ​ឡើង​ក្នុង​ភាព​ក្រីក្រ នៅ ស្រី​ពៅ មាន​វ័យ​កុមារភាព​លំបាក​ខ្លាំង​ណាស់ ។ នាង​ត្រូវ​បាន​គេ​សម្លុត​ជា​ញឹកញាប់​ដោយសារ​តែ​ទំហំ​និង​រូបរាង​ដ៏​តូច​របស់​នាង ។ នៅ ស្រី​ពៅ បាន​ដុត​ឆន្ទៈ​រៀន​ក្បាច់គុន​ខ្មែរ (​ប្រដាល់សេរី​ខ្មែរ​) ដើម្បី​ការពារ​ខ្លួន​។ នាង​បាន​បង្ហាញ​ពី​ទេព​កោសល្យ​របស់​នាង​នៅ​ពេល​នាង​ប្រកួត​លើក​ដំបូង​នៅ​អាយុ ១៣ ឆ្នាំ ហើយ​ទទួល​បាន​សមិទ្ធផល​ដែល​មិន​ធ្លាប់​ចាញ់​ជា​ច្រើន​យ៉ាង​ឆាប់រហ័ស​នៅ​លើ​វិ​ថី​អាជីព​របស់​នាង​។ នាង​បាន​ឈ្នះ​ជើងឯក​គុន​ខ្មែរ​ដោយ​ឈ្នះ​ជិត​១០០​ដង​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​។

ទេព​កោសល្យ​របស់ ស្រី​ពៅ មិន​ត្រឹមតែ​មាន​កម្រិត​ខ្ពស់​លើ​គុន​ខ្មែរ ប្រដាល់សេរី និង​ប្រដាល់សកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ជា​អ្នកលេង​ក្បាច់គុន​ចម្រុះ (MMA) ផង​ដែរ​។ ក្នុង​ឆ្នាំ ២០១៨ ស្រី​ពៅ​បាន​សាកល្បង​ថ្វីដៃ​របស់​នាង​នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក Lethwei Championship ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​«​អ្នក​ប្រដាល់​ស្រី​ប្រចាំឆ្នាំ​» ។ នាង​បាន​យកឈ្នះ​លើ​សង្វៀន​ក្បាច់គុន​ចម្រុះ​ពិភពលោក​នៅ ONE Championship ឆ្នាំ ២០១៩ ដោយ​យកឈ្នះ​កំពូល​តារា​ថៃ Rika Ishige នៅ​ទីក្រុង​បាងកក​។

នៅ ស្រី​ពៅ មានឈ្មោះ​ក្នុង​ក្រុម​ប្រដាល់សេរី​កម្ពុជា ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ី​ហ្គេ​ម​) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​នាង​នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម​។ កាលពី​៣​ឆ្នាំ​មុន នាង​ក៏​បាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ហ្វី​លី​ពី​ន ។ នាង​បាន​យកឈ្នះ Nelly របស់​មី​យ៉ា​ន់​ម៉ា​ដោយ​ពិន្ទុ 5-0 ក្នុង​វគ្គ 1/4 ផ្តាច់ព្រ័ត្រ ប៉ុន្តែ​ទីបំផុត​បាន​ចាញ់​ម្ចាស់​ជើងឯក Nguyen Thi Tam (​វៀតណាម​) ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ ជាមួយនឹង​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប ស្រី​ពៅ ជឿជាក់​ថា នាង​នឹង​សម្រប​ខ្លួន​បាន​ល្អ​ក្នុង​កីឡាប្រដាល់​សេរី និង​មាន​បំណង​ឈ្នះ​មេដាយ​ស៊ី​ហ្គេ​ម​ជូន​ប្រទេស​ជាតិ​។

កីឡាការិនី​ប្រដាល់ នៅ ស្រី​ពៅ ជានា​រី​ខ្មែរ​ដំបូង​ដែល​អាច​ប្រកួត​ឈ្នះ​លើ​សង្វៀន​ប្រដាល់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ធំ​ៗ ។ ត្បិត​តែ​មាន​រូបរាង​តូច​ច្រមក់ តែ​ម្ចាស់​មេដាយមាស​គុន​ខ្មែរ​ដែល​មាន​អាយុ​ទើបតែ​២៦​ឆ្នាំ​រូប​នេះ មានចិត្ត​តស៊ូ​ខ្លាំង រហូត​អាច​វិ​វត្ត​សមត្ថភាព​លើ​ប្រភេទ​ក្បាច់គុន​ប្រដាល់ ទាំង​គុន​ខ្មែរ គុន​ចម្រុះ ប្រដាល់សកល MMA និង Kick-boxing​។

ស្រី​ពៅ អាច​ធ្វើ​បាន​ព្រោះ​មានការ​តាំងចិត្ត​ខ្ពស់ចង់​ធ្វើ​អ្វី​ដោយ​ខ្លួនឯង និង​ចង់​ជម្នះ​ការ​ចំអក​ថា មនុស្ស​ស្រី​មក​វ៉ៃ​បុក​មិនកើត​ទេ នាំ​តែ​ឈឺ​សាច់ ។

នៅ ស្រី​ពៅ ដែល​គេ​កំពុង​ទទួលស្គាល់​ថា​ជា កីឡាការិនី​គុន​ខ្មែរ​លំដាប់​ជួរ​មុខ​នោះ មាន​ប្រវត្តិ​ពី​កម្មការិនី​រោងចក្រ​មុន​ប្រែក្លាយ​ឈ្មោះ​ឲ្យ​ល្បី​រន្ទឺ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ មិនតែប៉ុណ្ណោះ ស្រី​ពៅ បាន​បង្ហាញ​មោទនភាព​ជាតិ មោទនភាព​ខ្លួនឯង និង​គ្រួសារ​តាម​រយៈ​ការ​ទទួល​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​នា​ពេល​ថ្មី​ៗ​នេះ ជា​ពិសេស​នៅ​សង្វៀន​កម្រិត​ពិភពលោក One Championship​។ ស្រី​ពៅ បាន​ចូល​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ម្ដុំ​ព្រែក​ថ្លឹង បាន​រយៈពេល ១​ឆ្នាំ​មុន​ពេល​ឈាន​ជើង​ចូល​ហ្វឹកហាត់​ប្រដាល់ ដែល​ជា​ក្ដី​ស្រលាញ់​របស់​ខ្លួន​។
កីឡាការិនី​វ័យ ២៦ ឆ្នាំ រូប​នេះ​បាន​រំលឹក​ថា​៖

«​មុន​ដំបូង ខ្ញុំ​ចូល​ធ្វើការ​រោងចក្រ​បាន​ប្រហែល ១​ឆ្នាំ​បង មុន​ពេល​ចូល​ហ្វឹកហាត់​ប្រដាល់ ។ ខ្ញុំ​ធ្វើ​ការងារ​រោងចក្រ​អំឡុង​ឆ្នាំ ២០១៣ ហើយ​ចូល​ហាត់​ប្រដាល់​ដើមឆ្នាំ ២០១៤ ជាមួយ​បងប្រុស​ខ្ញុំ នៅ ស៊ី​ថា ។ ពេល​ខ្ញុំ​នៅ​ធ្វើ​ការងារ ខ្ញុំ​សុំ និង លួង​ម៉ាក់​ខ្ញុំ ថា​ចង់​ហាត់​ប្រដាល់ ព្រោះ​ប៉ា​ខ្ញុំ​គាត់​អត់ឃាត់​ទេ ។ ទម្រាំ​សុំ​បាន​រហូត​ដល់​គាត់​ថា អូ​ខេ ខ្ញុំ​ក៏​ទៅ​ហាត់​ប្រដាល់​តែ​ម្ដង ហើយ​ដាក់​ពាក្យ​ឈប់​ពី​រោងចក្រ​យ៉ាង​លឿន​។​»

ក្រោយ​ចូល​ហ្វឹកហាត់​ប្រដាល់​ដែល​បង្ហាត់​ដោយ​គ្រូបង្វឹក ញ៉ូ​វ ម៉ាក និង លោក ម៉ាក សា​ខន នៅ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ បាន​ត្រឹម​រយៈពេល​មួយ​ខែ ស្រី​ពៅ ក៏​មាន​ទីផ្សារ​ឡើង​ប្រកួត​បណ្ដើរ​ៗតាំងពី​ពេល​នោះ​មក ។ កូនសិស្សលោក ញ៉ូ​វ ម៉ាក បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​ចាំ​ការ​ប្រកួត​ដំបូង​គឺ ប៉ះ ប្អូន វី ស្រី​ខួច ឈ្មោះ វ័ ស្រី​ល័​ក្ខ នៅ​សង្វៀន​ប៉ុស្ដិ៍​បាយ័ន ។ កាលនោះ​ខ្ញុំ​ឈ្នះ​ពិន្ទុ​។ ខ្ញុំ​ហាត់​បាន​តែ ១​ខែ​ប៉ុណ្ណោះ​ស្រាប់តែ​គ្រូ​ដាក់​ឲ្យ​ប្រកួត​។ ពេល​នោះ​បាន​តម្លៃ​ខ្លួន​ប្រហែល ៣០ ម៉ឺន​។​»

ជា​បន្តបន្ទាប់ សមត្ថភាព​របស់ នៅ ស្រី​ពៅ បាន​ហក់​ឡើងជា​ហូរហែ មិន​ត្រឹមតែ​ប្រកួត​ទល់​នឹង​កីឡាការិនី​ក្នុងស្រុក ស្រី​ពៅ ក៏​ប៉ះ​កីឡាការិនី​ថៃ​ក្នុង​គូ​មិត្តភាព​អន្តរជាតិ​ទៀត​ផង​ទាំង​នៅ​កម្ពុជា និង​នៅ​ប្រទេស​ថៃ ។ បើ​និយាយ​អំពី​ការ​វ៉ៃ​ក្នុងស្រុក​បច្ចុប្បន្ន ស្រី​ពៅ លំបាក​រក​គូប្រកួត​ណាស់ ព្រោះ​សមត្ថភាព​កាន់តែ​ល្អ​ឡើង ខណៈ​ដែល​កីឡាការិនី​គុន​ខ្មែរ​មិនសូវ​មាន​ច្រើន​ផង​។

កំណត់​ត្រា​គួរ​ឲ្យ​ចង​ចាំ​ចុង​ក្រោយ​នេះ ស្រី​ពៅ បាន​យកឈ្នះ​កីឡាការិនី​មានបទពិសោធន៍​ច្រើន​ថៃ Rika Ishige ដោយ​ពិន្ទុ​នៅ​សង្វៀន One Championship ដែល​ធ្វើ​ឲ្យ​មហាជន​គាំទ្រ​ប្រដាល់កាន់តែ​ទទួលស្គាល់​អំពី​សមត្ថភាព​របស់​កីឡាការិនី​ជម្រើសជាតិ​រូប​នេះ ។ អ្នកគាំទ្រ​សង្ឃឹមថា នៅ ស្រី​ពៅ នឹង​សម្រេច​គោលដៅ​ដណ្ដើម​បាន​មេដាយ​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នេះ​មក​ជូន​ជាតិ​ជាក់​ជា​មិន​ខាន​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ស៊ី​ហ្គេ​ម​លើក​ទី​៣១ នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដោយ​មាន​កីឡា​ចំនួន៤០​ប្រភេទ​ស្មើនឹង​៥២៦​វិញ្ញាសា​ដាក់​ឱ្យ​ប្រកួតនៅ​ពហុ​កីឡដ្ឋាន​ទីក្រុង​ហាណូយ និង​ទីក្រុង​ចំនួន ១១​ព្រមទាំង​ខេត្ត​ជិតខាង​នៃ​ប្រទេស​វៀតណាម ។

នេះ​ជា​ស៊ី​ហ្គេ​ម​លើក​ទី​២​ហើយ​ដែល​វៀតណាម​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់​ពី​លើក​ទី​១​នៅ​ឆ្នាំ​២០០៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ