ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​តវ៉ា​រឿង​ឯកឧត្តម​ម្នាក់ ចាក់​ដី​លើក​ទំនប់​បិទផ្លូវ​ទឹក

2 ឆ្នាំ មុន
  • ព្រៃវែង

ប្រឡាយ​រំដោះ​ទឹក​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ទំនប់​សម្តេច ហ៊ុន សែន ក្រ​វ៉ា​ត់​ផ្សារ​អ្នក​លឿង បុក​កាត់​ផ្លូវជាតិ​លេខ​១ ( ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ) ចាក់​ទៅ​ក្នុង​ទន្លេតូច ស្ថិត​ក្នុង

ខេត្តព្រៃវែង ៖ ប្រឡាយ​រំដោះ​ទឹក​មួយ​ខ្សែ ដែល​ត​ភ្ជាប់​ពី​ទំនប់​សម្តេច ហ៊ុន សែន ក្រ​វ៉ា​ត់​ផ្សារ​អ្នក​លឿង បុក​កាត់​ផ្លូវជាតិ​លេខ​១ ( ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ) ចាក់​ទៅ​ក្នុង​ទន្លេតូច ស្ថិត​ក្នុងភូមិ​ព្រែក​រាំង ពេល​នេះ​កំពុង​ត្រូវ​បាន​ឯកឧត្តម​ម្នាក់​ចាក់​ដី​លើក​ជា​ទំនប់​បិទ​ជិត ធ្វើ​អោយ​ទឹក​ជន់​លិច ប៉ះពាល់​ដល់​អ្នកស្រុក​ជា​ច្រើន​គ្រួសារ​នៅ​ជុំវិញ​នោះ​។

ពលរដ្ឋ​នៅ​ភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ នៅ​ក្បែរ​ទីតាំង​ដែល​គេ​កំពុង​ចាក់​ដី​នោះ​បានអោយ​ដឹង​ថា អ្នក​ដែល​ចាក់​ដី​នោះ គឺ​ឯកឧត្តម សៅ រ៉ា​នី ហើយ​ដី​ដែល​គាត់​ចាក់​នោះ គឺ​គាត់​ទើបតែ​ទិញ​បាន​ពី​អ្នកស្រុក​។ ពលរដ្ឋ​ទាំងនោះ​បាន​និយាយ​ថា ការ​ចាក់​ដី​លើក​ទំនប់​នោះ ពួក​គាត់​មិន​ទោ​ម្នាស់​អី​ទេ ព្រោះ​ជា​ដី​របស់​គេ ប៉ុន្តែ​គេ​បាន​ចាក់​លុប​ចូល​ប្រឡាយ​ខាងជើង​ជិត​2m ហើយ​ចាក់​បិទ​ប្រឡាយ​ខាងកើត​ជិត​តែ​ម្តង ជា​ហេតុ​ធ្វើ​អោយ​មានទឹក​ជន់​លិច ប៉ះពាល់​ដល់​ដីស្រែ និង​ស្រះ​ត្រី​របស់​ពួក​គាត់​ជា​ច្រើន​គ្រួសារ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ហេតុនេះ​ហើយ​ទើប​ពួក​គាត់​នាំ​គ្នា​ប្តឹង​ទៅ​អាជ្ញាធរ​ឃុំ​-​ស្រុក សុំ​ឲ្យ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ ប៉ុន្តែ​ឃើញ​ថា អាជ្ញាធរ​ឃុំ និង​ស្រុក ចុះ​ទៅ​ហាមឃាត់​មិន​អោយ​គេ​ចាក់​ដី​បាន​តែ​ប៉ុន្មាន​ថ្ងៃ ក៏​ឃើញ​គេ​យក​គ្រឿងចក្រ​ដឹក​ដី​មក​ចាក់​ដដែល ចំណែក​ឯខាង​អាជ្ញាធរ លែង​ឃើញ​ទៅ​ឃាត់​សង្ស័យ ខ្លាច​បុណ្យ​គេ​ជា​ឯកឧត្តម​ហើយ​មើលទៅ​។

ជុំវិញ​ការ​លើក​ឡើង​នេះ ត្រូវ​បាន​ឯកឧត្តម សៅ រ៉ា​នី ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​ថា ដី​នោះ​គឺ​គាត់​ជា​អ្នក​ចាក់​មែន គឺ​ចាក់​លើក​ទំនប់​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ហើយ​ការ​ចាក់​នោះ គាត់​បាន​ដាក់​ឯកសារ​សុំ​ច្បាប់​ទៅ​សាលាខេត្ត​ហើយ​។

ពាក់ព័ន្ធ​រឿង​មាន​អ្នកស្រុក​ប្តឹងផ្តល់​នោះ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ចាក់​ដី​នោះ គាត់​ចាក់​តែ​លើ​ដី​ដែល​គាត់​បាន​ទិញ​ប៉ុណ្ណោះ អត់​បាន​ចាក់​លើ​ដី​អ្នកស្រុក​ណា​ទេ ហើយ​ក៏​មិន​បាន​ប៉ះពាល់​ដី​ប្រឡាយ​អី​ដែរ ហើយ​បើ​ចង់​ដឹង​ច្បាស់ សូម​សួរ​ទៅ​ខាង​មន្ត្រី​សុរិយោដី​ចុះ​។

ដោយឡែក​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍ បានអោយ​ដឹង​ថា ចំពោះ​ការ​ចាក់​ដី​នោះ ពិតជា​មាន​ពលរដ្ឋ​ប្តឹង​មែន ហើយ​លោកស្រី​ក៏​បាន​បញ្ជា​អោយ​មន្ត្រី​ចុះ​ទៅ​ឃាត់​គ្រឿងចក្រ​ម្តង​ហើយ ព្រោះ​ការ​ចាក់​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវទឹក ម្យ៉ាង​គឺ​អត់​ទាន់​មានច្បាប់​។ លោកស្រី​អភិបាលស្រុក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ត្រូវ​ហាមឃាត់ ឯកឧត្តម សៅ រ៉ា​នី បាន​ធ្វើ​លិខិត​សុំ​ច្បាប់​អនុញ្ញាតិ​មក​សាលាស្រុក តែ​ដោយ​ទំហំ​ការ​ធ្វើ​ធំ លើស​ពី​ដែន​សមត្ថកិច្ច ស្រុក​មិន​អាច​អនុញ្ញាតិ​បាន ឯកឧត្តម​ក៏​ដាក់​លិខិតស្នើ​សុំ​ទៅ​សាលាខេត្ត​ទៀត ហើយ​មក​ដល់​ពេល​នេះ មិនដឹង​ថា​ខេត្ត​ចេញ​លិខិត​អនុញ្ញាតិ ហើយ​ឬ​នៅទេ​។

ចំណែក​លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្តព្រៃវែង បានអោយ​ដឹង​ថា ឯកឧត្តម សៅ រ៉ា​នី ពិតជា​បាន​ដាក់​លិខិតស្នើ​សុំ​មក​សាលាខេត្ត​ពិតមែន ប៉ុន្តែ​ឯកឧត្តម​អភិបាលខេត្ត មិន​ទាន់​ចេញ​ច្បាប់​អនុញ្ញាតិ​ទេ ដោយ​បាន​ចាត់​អោយ​រូប​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​សិន ប៉ុន្តែ​ពេល​នេះ​លោក​មិន​ទាន់​បាន​ចុះ​ទៅ​ទេ គឺ​ចុះ​ទៅ​នៅ​អាទិត្យ​ក្រោយ​នេះ តែបើ​គេ​នៅ​បន្ត​ចាក់​ដី​ទៀត លោក​នឹង​បញ្ជា​អោយ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ឃាត់​ភ្លាម ព្រោះ​មិន​ទាន់​មានច្បាប់ មិន​អាច​ចាក់​ដី​បាន​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ