ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន រ​ដ្ឋា និង សា​រឿ​ន ច័ន្ទ ប៉ះ​ថៃ​ព្រឹកខានស្អែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៩ តុលា ខានស្អែក កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ម៉​ន រ​ដ្ឋា និង សា​រឿ​ន ច័ន្ទ នឹង​ក្លាយជា​បេក្ខភាព​២​រូប​ថ្មី​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៩ តុលា ខានស្អែក កីឡាករ​ជើង​ខ្លាំង​២​រូប​គឺ ម៉​ន រ​ដ្ឋា និង សា​រឿ​ន ច័ន្ទ នឹង​ក្លាយជា​បេក្ខភាព​២​រូប​ថ្មី​ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ អ្នក​ទាំង​ពីរ​នឹង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ក្នុង​នាម​ជា​គូ​មិត្តភាព​ដើម្បី​ស្ទង់​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​៨​ព្រឹក​នេះ ពិតជា​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី អ្នក​ស្នេហា​វិស័យ​ប្រដាល់​ទៀត​ហើយ ដោយសារ​តែ​មាន​សមាសភាព​ជើង​ខ្លាំង​ល្អ​ៗ ។ ការ​ប្រដាល់​ដែល​បាន​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ពេល​ព្រឹក​នេះ រមែង​បង្ហាញខ្លួន​ដោយ​សមាសភាព​កីឡាករ​ថៃ​ល្អ​ៗ​ទើប​គេ​កត់​សម្គាល់ថា ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ​ទទួល​​បានការ​គាំទ្រ​ខ្លាំង ដោយ​ក្នុង​ព្រឹក​ខ្លះ​អត់​មាន​កន្លែង​អង្គុយ​ទស្សនា​ទៀត​ផង ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​៩ តុលា ព្រឹត្តិការណ៍​នេះ​នឹង​បើក​ឆាក​ប្រដាល់​អន្តរជាតិ​ដោយ​គូ​ល្អ​ៗ ដោយ​កីឡាករ​ម្នាក់​ៗ​ក្រៅពី​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់  ក៏​ទទួល​បាន​ក្រេ​ឌី​ត​មិនធម្មតា​គ្រប់ការ​ប្រកួត​ឈ្នះ​ម្ដង​ៗ​នោះ​ផង​ដែរ ។

ងាក​មក​កាន់ការ​ប្រកួត​មិត្តភាព​នៅ​ព្រឹកខានស្អែក​វិញ សមាសភាព​ដែល​ឡើង​ប្រកួត​គឺ​សុទ្ធតែ​ល្អ​តែ​ម្ដង ដោយ​កីឡាករ ម៉​ន រ​ដ្ឋា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើងគោ​គ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Chuok Phechhit ដែល​ល្បីឈ្មោះ​នៅ​សង្វៀន​ប្រដាល់​ថៃ ។ ជំនួប​ពួក​គេ​មានការ​រំពឹង​ខ្ពស់​ថា នឹង​បែក​ផ្កាភ្លើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍  ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដើម្បី​រក្សា​មុខមាត់ និង​ក្រេ​ឌី​ត ។ ផ្អែក​តាម​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​មាន​កម្រិត​ប៉ុនគ្នា​ដោយ​កីឡាករ​កម្ពុជា ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន ហើយ​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ដែរ ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​បាន​សម្រេច​ដាក់​ឱ្យ​កីឡាករ​ទាំង​ពីរ​ប៉ះ​គ្នា​ដោយសារ​តែ​ម៉​ន រ​ដ្ឋា នៅ​មាន​ក្រេ​ឌី​ត​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ហើយ​គ្រូបង្វឹក​របស់​គេ​ក៏​បាន​ប្រកាស​ថា គេ​ហ្វឹកហាត់​បាន​ច្រើន​តាំងពី​មុន​មានការ​ផ្គូផ្គង ។ លោក​ថា កីឡាករ​ថៃ​ជា​ជើង​ខ្លាំង ហើយដោយ​សារ​តែ​ចង់ឱ្យ ម៉​ន រ​ដ្ឋា បាន​ស្ដារ​មុខមាត់​ល្អ​ប្រសើរ​ជាង​មុន ទើប​រៀបចំ​ឱ្យ​គេ​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ស្អែក ។ លោក​ថា កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៧៣​លើក ឈ្នះ​៦១​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៥៦​លើក ឈ្នះ​៤៩​លើក  និង​ចាញ់​៧​លើក គឺ​អាច​ថា ល្អ​ជាង​ទាំង​បច្ចេកទេស និង​ប្រវត្តិ​ប្រកួត ។ ដូច្នេះ​កីឡាករ​កម្ពុជា​បើ​ឈ្នះ នឹង​កាន់តែ​ទទួល​ក្រេ​ឌី​ត ប៉ុន្តែ​បើ​ចាញ់​ទំនងជា​ត្រូវ​មហាជន​រិះគន់​ទៀត​ហើយ​ថា​ប្រកួត​មិនល្អ ។

កីឡាករ សា​រឿ​ន ច័ន្ទ ក៏​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ថៃ​ឈ្មោះ​Re Da និង​ជា​គូ​ឯក​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​មួយ​នេះ ។ ទោះបី​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា​គូ​នេះ​នឹង​ទាក់ទាញ​ជាង​គូ​រង​ឯក​ឬ​យ៉ាងណា​នៅឡើយ​ទេ ។ កីឡាករ​ថៃ​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ខណៈ​ដែល សា​រឿ​ន ច័ន្ទ គឺជា​កីឡាករ​មានការ​គាំទ្រ​ខ្លាំង​នា​ពេល​កន្លង​មក ។ យោង​តាម​ប្រវត្តិ កីឡាករ​កម្ពុជា​គូ​នេះ​ធ្លាប់​ប្រកួត​បាន​៨៣​លើក ឈ្នះ​៦៩​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ខណៈ​ដែល​កីឡាករ​ថៃ​ក៏​មាន​ប្រវត្តិ​ឡើង​រេញ​បាន​៩៩​លើក ឈ្នះ​៨៣​លើក ចាញ់​១៥​លើក និង​ស្មើ​១​លើក ។ អ៊ីចឹង​ហើយ​ទើប​គេ​ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ធ្វើ​បាន​ល្អ​ឬ​អត់​នៅ​ពេល​ប៉ះ​គូប្រកួត​ខ្លាំង​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ប្រដាល់​អន្តរជាតិ​ព្រឹកខានស្អែក ៕