ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​អាច​សងសឹក​ក្រុម​ភ្ញៀវ​ហុងកុង​បាន​ឬ​អត់​នៅ​ល្ងាច​ថ្ងៃខានស្អែក​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៦​តុលា​ខានស្អែក​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង ដើម្បី​ដកស្រង់​បទ​ពិសោធន៍ និង​បច្ចេកទេស​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៦​តុលា​ខានស្អែក​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង ដើម្បី​ដកស្រង់​បទ​ពិសោធន៍ និង​បច្ចេកទេស​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ដូច​គ្នា ។

គេ​នៅ​ចាំ​បាន​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្លាប់​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ហុងកុង​នៅ​ក្នុង​លទ្ធផល​៤-២​នៅ​លើ​ទឹកដី​ហុងកុង​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា កន្លង​មក ទើប​លើក​នេះ​មានការ​ចោទ​ជា​សំណួរ​ថា តើ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា​មាន​លទ្ធភាព​អាច​សងសឹក​ក្រុម​ភ្ញៀវ​ហុងកុង បាន​ឬ​អត់​នៅ​ល្ងាច​ថ្ងៃខានស្អែក​នេះ ?

ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក ឆាំង ពិសិដ្ឋ ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានឱ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​លើក​នេះ​ក្រុម​កម្ពុជា​ពិតជា​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​បំផុត​។ ជាក់ស្ដែង សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានឱ្យ​កីឡាករ​ទាំងអស់​ស្នាក់​នៅ​ហ្វឹកហាត់​រួម​គ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​យ៉ាង​តឹង​រ៉ឹ​ង​បំផុត ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​កាន់តែ​មាន​ជំនឿ​ចិត្តខ្លាំង​ថែម​ទៀត​នោះ គឺ​ដោយសារ​តែ​ការ​ប្រកួត​នៅ​ពេល​នេះ​ធ្វើ​ឡើង​នៅ​លើ​ទឹកដី​ខ្លួនឯង​មាន​អ្នកគាំទ្រ​ច្រើន ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​មាន​កម្លាំងចិត្ត​ជាង​ការ​ប្រកួត​​នៅ​ក្រៅ​ទឹកដី​។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​លោក​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​ចាញ់ ។ ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៦ ខេតុលា វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ចំពោះ​ដំណើរការ​លក់​សំបុត្រ​នៅ​បញ្ជរ​ខ្លោងទ្វារ​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក គេ​សង្កេត​ឃើញ​ថា​ មិនសូវ​មាន​អ្នក​មក​ទិញ​កកកុញ​ដូច​មុន​នោះ​ទេ តែ​អ្នក​មក​ទិញ​ម្នាក់​ពី​៥​ទៅ​១០​សន្លឹក​រហូត​ដល់​ទៅ​២០​សន្លឹក​ក៏​មាន​ដែរ​។ គេ​មិនដឹង​ថា អ្នក​មក​ទិញ​នោះ​យក​ទៅ​លក់​បន្ត ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​សាកសួរ​ គឺ​ពួក​គេជួយ​ទិញ​ឱ្យ​មិត្តភក្ដិ​ ឬ​បងប្អូន​ដែល​រវល់​ធ្វើ​ការងារ​មិន​បាន​មក​ទិញ​ផ្ទាល់​ទើប​ធ្វើ​ឱ្យ​កន្លែង​លក់​សំបុត្រ​មិន​មាន​មនុស្ស​កកកុញ​ដូច​មុន​។ ចំណែក​តម្លៃ​សំបុត្រ​គឺ​១០.០០០​រៀល​សម្រាប់​កន្លែង​មាន​ដំបូល និង​៥.០០០​រៀល​សម្រាប់​កន្លែង​គ្មាន​ដំបូល ។

បាន​កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​មានការ​រីក​ចម្រើនយ៉ាង​ខ្លាំង ។ ជាក់ស្ដែង​ស្ទើរតែ​គ្រប់ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព ឬ​លក្ខណៈ​ជម្រុះ​ក្នុង​តំបន់​កន្លង​មក ក្រុម​កម្ពុជា​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់ ។ លោក គល់ សុ​ផា​ន់​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ថា ភាព​រីក​ចម្រើន​របស់​វិស័យ​កីឡាបាល់ទាត់​នា​ពេល​នេះ​ដោយសារ​តែ​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​​កម្ពុជា​ផង និង​ដោយ​មានការ​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​ទូ​ទាំង​ប្រទេស​ផង ជា​ពិសេស​ប្អូន​ៗ​យុវវ័យ​តែ​ម្ដង ៕