រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននៅលើពិភពលោកជំងឺមហារីកសុដន់ជាកង្វល់ទី១ ក្នុងចំណោមជំងឺមហារីករបស់ស្ត្រីទាំងអស់។ ចំណែកនៅប្រទេសកម្ពុជាយើង ជំងឺនេះគឺស្ថិតក្នុងចំណាត់ថ្នាក់ទី២នៃជំងឺមហារីករបស់ស្ត្រី។ គេសង្កេតឃើញជំងឺនេះច្រើនមាននៅលើស្ត្រីវ័យចំណាស់ ប៉ុន្តែស្ត្រីវ័យក្មេងក៏អាចជួបប្រទះដែរ។ ដកស្រង់ប្រសាសន៍ លោកស្រីវេជ្ជបណ្ឌិត ឡាយ សានីន ឯកទេសសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកាល់មែ៉តដែលបានធ្វើការកត់សម្គាល់ថា អត្រានៃអ្នកជំងឺមហារីសុដន់ ១០% អាចកើតលើស្ត្រីវ័យក្រោម៣៥ឆ្នាំ -២០% អាចកើតលើស្ត្រីវ័យក្រោម៥០ឆ្នាំ -៥០% អាចកើតលើស្ត្រីវ័យចន្លោះ៥០-៦៩ឆ្នាំ និង២៨% អាចកើតលើស្ត្រីវ័យចន្លោះ៦០ឆ្នាំឡើងទៅ ។
ក-កត្តាប្រឈមនឹងមូលហេតុដែលបណ្តាលឲ្យកើតមានមហារីកសុដន់លើស្ត្រី ៖
ជំងឺមហារីកសុដន់កើតឡើងពីការវិវត្តនៃកោសិកាក្រពេញដោះ ។ កត្តាដែលអាចបង្កឲ្យមានជំងឺនេះរួមមាន៖
-កត្តាអ័រម៉ូនស្ត្រី ៖ ស្ត្រីខ្លះឆាប់ពេញវ័យពេក (មុន១២ឆ្នាំ) និងស្ត្រីខ្លះទៀតអស់រដូវយូរពេក (ក្រោយ៥៥ឆ្នាំ)
-ស្ត្រីដែលមានបុត្រទី១ ក្រោយអាយុ៣០ឆ្នាំ
-ស្ត្រីដែលប្រើថ្នាំពន្យារការមានរដូវ
-បញ្ហាតំណពូជ
-របបចំណីអាហារ ៖ អ្នកមិនសូវទទួលទានបន្លែ អ្នកមិនបានហាត់កីឡា អ្នកធាត់ខ្លាំង អ្នកញុំាស្រា៥០០ml ក្នុងមួយថ្ងៃ ជក់បារី ប្រវត្តិក្រុមគ្រួសារមានជំងឺមហារីកសុដន់ មហារីកដៃស្បូន (អត្រាអាចកើតជំងឺមហារីកសុដន់មានពី២០%ទៅ៣០% ក្នុងលក្ខណ:តំណពូជ)។
ខ-រោគសញ្ញា ៖
-ដុំមួយ ឬច្រើននៅក្នុងសុដន់ ទំហំតូចឬធំគែមជុំវិញដុំមិនច្បាស់លាស់ រឆេងរឆូញមិនអាចរំកិលបានជាប់ស្អិតជាមួយសាច់ដុំ
-ស្បែកសុដន់រាងដូចសំបកក្រូច
-ក្បាលដោះផតចូលក្នុង
-ដោះប្រែប្រួលទំហំខុសធម្មតាខ្លាំង
-ចេញទឹកដោះលាយឈាម
-មានកូនកណ្តុរនៅក្រោមក្លៀក
-សញ្ញាផ្សេងៗទៀត ។
ជួនកាលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលយឺត នាំឲ្យដុំនោះអាចលូតលាស់រាលដាលទៅកន្លែងផ្សេង និងបណ្តាលឲ្យមានអការក្អួតចង្អោរ ស្រកទម្ងន់ ស្បែកឡើងពណ៌លឿង ឈឺសន្លាក់ឆ្អឹង ឈឺក្បាល ក្អក។ តើត្រូវធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺមហារីកសុដន់ ?
គ-ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីសុដន់ ៖
-ការប៉ះ ឬស្ទាបពិនិត្យទម្រង់របស់ដុំដោះ
-ការពិនិត្យអេកូសុដន់
-ការពិនិត្យថតកៀបសុដន់(បើស្ត្រីអាយុពី៤០ឆ្នាំឡើង)
-ការថតស្កែន (Scan)
-ការថត អីុអែអឹម (IRM)
-ការចោះដុំសាច់ដោយធ្វើតាមម៉ាស៊ីនអេកូ (Échographie guidée pour biopsie chirurgicale, biopsie percutanée)
-ការវិភាគលើសាច់ដែលបានចោះរួច (Anatomopathologie de la pièce biopsique)។
ឃ-ការព្យាបាល ៖ ការព្យាបាលជំងឺមហារីកសុដន់ ធ្វើឡើងទៅតាមទំហំរបស់ដុំដោះ ។ ជាទូទៅការព្យាបាលនោះរួមមាន៖
-ការវះយកដុំសាច់មហារីក ដោយកាត់ចេញដោះទាំងមូល ឬពាក់កណ្តាល
-ការព្យាបាលដោយថ្នាំគីមី
-ការព្យាបាលដោយកាំរស្មីអីុយ៉ុង
-ការព្យាបាលដោយអ័រម៉ូន
ង-វិធីបង្ការកុំឲ្យមានជំងឺមហារីកសុដន់៖ ការពិនិត្យសុខភាពផ្នែករោគស្ត្រីជាមួយគ្រូពេទ្យឯកទេសរោគស្ត្រី៖
-ថតកៀបសុដន់រៀងរាល់ឆ្នាំដើម្បីពិនិត្យស្រាវជ្រាវរកជំងឺមហារីកសុដន់ ចាប់ពីអាយុ៤០ឆ្នាំទៅ
-ករណីក្រុមគ្រួសារមានម្នាក់កើតជំងឺមហារីកសុដន់ ក្រោមអាយុ៥០ឆ្នាំត្រូវពិនិត្យរៀងរាល់៦ខែម្តង ដោយធ្វើការគៀបដោះអេកូដោះ ។ ជាទូទៅនៅប្រទេសកំពុងអភិវឌ្ឍន៍កម្មវិធីបង្ការមហារីកសុដន់លើស្ត្រី ត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង ។
ច-ស្ត្រីគ្រប់រួបត្រូវចេះស្ទាបនិងពិនិត្យសុដន់របស់ខ្លួនដោយ ៖
១-ឈរនៅមុខកញ្ចក់ ពិនិត្យសុដន់នូវសញ្ញាខាងក្រោម៖
-ការចេញទឹកដោះ (Écoulement mamelonnaire)
-ស្បែកគ្រើមដូចសំបកក្រូច
-ក្រហមរមាស់ ផតចូលនៃផ្នែកណាមួយ
២-លើកដៃខាងស្តាំឡើង ហើយដៃឆ្វេងប្រើចុងម្រាមដៃ៣ស្ទាបដោះស្តាំ ដោយចាប់ផ្តើមស្ទាបពីខាងក្រៅទៅ ស្ទាបជារង្វង់ ។
៣-សូមធ្វើការពិនិត្យសុដន់ទាំង២ព្រមទាំងក្លៀក
៤-បញ្ចប់ការពិនិត្យសុដន់ចុងក្រោយ ត្រូវពិនិត្យចុងដោះ មានចេញទឹកដោះលាយឈាមឬអត់ ឬក៏ផតក្បាលចូលក្នុង ។
លោកស្រីវេជ្ជបណ្ឌិតឡាយ សានីនបានសំណូមពរដល់ស្ត្រីទាំងឡាយ ប្រសិនបើមានករណីសង្ស័យ ឬមានអាការដូចបានរៀបរាប់ខាងលើ មេត្តាប្រញាប់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ចៀសវាងយឺតពេល ដែលបង្ករគ្រោះថ្នាក់ដល់អាយុជីវិត៕
ចែករំលែកព័តមាននេះ