ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ដុត​ផ្ទះ​ចោល ស្ត្រី​មេម៉ាយ​កូន​៥​ដង្ហោយ​រក​ជំនួយ​សប្បុរស

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​ដែល​មានកូន​ក្នុង​បន្ទុក​៥​នាក់ ហើយ​ពេល​នេះ​ក្លាយជា​ស្ត្រី​មេម៉ាយ ដោយសារ​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​គិត​ខ្លី​ដុត​ផ្ទះ​ខ្លួនឯង​ចោល​អស់ទាំង​ទ្រព្យសម្បត្តិ​ហ្មត់​ទាំងស្រុង

ខេត្តតាកែវ ៖ ស្ត្រី​ម្នាក់​ដែល​មានកូន​ក្នុង​បន្ទុក​៥​នាក់ ហើយ​ពេល​នេះ​ក្លាយជា​ស្ត្រី​មេម៉ាយ ដោយសារ​បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​គិត​ខ្លី​ដុត​ផ្ទះ​ខ្លួនឯង​ចោល​អស់ទាំង​ទ្រព្យសម្បត្តិ​ហ្មត់​ទាំងស្រុង ខាន​ប្រពន្ធ​កូន​រស់នៅ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ហើយ​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំឃាំង​តាម​នីតិវិធី​ច្បាប់ ។

ពេល​នេះ ស្ត្រី​មេម៉ាយ​កូន​៥​នាក់​កំពុង​ដង្ហោយ​រក​សប្បុរសជន​ជួយ​ដល់​គ្រួសារ​គាត់ ដោយសារ​ពេល​នេះ​គ្មាន​អ្វី​ទីពឹង​ឡើយ ។

បុរស​ដែល​ដុត​បំផ្លាញ​ផ្ទះ​ចោល​នេះ​ឈ្មោះ សៀង សា​ផល អាយុ​៣៧​ឆ្នាំ រីឯ​ភរិយា​មានឈ្មោះ អ៊ុយ សាបាន អាយុ​៣៤​ឆ្នាំ ។ ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​រួមរស់​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ រហូត​មានកូន​៥​នាក់ (​ប្រុស​នាក់​៣ ស្រី​២ នាក់​)​។

អ្វី​ជា​ការ​កក់​សម្គាល់​ជុំវិញ​ហេតុ​ការ​ខាងលើ​នេះ គឺ​បុរស​ជា​ប្តី​ក្រោយ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន បាន​និយាយ​ថា មូលហេតុ​ដែល​រូប​គាត់​ដុត​ផ្ទះ​ចោល គឺ​ដោយសារ​បងប្អូន​មិន​អោយ​ខ្លួន​រស់នៅ​ជួបជុំ​ប្រពន្ធ​នឹង​កូន ។

ដោយឡែក​ស្ត្រី​ជា​ភរិយា​វិញ​បាន​និយាយ​ថា មូលហេតុ​ដែល​បុរស​ជា​ប្តី​ដុត​ផ្ទះ​ចោល​គឺ​ដោយសារ​ផឹកស្រា​ស្រវឹង ហើយ​តែង​រករឿង​ប្រពន្ធ​កូន​មិន​ជួយ​គិតគូរ​រកស៊ី​ទាល់តែ​សោះ ។ ដោយនៅ​ថ្ងៃ​កើតហេតុ បុរស​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង ហើយ​មក​គំរាម​សុំ​លុយ​ប្រពន្ធ ដោយសារ​ប្រពន្ធ​គ្មាន​លុយ​អោយ​។ ម្យ៉ាងទៀត​ប្រពន្ធ​រៀបរាប់​ថា គ្រាន់តែ​រក​លុយ​ទិញ​សណ្តែក ទិញ​សាច់ ដើម្បី​វេច​នំ​អោយ​កូន​ទទួលទាន​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​និង​គេ​ក៏​គ្មាន​ផង ហើយ​ខ្លួនឯង​ជា​ប្តី​មិន​ជួយ​រកស៊ី​ហើយ​បែរជា​សុំ​លុយ​ប្រពន្ធ​កូន​យក​ទៅ​ផឹកស៊ី​ទៀត អីចឹង​ប្រពន្ធ​កូន​មាន​លុយ​មកពីណា​អោយ ។ និយាយ​បាន​ប៉ុណ្ណឹង បុរស​ជា​ប្តី​ក៏​បាន​ផ្ទុះ​កំហឹង​ប៉ុនប៉ង​ហិង្សា ទើប​ប្រពន្ធ​ចុះ​ចេញពីផ្ទះ ទៅ​នៅផ្ទះ​អ្នក​ជិតខាង​ក្បែរ​ជាមួយ​កូន ។ ដោយសារ​ហៅ​ប្រពន្ធ មិន​មក​ផ្ទះ​វិញ បុរស​ខាងលើ បាន​បញ្ចេញ​កំហឹង​ដុត​ផ្ទះ​ចោល​តែ​ម្តង ។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ នគរបាល​ប៉ុស្តិ៍​ឃុំ​រវាង ស្រុក​សំរោង បាន​ចុះ​អន្តរាគមន៍​ឃាត់​បុរស​ជា​ប្តី កសាង​សំណុំ​ប​ញ្ចូ​ន​ទៅ​តុលាការ​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ជា​ការ​កត់សម្គាល់ គឺ​ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​ដែល​មានកូន​រហូត​ដល់​ទៅ​៥​នាក់ បាន​ក្លាយជា​ស្ត្រី​មេម៉ាយ កូន​រស់​យ៉ាង​វេទនា​ដូច​លលក​ញី​ឈ្មោល បាន​លើក​ម្រាមដៃ​១០ ដង្ហោយ​រក​សប្បុរសជន​គ្រប់​ទិស​ទី​មេត្តា​ជួយ​ដល់​រូប​គាត់​ផង ដោយសារ​ពេល​នេះ កុំ​ថា​ឡើយ​ផ្ទះសម្បែង សូ​ម្បី​តែ​ប្រាក់​កាស​១​សេន ១​រៀល​ក៏​គ្មាន​ដែរ ស្រែ​ចំការ​ត្រូវ​ជំពាក់​ធនាគារ​បំណុល​គេ​អស់រលីង​គ្មាន​អី​សល់​ទីពឹង​ឡើយ មាន​តែ​លើក​ម្រាមដៃ​១០ សុំ​ក្តី​សណ្តោស​ប្រោះ​ប្រណី​ពី​សប្បុរសជន​ជិត​ឆ្ងាយ​ជួយ​ដល់​ក្រុម​គ្រួសា​របស់​នាង​ផង ដែល​កំពុង​មានទុក្ខ​ជា​ទម្ងន់​បាត់បង់​ទីជម្រក​អស់​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ប្តី​ចិត្តកំណាច​ដុត​ផ្ទះ​ចោល​ខាងលើ​នេះ គឺ​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ និង​កូន​៥​នាក់ រស់​ដោយសារ​បាន​អ្នក​ជិតខាង​ជួយ​ជ្រោមជ្រែង​មួយ​គ្រា​ៗ​តែ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​មិន​អាច​ដោះស្រាយ​បាន​មួយ​ជីវិត​ឡើយ ដូច្នេះ​មាន​តែ​សង្ឃឹមលើ​សប្បុរសជន​នៅ​គ្រប់​ទិស​ទី​ដែល​ធ្លាប់​មានចិត្ត​សណ្តោស​ប្រោសប្រណី​ជួយ​ដល់​ទុ​រ​គ​ត៌​ជន​ទាំងឡាយ សូម​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​គាត់​ផង ព្រោះ​គាត់​ទីទ័ល​ទុក្ខ​លំបាក​ស្មើនឹង​ទឹក​ដល់​ច្រមុះ​មែនទែន​ហើយ ។ ក្នុង​នោះ​ដែរ​ដោយ​ទឹកចិត្ត​អាណិតអាសូរ កុមា​រ៉ា ម៉​ម លី​ហួរ បាន​ឧបត្ថម្ភ​គ្រួសារ​ខាងលើ​នេះ​នូវ​ថវិកា​ចំនួន​១០​ដុល្លារ ។ សង្ឃឹមថា​និង​មាន​បងប្អូន​សប្បុរសជន​យើង​ជួយ​ឧបត្ថម្ភ​ដល់​ទុ​រ​គ​ត៌​ជន​ខាងលើ​នេះ​ជា​បន្តបន្ទាប់​ទៀត​ជាក់​ជា​មិន​ខាន​ឡើយ ដើម្បី​រូប​គាត់​បាន​ផ្សំផ្គុំ​កសាង​ទ្រនំ​រស់នៅ​ជុំ​កូនចៅ​បន្ត​ទៅ​មុខ​ទៀត​៕