ខេត្តសៀមរាប ៖ បុរសម្នាក់ចុះមុជទឹកនៅក្រោមផ្ទះបណ្ដែត ដែលចងខ្សែនៅតាមមាត់ទន្លេដោយគាត់ស្រវឹងស្រាផង បណ្ដាលឱ្យលង់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលពេញអ្នកនៅតាមដងទន្លេ កើតឡើងកាលពីរសៀលថ្ងៃទី៣០ កញ្ញា ២០១៦ ស្ថិតនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឱ្យដឹងនៅរសៀលថ្ងៃទី០១ តុលា នេះថា បន្ទាប់ពីមានពលរដ្ឋពលរាយការណ៍មកថា មានបុរសម្នាក់បានលង់ទឹកស្លាប់ ទើបលោកបានឱ្យកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក៏ឃើញរួចស្រង់ឡើងមកលើគោក ដើម្បីធ្វើការត្រួតពិនិត្យទៅលើដងខ្លួន។
លោកបន្តថា ជនរងគ្រោះឈ្មោះធឹង ធី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយពីបានធ្វើកោសល្យវិច័យលើសាកសពរួច កម្លាំងជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មិនមែនជាករណីអ្វីផ្សេងនោះទេ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះប្រាប់សមត្ថកិច្ចនគរបាលយើងថា ជនរងគ្រោះផឹកស្រាជាមួយមិត្តភក្តិតាំងពីរសៀលមកម្ល៉េះ ហើយប្រាប់ថា ទៅមុជទឹក ដោយមុជទៅក្នុងទឹកយ៉ាងយូរ ពេលនោះទើបក្រុមគ្រួសារ ហៅអ្នកជិតខាងឱ្យមកជួយមុជរាវរក ពេលនោះជនរងគ្រោះបានស្លាប់នៅក្នុងទឹកបាត់ទៅហើយ ។
ចែករំលែកព័តមាននេះ