ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ចូល​និវត្តន៍​ម្នាក់​អះអាង​ថា​ត្រូវ​គេ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​សាលា

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ អតីត​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បល្ល័ង្ក​ចូល​និវត្តន៍​មួយ​រូប​បាន​អះអាង​ថា ត្រូវ​គេ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​សាលា ចំណែក​ខាង​នាយក​សាលា​អះអាង​ថា …

ខេត្តកំពង់ធំ ៖ អតីត​អ្នកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​បល្ល័ង្ក​ចូល​និវត្តន៍​មួយ​រូប​បាន​អះអាង​ថា ត្រូវ​គេ​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញពី​ដី​សាលា ចំណែក​ខាង​នាយក​សាលា​អះអាង​ថា គេ​រុះរើ​ចេញ​អស់ហើយ​នៅឡើយ​តែ​អ្នកគ្រូ​ចូល​និវត្តន៍​រូប​នេះ​មិន​ព្រម​រុះរើ​ចេញ​ខណៈ​គាត់​មានផ្ទះ​ថ្មី​១​កន្លែង​ទៀត​ហើយ​នោះ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ អ្នកស្រី ប៉ែន ស៊ី​ចាន់​ថុ​ន អាយុ​៦១​ឆ្នាំ រស់​ក្នុង​ដី​ជ្រុង​សាលា​បឋម​សិក្សា​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ជា​គ្រូបង្រៀន​ចូល​និវត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គាត់ និង​ប្រជាពលរដ្ឋ​៣​គ្រួសារ​ទៀត​បាន​មក​សុំ​រស់នៅ​លើ​ដី​សាលារៀន​ខាងក្រោយ​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ កាលនោះ​គាត់​ជា​គ្រូបង្រៀន​នៅ​សាលា​នេះ ក្រោយ​ពី​ចូល​និវត្តន៍​គាត់​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​កិច្ចសន្យា​នៅ​ក្នុង​សាលាខេត្ត មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រាប់តែ​ត្រូវ​បាន​ខាង​សាលា​ប្រាប់​ថា ការិយាល័យ​អប់រំ​ក្រុង​តម្រូវ​ឲ្យ​គាត់​រើ​ផ្ទះ​ចេញ​ពីលើ​ដី​នេះ ដោយ​ពុំ​មាន​ដំណោះស្រាយ​អ្វី​នោះ​ឡើយ ហើយ​គាត់​បាន​ដាក់​ពាក្យសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ចំពោះ​រឿង​នេះ ព្រោះ​អ្នក​រស់នៅ​លើ​ដី​នោះ​មាន​៤​គ្រួសារ ហេតុ​អ្វី​ដេញ​តែ​គាត់ ហើយ​៣​គ្រួសារ​ទៀត​គេ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ឲ្យ ចំណែក​រូប​គាត់​បែរជា​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​ចេញ ខណៈ​ខាង​អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ចុះ​មក​ដោះស្រាយ​ផង ។

អ្នកស្រី ប៉ែន ស៊ី​ចាន់​ថុ​ន បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូប​គាត់​ដែល​ជា​អតីត​គ្រូបង្រៀន​ចូល​និវត្តន៍ និង​ជា​ស្ត្រី​មេម៉ាយ​ផង ។ តើ​ឲ្យ​គាត់​ទៅ​រស់​នៅឯណា ម្យ៉ាង​ខ្លួន​ជា​ស្រី​មេម៉ាយ​ទៀត ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ភា សុខុម នាយក​សាលា​បឋម​សិក្សា​បល្ល័ង្ក បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​ថា កាលពីមុន​មាន​២​គ្រួ​សារបាន​មក​សុំ​ធ្វើ​ផ្ទះ​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ជ្រុង​សាលា​ខាង​មុខ ទី​១-​ខាង​សហគមន៍ និង​ទី​២-​ខាង​អ្នកគ្រូ ប៉ែន ស៊ី​ចាន់​ថុ​ន ។ កាលនោះ​លោកនាយក​សាលា​មុន​បាន​សម្រេច​ឲ្យ​អ្នកគ្រូ ប៉ែន ស៊ី​ចាន់​ថុ​ន មក​នៅ​ខាងក្រោយ ដោយ​មាន​កិច្ចសន្យា​ត្រឹមត្រូវ នៅ​ពេល​សាលា​ត្រូវការ ត្រូវ​តែ​ប្រគល់​ដី​មក​ឲ្យ​សាលា​វិញ ។ ដល់​ពេល​សាលា​ត្រូវការ​អភិវឌ្ឍន៍ ខាង​សហគមន៍​ព្រម​រើ​ផ្ទះ​ចេញ​តាំងពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៦​មក​ម្ល៉េះ នៅ​តែ​ខាង​អ្នកគ្រូ​មិន​ព្រម​ចេញ​សោះ ខណៈ​ដែល​រូប​គាត់​មានផ្ទះ​ថ្មី​១​កន្លែង​ទៀត​ហើយ​នោះ ។ លោក​រង់​ចាំតែ​ខាង​អាជ្ញាធរ​ខេត្ត​សម្រេច​ពីព្រោះ​ដី​នេះ​ជា​ដី​របស់​រដ្ឋ​ទេ ។

លោក យិ​ន ប៊ុ​ន​ហួត ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ស្ទឹង​សែន​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​នេះ​ថា ករណី​ខាងលើ​នេះ​ខាង​សាលា​ទេ​ជា​អ្នក​ដេញ ព្រោះ​ត្រូវ​សាងសង់​អាគារ​បន្ថែម ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។

ចំណែក​ខាង​អាជ្ញាធរ​ខេត្តកំពង់ធំ​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​បញ្ហា​របស់​អតីត​អ្នកគ្រូ ប៉ែន ស៊ី​ចាន់​ថុ​ន គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច រីឯ​ថា ត្រូវ​ដោះស្រាយ​ទៅ​តាម​វិធី​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ រង់ចាំ​ពិនិត្យ​ជាក់ស្តែង​សិន ៕