រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ អស់ក្តីកង្វល់ពីការលិចលង់នៅតំបន់បឹងត្របែក និងពេទ្យចិន ជាពិសេសក្នុងភូមិសាស្ត្រ ខណ្ឌចំការមន, ខណ្ឌដូនពេញ និងខណ្ឌ៧មករា ចាប់ពីពេលនេះតទៅ បន្ទាប់ពីស្ថានីយបូមទឹកបឹងត្របែកដាក់ឲ្យដំណើរការសាកល្បងម៉ូទ័របូមទឹកថ្មីខ្នាតធំ ដែលមានសមត្ថភាពខ្ពស់ ។
ក្នុងពេលចុះទៅពិនិត្យការបូមសាកល្បងស្ថានីយបូមទឹកបឹងត្របែក ទើបបំពាក់ម៉ូទ័របូមរួចនៅព្រឹកថ្ងៃទី២១ កញ្ញា លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅពេលនេះម៉ូទ័របូមទឹកចំនួន៣គ្រឿង ក្នុងចំណោម៦គ្រឿង បានដំណើរការបូមសាកល្បងប្រកបដោយភាពជោគជ័យ នៅស្ថានីយបូមទឹកបឹងត្របែកដែលមានសមត្ថភាពបូមទឹកប្រមាណ១៦ម៉ែត្រគូបក្នុង១វិនាទី គឺកើន៣ដងធៀបនឹងស្ថានីយចាស់ អាចរំដោះទឹកចេញពីភូមិសាស្ត្រ ខណ្ឌចំនួន៣នៅកណ្តាលក្រុងដូចជា ខណ្ឌចំការមន, ខណ្ឌដូនពេញ និងខណ្ឌ៧មករា បើទោះបីមានភ្លៀងធ្លាក់ខ្លាំងចាប់ពីពេលនេះតទៅក៏ដោយ។
លោកបន្តថា ស្ថានីយបូមទឹកបឹងត្របែកនេះ គ្រោងនឹងបំពាក់ម៉ូទ័រថ្មីខា្នតធំចំនួន១១គ្រឿង តែនៅជំហានដំបូងដាក់ឲ្យដំណើរការបូមសាកល្បង៦គ្រឿងសិន ប៉ុន្តែនៅពេលសាកល្បងម៉ូទ័រតែ១គ្រឿងប៉ុណ្ណោះ ធ្វើឲ្យទឹកស្រកស្ទើរតែពាក់កណ្តាលប្រឡាយ ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវតម្កល់ក្នុងប្រឡាយត្រូវមានកម្ពស់៣ម៉ែត្រ៨០ តែបើកម្ពស់ទឹកឡើងដល់៦ម៉ែត្រ១៥ គឺម៉ូទ័របូមថ្មីនេះអាចដំណើរការបូមដោយស្វ័យប្រវត្តិតែម្តង ។
សូមបញ្ជាក់ថា ការស្ថាបនាស្ថានីយបូមទឹកបឹងត្របែកថ្មីនេះស្របគ្នាទៅនឹងផែនការ សកម្មភាពស្តារបុកស៊ីផាយ និងស្ថាបនាផ្លូវអមប្រឡាយបឹងត្របែកដែលមានប្រវែង៩៧៨ម៉ែត្រ ទទឹងចាប់ពី១២ទៅ២៤ម៉ែត្រ តាមស្ថានភាពជាក់ស្តែង និងមានជម្រៅ៣ម៉ែត្រផងដែរ ប៉ុន្តែអ្វីដែលសំខាន់នោះ គេមានក្តីបារម្ភថា បន្ទាប់ពីស្ថានីយដែលមានសមត្ថភាពបូមខ្ពស់ដាក់ឲ្យដំណើរការនោះរកទឹកបូមគ្មាន ដោយសារស្ទះប្រព័ន្ធទឹកពីខាងលើតែម្តង ៕
ចែករំលែកព័តមាននេះ