ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចអន្តរក្រសួងបានសហការគ្នាបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តសៀមរាបបានឃាត់ខ្លួនជនល្មើសចំនួន៤នាក់ ដែលកំពុងអូសអួននិងឆក់ត្រី ។ ការបង្ក្រាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ពាក់ព័ន្ធករណីខាងលើ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល កម្លាំងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានសហការជាមួយកងកម្លាំងឈរជើងនៅទីបញ្ជាការកណ្តាលថ្នាក់ជាតិនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចមាត់ពាម មាត់ខ្លា ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកបន្ថែមថា នៅពេលកម្លាំងចម្រុះបានចុះទៅដល់ចំណុចកើតហេតុខាងលើ ក្រុមការងារបានជួបប្រទះនូវសកម្មភាពបទល្មើសនេសាទដោយអួនហ៊ុមសម្រាស់ រួមផ្សំឧបករណ៍ឆក់ត្រី និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ព្រមទាំងវត្ថុតាងនៃបទល្មើសជលផលរួមមាន ៖
១-ឈ្មោះ ដឺប ខា ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
២-ឈ្មោះ ខា បូរី ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
៣-ឈ្មោះ លិន ហុកលាង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
និង៤-ឈ្មោះ រ៉ាយ សុជា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកបន្ថែមថា វត្ថុតាងដែលបានដកហូតមានអួនហ៊ុមសម្រាស់១វង់ ប្រវែង១៦០ម៉ែត្រ សម្រុង១,៨ម៉ែត្រ ក្រឡា០,០១៥ម៉ែត្រ កាណូត(ស្មាច់) ចំនួន២គ្រឿង បណ្ដោយ៧,២ម៉ែត្រ ទទឹង១ម៉ែត្រ ជម្រៅ០,៥ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា កម្លាំង១៨សេះ បណ្ដោយ៥,៩ម៉ែត្រ ទទឹង០,៦ម៉ែត្រ ជម្រៅ០,៤ ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីយ៉ាន់ដាយ កម្លាំង១៨សេស អាំងវែទ័រឆក់១គ្រឿង អាគុយម៉ាក JP50A មួយគ្រឿង ខ្សែភ្លើងឆក់ប្រវែង៣ម៉ែត្រ ថ្នងដួសត្រី១គ្រឿង ។
លោកបានបញ្ជាក់ថា ពាក់ព័ន្ធបទល្មើសខាងលើនេះខណ្ឌរដ្ឋបាលជលផលសៀមរាបនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានកសាងសំណុំរឿងបទល្មើសជលផលជាក់ស្ដែង ដើម្បីបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមផ្លូវច្បាប់ ។ លោកបញ្ជាក់ទៀតថា រយៈពេលជិត១សប្តាហ៍នេះកម្លាំងសមត្ថកិច្ចអន្តរក្រសួងបានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនៃខេត្តសៀមរាប បានទូកនេសាទល្មើសច្បាប់ជិត ៥០គ្រឿងនិងជនល្មើសចំនួន៤នាក់ ។

រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញវិធានការទប់ស្កាត់និងបង្ក្រាប
កាលពីថ្ងៃទី៥ ខែមេសាកន្លងមក រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានចេញវិធានការពង្រឹងទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃ និងជលផល។ ការដាក់ចេញវិធានការនេះ គឺបន្ទាប់ពីមានប្រតិកម្ម របស់សម្តេចតេជោកាលពីពេលថ្មីៗកន្លងមកនេះទាក់ទិននឹងការងារខាងលើ ។
យោងតាមសេចក្តីជូនដំណឹងស្តីពីវិធានការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃ និងជលផល ដែលចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងសារាចរណែនាំស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដែលបានផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន ។

សេចក្តីជូនដំណឹងបន្តថា ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តខាងលើ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងការពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផល ឱ្យបានល្អប្រសើរនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមអនុវត្តនូវវិធានការចាំបាច់នេះ ៕
ចែករំលែកព័តមាននេះ