ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី នឹងផ្តល់ជំនួយជាទូត្រជាក់ ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizer

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ អូស្ត្រាលី នឹងផ្តល់ជំនួយជាទូត្រជាក់ ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizer។ ក្នុងនោះ អូស្ត្រាលី ក៏នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម…

រាជធានីភ្នំពេញ៖ អូស្ត្រាលី នឹងផ្តល់ជំនួយជាទូត្រជាក់ ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizer។ ក្នុងនោះ អូស្ត្រាលី ក៏នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិតកសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំកម្ពុជា​។

លោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលី បានលើកឡើងដូច្នេះ ក្នុងពេលចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២​។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូត​អូស្ត្រាលី ក៏បានគោរពជម្រាបជូនសម្តេចតេជោថា អូស្ត្រាលី នឹងបើក​ប្រទេស​ឡើងវិញ នៅ ២សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី នឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលី ដោយមិនបាច់ត្រូវការធ្វើតេស្តកូវីដទៀតទេ។ ​

​ នៅក្នុងជំនួប នាឱកាសនោះ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានគោរពជូន​សម្ដេចតេជោនូវលិខិតរបស់លោក Scott Morrison​ នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោ ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។

ការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណចំពោះឯកឧត្តម Pablo Kang ចំពោះការ​នាំនូវ​លិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី មកជូនសម្ដេចនៅពេលនេះ។

សម្តេចតេជោ ក៏បានមានប្រសាសន៍ថា កម្ពុជាតែងតែវាយតំលៃខ្ពស់ ចំពោះប្រទេស ដែលទទួលស្គាល់កម្ពុជា មុនកម្ពុជា ទទួលបានឯករាជ្យ។ ដោយឡែកអូស្ត្រាលី បានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ហើយជំរុញឲ្យកម្ពុជា ទទួលបានឯករាជ្យ ពីបារាំង។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ និងការបើកប្រទេសឡើងវិញ នៅ ២សប្តាហ៍ខាងមុខនេះ ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង​ និងទូត្រជាក់រក្សា​វ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

មុននឹងបញ្ចប់ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ បានស្នើឲ្យលោក​ Pablo Kang ធ្វើការពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

សូមរម្លឹកថា អូស្ត្រាលី ​​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ Pfizer​ជាង​ ២,៣ ​លាន​ដូស ដល់កម្ពុជា។ ក្នុងនោះ ​ពិធី​ប្រគល់ និងទទួលថ្នាំវ៉ាក់សាំង Pfizer ដំណាក់កាល​ទី​១ ចំនួន ៧៨៣ ០០០ ​ដូស ​ដល់​ប្រទេស​កម្ពុជា បានធ្វើឡើងកាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ប៉ុន្មានថ្ងៃក្រោយមក វ៉ាក់សាំង​នៅសល់ ត្រូវបានបញ្ជូន​មកដល់កម្ពុជា ដើម្បីបង្គ្រប់ចំនួនជាង ២,៣លានដូស។ កម្ពុជាបានប្រើប្រាស់​ថ្នាំវ៉ាក់សាំង ជាជំនួយរបស់អាមេរិកនោះ ជាដូសជំរុញទី៤។ តែដំណើរការចាក់វ៉ាក់សាំងដូសទី៤​នេះ ធ្វើឡើងតែនៅភ្នំពេញប៉ុណ្ណោះ ដោយសារតែ​តាមបណ្តាខេត្ត មិនទាន់មានទូត្រជាក់ ដើម្បីស្តុករក្សា​ទុកថ្នាំវ៉ាក់សាំង Pfizer នេះ៕   ច័ន្ទថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ