ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​ថា មន្ត្រី​ម្នាក់​បាន​លួច​ប្រាក់​ជាង​៥០​ម៉ឺន​ដុល្លារ ប៉ុន្តែមិនមែន​ជា​ថវិកា​បង់​ចូល​រដ្ឋ​ទេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម របស់​មន្ត្រី​ខ្លួន​ដែល​បាន​លួច​ប្រាក់​ចេញពី​ទូដែក សរុប​ជាង​៥០​ម៉ឺន​ដុល្លារ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម របស់​មន្ត្រី​ខ្លួន​ដែល​បាន​លួច​ប្រាក់​ចេញពី​ទូដែក សរុប​ជាង​៥០​ម៉ឺន​ដុល្លារ ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​រ៉ែ និង​ថាមពល បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ ក្រសួង​រ៉ែ និង​ថាមពល បាន​រក​ឃើញ​នូវ​អំពើ​ចោរកម្ម​ប្រព្រឹត្ត​ដោយ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​មួយ​រូបមាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​ចំណូល និង​ជា​រជ្ជទេយ្យ​ករ​ចំណូល​រង ទទួល​បន្ទុក​លើ​ការងារប្រាក់​រង្វាន់​របស់​ក្រសួង​ឈ្មោះ ជិន ល​ក្ខិ​ណា ភេទ​ស្រី ដែល​មន្ត្រី​រូប​នេះ បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​រ៉ែ និងថាមពល ចាប់តាំងពី​ឆ្នាំ​២០១៥ ហើយ​កន្លង​មក ពុំដែល​បង្ក​ជា​បញ្ហា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​ពី​ប្រធាន​អង្គភាពឡើយ ។

បន្ទាប់​ពី​បានដឹង​នូវ​អំពើ​ខាងលើ ប្រធាន​អង្គភាព​បាន​រៀបចំ​ផ្ទៀងផ្ទាត់​បញ្ជី​បឋម ហើយ​ឃើញ​ថា ថវិកា​ដែល​បាន​បាត់បង់​ជា​ប្រាក់​ដុល្លារ មាន​ចំនួន ១៦០,២៣៧.៩២ (​មួយ​រយ​ហុកសិប​ពាន់ ពីរ​រយ​សាមសិបប្រាំពីរ និង​កៅសិប​ពីរ​សេន​) ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល​ចំនួន ១,៤៣១,២៨៤,៥៩៧.៨០ (​មួយ​ពាន់​បួន​រយសាមសិប​មួយ​លាន ពីរ​រយ​ប៉ែតសិប​បួន​ពាន់ ប្រាំ​រយ​កៅសិប​ប្រាំពីរ និង​ប៉ែតសិប​រៀល​) ជា​ប្រាក់​រៀល ដែល​ក្នុង​នោះជា​ខ្ទង់​ថវិកា​ប្រាក់​រង្វាន់ បាន​មក​ពី​ចំណូល​សេវា​សាធារណៈ របស់​ក្រសួង​រ៉ែ និង​ថាមពល តាម​ប្រកាស​អន្តរក្រសួងសម្រាប់​បើក​ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​របស់​ក្រសួង​រ៉ែ និង​ថាមពល និង​ប្រាក់​ពង្រឹង​យន្តការ ដែល​ថ្នាក់ដឹកនាំ​ទាំងអស់ របស់​ក្រសួង បាន​ចូលរួម​សន្សំចាប់​តាំង​ពី​ឆ្នាំ​២០១៧ មក​សម្រាប់​ដោះស្រាយ​ការងារទូទៅ​របស់​ក្រសួង លើ​មុខការ​ផ្សេង​ៗ​របស់​ក្រសួង ដែល​គ្មាន​ថវិការដ្ឋ​សម្រាប់​ចំណាយ ។

ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា ថវិកា​សរុប​ដែល​បាត់បង់​ខាងលើ​នេះ ពុំ​មែន​ជា​ថវិកា​សម្រាប់​បង់​ចូល​ថវិការដ្ឋ​ទេ ។​

សូម​ជម្រាប​ថា សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ ដែល​មាន​តំណែង ជា​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ចំណូល នៃ​ក្រសួង​រ៉ែ និង​ថាមពល ពាក់ព័ន្ធ​នឹង​ករណី​លួច​លុយ​ចេញពី​ទូដែក​ជាង​៥០​ម៉ឺន​ដុល្លារ របស់​ក្រសួង​រ៉ែ និង​ថាមពល ស្ថិត​ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ជិន ល​ក្ខិ​ណា រូប​នេះ​មាន​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​នៅផ្ទះ​លេខ​២៥Eo ផ្លូវ​លេខ​១៩ ភូមិ​៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​របាយការណ៍​បញ្ជាក់​ដោយ​សមត្ថកិច្ច បាន​បង្ហាញ​ថា សម្ភារ​បាត់បង់​ក្នុង​ករណី​លួច​នេះ​រួម​មាន ៖
១- នៅ​ក្នុង​ទូដែក​រួម​មាន​ប្រាក់​រៀល​ចំនួន​១,៤៣១,២៨៤, ៥៩៧.៨០​រៀល (​មួយ​ពាន់​បួន​រយ​សាប​មួយ​លាន​ម៉ា​ម្ភៃ​ប្រាំបី​ម៉ឺន​បួន​ពាន់​ប្រាំ​រយ​កៅសិប​ប្រាំពីរ​រៀល​ប៉ែតសិប​សេន​)​។
២- ប្រាក់​ដុល្លារ​ចំនួន​១៦០,២៣៧​ដុល្លារ​និង​៩២​សេន (​ដប់​ប្រាំមួយ​ម៉ឺន​ពីរ​រយ​សាប​សិប​ប្រាំពីរ​ដុល្លារ​និង​កៅសិប​ពីរ​សេន​)​។

របាយការណ៍​ដដែល អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២ មន្ត្រី​ម្នាក់​ទៀត​ឈ្មោះ ហ៊ាន ថា​វី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ចំណូល​រ៉ែ និង​ថាមពល បាន​សុំ​អនុញ្ញាត​ច្បាប់​ចំនួន ៨​ថ្ងៃ ដោយសារ​ក្រុម​គ្រួសារ និង​រូប​គាត់​ផ្ទាល់ បាន​ផ្ទុក​នូវ​ជំងឺ​កូ​វី​ដ​-១៩ ។ លុះដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២ ជនសង្ស័យ​បាន​ផ្ញើ​សារ​ទៅ​មន្ត្រី​ឈ្មោះ ហ៊ាន ថា​វី តាម​ទូរស័ព្ទ​ថា សុំ​សោ​បន្ទប់ ឲ្យ​ជាង​ធ្វើ​សោ​ទូដែក ។ មន្ត្រី​ឈ្មោះ ហ៊ាន ថា​វី ក៏​ឲ្យ​ជនសង្ស័យ​ទៅ​យក​ពី​ប្រធាន​រដ្ឋបាល ។ ពេល​បាន​សោ​ហើយ​ជនសង្ស័យ​ក៏​ចូល​ទៅ​ឆ្កឹះ​ទូដែក និង​សែង​ទូដែក​ចេញ​ប្តូរ​ទូដែក​ថ្មី​មក​ជំនួស​វិញ ។

លុះ​មក​ដល់​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​៩​ព្រឹក មន្ត្រី​ឈ្មោះ ហ៊ាន ថា​វី ក៏​មក​ធ្វើការ​វិញ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ចាក់សោ​យក​ប្រាក់​ឲ្យ​ថ្នាក់ដឹកនាំ ស្រាប់តែ​ចាក់សោ​ពុំ​ត្រូវ និង​ខុស​លេខ​កូដ ទើប​គាត់​ហៅ​ជនសង្ស័យ​មក​សួរ ហើយ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ឃើញ​ជនសង្ស័យ​សែង​ទូដែក​ចេញ​ក្រៅ ទើប​ជនសង្ស័យ​សារភាព​ថា ខ្លួន​ជា​អ្នក​ឆ្កឹះ​ទូដែក និង​ប្តូរ​ទូដែក​ពិតមែន ។

បច្ចុប្បន្ន​នេះ ស្ត្រី​សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ឯ​អធិការ​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ រៀបចំ​បែបបទ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ