រាជធានីភ្នំពេញ ៖ ក្រុមការងារចំម្រុះហៅកាត់ថា (PAPA) ត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតលើករណីឃាតកម្មកុមារនៅកម្ពុជា ដែលមាននាយកដ្នាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ក្រសួងមហាផ្ទៃ និងអង្គភាពការពារកុមារ (CPU) ក្រោមការផ្តួចផ្តើមឡើងរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) និងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញចូលរួមដែរផង ។
កាលពីព្រឹកថ្ងៃទី១៣ កញ្ញា បានចេញសេចក្តីប្រកាសព័ត៌មានជាថ្មីម្តងទៀត រកសាក្សី ឬអ្នកដែលបានស្គាល់កុមាររងគ្រោះ ដោយអំពើឃាតកម្ម ដែលត្រូវជនមិនស្គាល់មុខយកសាកសពទៅទម្លាក់ចោលក្នុងទឹកស្រះព្រៃត្រែងលើដីឡូត៍ ស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា កាលពីជាង៣ខែមុននេះ ។
សេចក្តីប្រកាសរបស់ក្រុមការងារនោះបានបញ្ជាក់ថា សពកុមាររងគ្រោះមានអាយុប្រហែល៣ ទៅ៤ឆ្នាំ ត្រូវជនមិនស្គាល់មុខ យកសាកសពទៅប្លុងចោលក្នុងស្រះទឹក នៅភូមិ-ឃុំខាងលើ ហើយត្រូវប្រជាពលរដ្ឋប្រទះឃើញ បង្កឱ្យភា្ញក់ផ្អើល នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី៣ មិថុនា ២០១៦ ។
ភ្លាមនោះ សាកសពកុមារមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ រហូតមកដល់ពេលនេះជាង៣ខែហើយ ក៏នៅតែមិនទាន់ត្រូវបានគេស្គាល់ និងមានពន្លឺពីអត្តសញ្ញាណកុមាររងគ្រោះនោះដែរ ។ ដូច្នោះហើយ បានជាក្រុមការងារចម្រុះអំពាវនាវដល់ប្រជាពលរដ្ឋ ឬសាក្សីណា ដែលបានស្គាល់ដូចភិនភាគខាងក្រោមនេះ សូមជួយផ្តល់ព័ត៌មានដល់ក្រុមការងារចម្រុះនេះផង តាមរយៈសមត្ថកិច្ចមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ឬទាក់ទងលេខទូរស័ព្ទ ០៧៨ ៩៥៩ ០៩០ និង០១២ ៨៩៣ ១៣៥ ដើម្បីជាប្រយោជន៍ដល់ការស៊ើបអង្កេតរបស់សមត្តកិច្ចក្នុងការវែកមុខឃាតករ ។
កុមាររងគ្រោះអាយុពី៣ ទៅ៤ឆ្នាំ ស្លៀកពាក់ខោអាវឈុតរូបតុក្កតាខ្លាឃ្មុំ និងស្លៀកខោទឹកនោមពីក្នុងស្លាកសញ្ញាដូចក្នុងរូបថតនេះស្រាប់ ។ កុមាររងគ្រោះមានដើមកំណើតអាស៊ី សក់ពណ៌ខ្មៅ កម្ពស់ប្រហែល៧៥ ទៅ៨០សម និងគ្មានស្លាកស្នាមគួរឱ្យកត់សម្គាល់ទេ ។ រីឯមុខមាត់នៅក្នុងរូបថតនេះ គ្រាន់តែជាគំរូមិនមែនជារូបពិតទេ ។
ក្រុមការងារចម្រុះ PAPA ដែលបង្កើតឡើង សម្រាប់ជួយកុមាររងគ្រោះ មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនដែលធ្លាប់បានស្គាល់ជនរងគ្រោះ ពិតជាចេញមុខធ្វើសាក្សីផ្តល់ព័ត៌មាននេះ ដោយសម្ងាត់ជូនសមត្ថកិច្ច ដើម្បីមានតម្រុយឈានទៅចាប់ខ្លួនឃាតករ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ