ខេត្តបាត់ដំបង ៖ លោកស្នងការខេត្តបានចេញបទបញ្ជាភ្លាមៗឲ្យមន្ត្រីការិយាល័យជំនាញ ហៅមន្ត្រី ឬអ្នកពាក់ព័ន្ធក្នុងរឿង«យករថយន្តរបស់អង្គភាពទៅប្រើប្រាស់បើកឆ្គោកការពាររថយន្តដឹកបទល្មើសព្រៃឈើកណ្ដាលយប់» កាលពីប៉ុន្មានថ្ងៃមុននេះ ឲ្យចូលមកបំភ្លឺនៅការិយាល័យបុគ្គលិកនៃស្នងការខេត្តរាប់ទាំងមេអង្គភាពផង ក្រោយពីសំណុំរឿងនេះ ត្រូវបានបែកធ្លាយតាមបណ្ដាញសង្គមនានា ដែលបង្ហាញពីសកម្មភាពរថយន្តពាក់ស្លាកលេខ «នគរបាល» បើកជូនដំណើររថយន្តដឹកឈើនៅកណ្ដាលអធ្រាត្រ ។

លោក វេ គឹមស៊ីម នាយការិយាល័យនគរបាលបុគ្គលិកនៃស្នងការខេត្តបានប្រាប់កោះសន្តិភាពអំពីករណីនេះ តាមទូរស័ព្ទកាលពីថ្ងៃទី២៦ កុម្ភៈ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញសាមីអង្គភាព ដែលប្រើប្រាស់រថយន្តពាក់ស្លាកលេខ«នគរបាល» បើកការពាររថយន្តដឹកឈើកណ្ដាលយប់ ហើយត្រូវគេថតបានយកទៅផ្សាយបង្ហោះពេញមេឃ។ លោក វេ គឹមស៊ីម បានប្រាប់ថា ពិតជាមានរឿងនេះកើតឡើងមែន ហើយពេលនេះ លោកស្នងការខេត្តបានបញ្ជាឲ្យហៅអ្នកពាក់ព័ន្ធចូលខ្លួនមកបំភ្លឺ ។

រថយន្តពាក់ស្លាកលេខ «ន.ប» ដែលគេអះអាងថា បានបើកការពាររថយន្តដឹកឈើកណ្ដាលយប់នោះ ត្រូវបានស្រាវជ្រាវរកឃើញហើយ គឺជារថយន្តនៅអង្គភាព «វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣» នៅស្រុកសំឡូត ។ លោកនាយការិយាល័យរូបនេះបានបញ្ជាក់ថា ក្រោយពីស្រាវជ្រាវរកឃើញលោកស្នងការខេត្ត ក៏បានចេញបទបញ្ជាភ្លាមៗឲ្យហៅមន្ត្រីនិងអ្នកពាក់ព័ន្ធទាំងអស់រាប់ទាំងមេបញ្ជាការអង្គភាពផង ឲ្យចូលមកកាន់ការិយាល័យបុគ្គលិក ដើម្បីសាកសួរពីដំណើររឿង ។

ជុំវិញសកម្មភាពរថយន្តពាក់ស្លាកលេខ «ន.ប» បើកឆ្គក(កាង)រថយន្តដឹកឈើទាំងកណ្ដាលយប់នេះ ត្រូវបានក្រុមអ្នកសារព័ត៏មាន «ទូរទស្សន៍អនឡាញ» ក្នុងអង្គភាពមួយ… តាមប្រមាញ់បានយ៉ាងច្បាស់ក្រឡែត ហើយបានយកសកម្មភាពរថយន្ត«ន.ប»នេះ ទៅផ្សព្វផ្សាយលើបណ្ដាញសង្គមអង្គភាពខ្លួន ។ តាមរយៈការផ្សព្វផ្សាយនេះ គេបានបញ្ជាក់ថា សកម្មភាពរថយន្តពាក់ស្លាកលេខ ន.ប ដែលបើកកាងរថយន្តដឹកបទល្មើសព្រៃឈើយ៉ាងគគ្លើននេះ បានកើតឡើង នៅយប់ថ្ងៃទី២៣ កុម្ភៈ ។ រថយន្តដឹកឈើនេះ បានធ្វើដំណើរចេញពីតំបន់ព្រំដែនខ្មែរ-ថៃ ក្នុងស្រុកសំឡូត ហើយបើកឆ្លងកាត់ ស្រុកគាស់ក្រឡ តាមទឹកដីឃុំឆ្នាល់មាន់ ឆ្ពោះទៅឡើងផ្លូវជាតិលេខ៥ ។

ប្រភពព័ត៌មានដដែលនេះបានបញ្ជាក់ថា ក្រុមជនស៊ីវិលចន្លោះពី០៥ ទៅ០៦នាក់ ដែលជិះរថយន្តពាក់ស្លាកលេខ ន.ប នោះ បានបើក«ឆ្គកការពាររថយន្តដឹកឈើ» នេះ រហូតដល់ព្រំប្រទល់ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទើបក្រុមជិះរថយន្ត ន.ប បត់ត្រឡប់ក្រោយវិញ ។ ប៉ុន្តែក្រុមអ្នកតាមប្រមាញ់បានអះអាងក្នុងអត្ថបទរបស់ខ្លួនថា ជាមួយនឹងការតាមប្រមាញ់សកម្មភាពរថយន្តដឹកឈើលើដងផ្លូវនេះ ពួកគេត្រូវក្រុមជនស៊ីវិលជិះរថយន្តស្លាកលេខ ន.ប បើកស្ទាក់កាក់ពីមុខ ដើម្បីសួរនាំចំនួន០២លើកផ្ទួនៗ ដែលក្រុមនេះបានបង្ហាញពីចរិតកោងកាចណាស់ ក្រោយពីឃើញក្រុមការងារពួកគេជិះរថយន្ត តាមពីក្រោយរថយន្តដឹកឈើនោះជាប់រហូត ។

បើពិនិត្យលើរូបភាពក្នុងឃ្លីបវីដេអូខ្លីមួយ ដែលបានបង្ហាញពីសកម្មភាពរថយន្តពាក់ស្លាកលេខ ន.ប បើកស្ទាក់កាក់ពីមុខរថយន្តក្រុមអ្នកតាមប្រមាញ់ ។ រថយន្តដែលក្រុមជនស៊ីវិលជិះកាងបទល្មើសព្រៃឈើនោះម៉ាក Mazda ពណ៏ស ពាក់ស្លាកលេខ «នគរបាល» និងមានបិទឡូហ្គោលើទ្វារសងខាង «អគ្គស្នងការនគរបាលជាតិ» ។ អ្នកធ្វើអត្ថាធិបាយអត្ថបទនេះ នៅក្នងកម្មវិធីផ្សាយរបស់ខ្លួនបាននិយាយថា «រថយន្តបើកកាងបទល្មើសព្រៃឈើនេះ ពាក់ស្លាកលេខ នគរបាល 2.3055»។ រីឯរថយន្តដែលគេអះអាងថា ដឹកបទល្មើសព្រៃឈើនោះ ជារថយន្តប្រភេទសាំយុង ។ គេឃើញរថយន្តសាំយុងនោះញាត់ឈើឡើងពេញ រហូតលៀនចេញមកក្រោយ រួចយកក្រណាត់តង់គ្របរុំបិទជិតតែម្ដង ។

ក្រោយពីបានចង្អុលបង្ហាញស្លាកលេខ និងភិនភាគរថយន្តយ៉ាងច្បាស់ក្រឡែតដូចថ្ងៃបែបនេះ ។ នៅថ្ងៃទី២៦ កុម្ភៈ មន្ត្រីជំនាញក៏បានធ្វើការស្រាវជ្រាវ ចំណាយពេលត្រឹមមួយដង្ហើមចង្រិតប៉ុណ្ណោះ ក៏បានរកឃើញមុខសញ្ញា «រថយន្តពាក់ស្លាកលេខ ន.ប» ដែលជនស៊ីវិលមួយក្រុមយកទៅជិះឆ្គករថយន្តដឹកបទល្មើសព្រៃឈើ ។

គេបានរកឃើញថា រថយន្តនេះ ពាក់ស្លាកលេខនគរបាល2-3055 ដែលអគ្គស្នងការនគរបាលជាតិប្រគល់ជូនអង្គភាព «វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣» សម្រាប់បំរើការងារក្នុងអង្គភាព ។ បើតាមការកត់សម្គាល់រថយន្តនេះ ភាគច្រើនគេឃើញលោក សូត្រ សំអុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ជាអ្នកគ្រប់គ្រង និងប្រើប្រាស់ផ្ទាល់ ។ ប៉ុន្តែម្ដងម្កាល គេក៏ប្រទះឃើញរថយន្តនេះដឹកកម្លាំងចេញល្បាតដែរ។

ជុំវិញករណីនេះ កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក សូត្រ សំអុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣នេះបានទេ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី ២៧ កុម្ភៈ នេះ ។ ប៉ុន្តែបើតាមលោក វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក ដែលបានស្រង់សម្ដីលោក សូត្រ សំអុល បំភ្លឺបឋមតាមទូរស័ព្ទបានប្រាប់ថា លោក សូត្រ សំអុល មិនបានបើករថយន្តអង្គភាពទៅកាងរថយន្តដឹកឈើកណ្ដាលយប់នោះទេ ។ កូនចៅលោកជាអ្នកយកទៅប្រើប្រាស់ ខណៈលោកជាប់រវល់ទៅចូលរួមកម្មវិធីគេ ។

ពាក់ព័ន្ធនឹងការប្រើប្រាស់រថយន្តអង្គភាពបើកកាងរថយន្តដឹកឈើនេះ លោក វេ គឹមស៊ីម បានបកស្រាយថា កូនចៅលោកសូត្រ សំអុល បានយករថយន្តអង្គភាព ជិះជូនរថយន្តដឹកឈើរបស់ខ្លួន ដែលរុះរើផ្ទះចាស់ពីស្រុកសំឡូត យកទៅទុកនៅស្រុកមោងប្ញស្សី ។ មិនមែនកាងរថយន្តដឹកបទល្មើសព្រៃឈើ ដូចកាសែតផ្សាយទេ ។ កោះសន្តិភាព៖ បើគ្រាន់តែដឹកឈើរើផ្ទះចាស់ ទៅទុកនៅផ្ទះខ្លួន នៅស្រុកមោងប្ញស្សីសោះ ហេតុអ្វីចាំដឹកពេលយប់ មិនដឹកពេលថ្ងៃ ? លោកវេ គឹមស៊ីម បានផ្ដល់ចម្លើយ ក្នុងន័យជួយដោះបន្ទុកក្រុមអ្នកប្រើប្រាស់រថយន្តនគរបាលជូនរថយន្តដឹកឈើនេះដូច្នេះថា «បើតាមការសាកសួរមូលហេតុ ដែលពួកគេដឹកឈើចាស់ៗ ពីស្រុកសំឡូត ទៅទុកផ្ទះនៅស្រុកមោងប្ញស្សីទាំងកណ្ដាលយប់បែបនេះ គឺមិនហ៊ានដឹកពេលថ្ងៃ ព្រោះខ្លាចប៉ូលិសចរាចរណ៍ឃាត់» ។

លោក វេ គឹមស៊ីម បានបញ្ជាក់ដែរថា លោកស្នងការបានបញ្ជាឲ្យហៅមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងករណីនេះ រួមទាំងលោកសូត្រ សំអុល មេបញ្ជាការផង ដើម្បីសួរនាំ ។ លោកបានបន្ថែមថា ក្រោយពីបំភ្លឺរួច ក្រុមការងាររបស់លោក នឹងចុះត្រូតពិនិត្យឈើចាស់ៗ ដែលសាមីខ្លួនប្រាប់ថា ដឹកទៅគរទុកនៅស្រុកមោងប្ញស្សី ហើយនឹងចុះទៅពិនិត្យផ្ទះដែលទើបរុះរើនៅស្រុកសំឡូតទៀត តើពិតប្រាដកឬមិនពិត ? ផ្ទុយពីការបំភ្លឺបឋមរបស់លោក វេ គឹមស៊ីម ដែលអះអាងថា រថយន្តនោះដឹកឈើចាស់ៗ ទើបរុះរើផ្ទះនៅស្រុកសំឡូត រួចដឹកទៅទុកនៅផ្ទះ ស្រុកមោងប្ញស្សី បើតាមអ្នកអត្ថាធិប្បាយព័ត៌មាននេះ នៅក្នុងអង្គភាព «ទូរទស្សន៍អនឡាញ» ដែលជាសាមីអត្ថបទនេះ បាននិយាយថា រថយន្តដឹកឈើ និងរថយន្តពាក់ស្លាកលេខ «ន.ប» នោះ មិនមែនឈប់ត្រឹមស្រុកមោងប្ញស្សីទេ ។ គេឃើញរថយន្តពាក់ស្លាកលេខ «ន.ប» នេះ បើកឆ្គកដំណើររថយន្តដឹកឈើនោះរហូតដល់ព្រំប្រទល់ ស្រុកបាកាន ខេត្តពោធិសាត់ ទើបរថយន្តនគរបាលជាតិនេះ បើកត្រឡប់មកក្រោយវិញ ។

រីឯរថយន្តដឹកឈើក៏បន្តដំណើរទៅមុខទៀត ខណៈក្រុមការងារអ្នកសារព័ត៌មានដែលតាមប្រមាញ់ជាប់មិនឈប់នេះ ក៏បន្តដំណើរឆ្ពោះទៅភ្នំពេញដែរ ។ ដូច្នេះ បានន័យថា រថយន្តដឹកឈើដែលជូនដំណើរដោយរថយន្តលោកប៉ូលិសនោះ មិនមែនដឹកឈើចាស់ៗដែលទើបរុះរើផ្ទះពីស្រុកសំឡូតយកទៅទុកនៅ ស្រុកមោងប្ញស្សី ដូចការបំភ្លឺរបស់សមត្ថកិច្ចទេ គឺបានដឹកហូសផ្ទះហើយ ។

ទោះយ៉ាងណា គេរង់ចាំតាមអ៊ុតមើលការស៊ើបអង្កេតរបស់ការិយាល័យបុគ្គលិកនៃស្នងការខេត្ត អំពីលទ្ធផលចុងក្រោយ នៃការស៊ើបអង្កេតនេះ តើកំហុសធ្លាក់ទៅលើក្រុមអ្នកកាសែត ដែលតាមប្រមាញ់ និងផ្សាយព័ត៌មាននេះ ឬកំហុសធ្លាក់ទៅលើក្រុមជនស៊ីវិល ដែលប្រើប្រាស់រថយន្តពាក់ស្លាកលេខ«ន.ប» បើកឆ្គករថយន្តដឹកឈើចាស់ៗ កណ្ដាលអធ្រាត្រនោះ ? ប៉ុន្តែមហាជននៅតែជ្រូញចិញ្ចើមឆ្ងល់ ហើយចោទជាសំនួរថា បើឈើចាស់ៗ ទើបរុះរើផ្ទះសោះ ហេតុអ្វីចាំបាច់រុំក្រណាត់តង់ជិត ហើយដឹកទាំងកណ្ដាលអាធ្រាត្រលួចលាក់ដូចចោរ ? តើចាំបាច់អ្វី ត្រូវប្រើប្រាស់រថយន្តរបស់អង្គភាព«នគរបាល» បើកឆ្គកជូនដំណើររថយន្តដឹកឈើកញ្ចាស់ៗនោះ ដូចបើកជូនក្បូនរថយន្តលោកធំៗដែរ ? ៕
ចែករំលែកព័តមាននេះ