ទីក្រុងម៉ូស្គូ៖ លោកពូទីនបង្ហើបឱ្យដឹងថាលោកមិនយល់ទាស់ទេក្នុងការដូរដីគ្នាជាមួយអ៊ុយក្រែន។ ប៉ុន្តែតំបន់ដុនបាស់ត្រូវតែបានមកលើរុស្ស៊ីទាំងស្រុងទើបលោកយល់ព្រម។ សព្វថ្ងៃនេះ រុស្ស៊ីគ្រប់គ្រងដុនបាស់៩០% ចំណែកអ៊ុយក្រែនគ្រប់គ្រង១០%។ លោកត្រាំចង់ឱ្យអ៊ុយក្រែនប្រគល់ទាំង១០%នោះទៅឱ្យរុស្ស៊ីតែម្ដងទៅដើម្បីចរចាឆាប់ត្រូវរ៉ូវគ្នា។

លោកអានដ្រេ កូឡេស្នីកូស (Andrei Kolesnikov) ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែតកុំម៊ែសង់ (Kommersant) ប្រចាំវិមានក្រឹមឡាំង។ លោកថ្លែងថាលោកពូទីនបាននិយាយលម្អិតអំពីផែការដូរដីគ្នានៅឯពិធីជួបជុំថ្នាក់ដឹកនាំធុរកិច្ចកាលពីរាត្រីថ្ងៃទី២៤ ខែធ្នូ។ យោងតាមសារព័ត៌មានកុំម៊ែសង់ លោកពូទីនបញ្ជាក់ថារុស្ស៊ីត្រៀមខ្លួនធ្វើសម្បទានដូចដែលលោកធ្លាប់បានសន្យាជាមួយលោកត្រាំនៅពេលលោកទាំង២ជួបគ្នានៅអាឡាស់ស្កា។ និយាយម៉្យាងទៀតថាតំបន់ដុនបាស់ជារបស់យើង។

ជាចំណុចស្នូល លោកពូទីនចង់បានដុនបាស់ទាំងមូល។ ប៉ុន្តែក្រៅពីតំបន់នេះ លោកអាចនឹងយល់ព្រមដោះដូរគ្នាជាមួយអ៊ុយក្រែន។ នេះបើតាមការសរសេររៀបរាប់របស់លោកកូឡេស្នីកូសនៅក្នុងកាសែតកុំម៊ែសង់។

លោកហ្សេឡិនស្គីថ្លែងប្រាប់អ្នកសារព័ត៌មានថាអ៊ុយក្រែន និងគណៈប្រតិភូអាមេរិកចរចាជិតត្រូវរ៉ូវគ្នាទៅលើផែនការសន្តិភាពម្ភៃចំណុចកាលពីពេលជួបគ្នានៅទីក្រុងម៉ាយអាមី (Miami) រដ្ឋផ្លរីដា។ ប៉ុន្តែចំណុចដែលនៅខ្វែងគំនិតគ្នាគឺតំបន់ដុនបាស់។ ការទាមទារឱ្យអ៊ុយក្រែនដកទ័ពពីដុនបាស់ដើម្បីប្រគល់ទៅឱ្យរុស្ស៊ីជាអ្វីដែលអ៊ុយក្រែនមិនទទួលយក។ ម៉្យាងទៀត សិទ្ធិគ្រប់គ្រងរោងចក្រនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀក៏មិនទាន់ឯកភាពគ្នាដែរ។

សព្វថ្ងៃនេះនៅក្នុងចំណោមទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកំពុងកាន់កាប់មាន៖ តំបន់គ្រីម៉េត្រូវរុស្ស៊ីកាន់កាប់ទាំងស្រុង និងដាក់បញ្ចូលជាទឹកដីរបស់ខ្លួនតាំងពីឆ្នាំ២០១៤, ដុនបាស់រុស្ស៊ីគ្រប់គ្រង៩០%, ហ្សាប៉ូរីហ្សៀ (Zaporizhzhia) និងខឺសុន (Kherson) រុស្ស៊ីគ្រប់គ្រង៧៥%។ ក្រៅពីនេះតំបន់ដទៃទៀតដូចជាខាគីវ (Kharkiv), ស៊ូមី (Sumy), មីកូឡាយ (Mykolaiv) និងឌីនីប្រូប៉េត្រូស (Dnipropetrovsk) រុស្ស៊ីគ្រប់គ្រងបានមួយផ្នែក។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ