ខេត្តព្រៃវែង ៖ ក្រោយពីមានកម្លាំងអាជ្ញាធរសមត្ថកិច្ចនគរបាលមួយក្រុមចុះទៅរុះរើ និងដេញអាជីវករផ្សារព្រៃព្នៅចាស់ ស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមហេតុផលចុះរៀបចំសណ្តាប់ធ្នាប់សាធារណ:។
ភ្លាមៗនោះនៅព្រឹកថ្ងៃ ខែ ឆ្នាំដដែលក្រុមអាជីវករប្រមាណប្រហែលជា២០នាក់ បាននាំគ្នាឡើង ជិះរថយន្តឈ្នួលទៅសាលាខេត្តព្រៃវែង ដើម្បីស្នើសុំបទអន្តរាគមន៍ពីឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាជួយសម្រួលអោយពួកគាត់បានអង្គុយលក់ដូរនៅក្នុងផ្សារក្រមួនព្រៃព្នៅចាស់នេះចិញ្ចឹមជីវិតបន្តទៀតផង ។
ដោយសារកូនផ្សារក្រមួនមួយនេះមានទំហំផ្ទៃដីទទឹងខាងក្រោយផ្សារប្រហែល២០ម៉ែត្រ,បណ្តោយទៅច្រមុះជ្រូកខាងមុខប្រហែល៣០ម៉ែត្រប៉ុណ្ណោះ។ដែលពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះផ្ទាល់ដាំបន្លែផ្លែឈើនិងរកត្រីសាច់ហូបមិនអស់ក៍នាំគ្នាយកមកដាក់អង្គុយលក់តាមកញ្ជើកញ្ជ្រែងល្អីតាំងពីដូនតាមកម្លេះគ្រាន់បានប្រាក់បង់សងបំណុលគេផងនិងផ្គត់ផ្គង់គ្រួសារជួយកូនចៅបានរៀនសូត្រផង។
ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់អង្គុយលក់ដូរតាមការណែនាំរបស់អាជ្ញាធរខេត្តមិនអោយប៉ះពាល់លើដងផ្លូវសាធារណ:នោះទេ។ហើយពួកគាត់តែងតែគាំទ្រចូលរួមជាមួយអាជ្ញាធរសមត្ថកិច្ចក្នុងការចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់ជាប្រចាំ។ប៉ុន្តែកន្លងមកអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានតែងតែធ្វើទុក្ខបុកម្នេញរំខានពួកគាត់ជាច្រើនលើកច្រើនសារ ដោយចង់អោយពួកគាត់លក់នៅកន្លែងផ្សារថ្មី តែពួកគាត់តាំងចិត្តមិនទៅលក់នៅផ្សារថ្មីជាដាច់ខាត ព្រោះទី១-ពួកគាត់គ្មានលុយទិញតូបលក់ទៀតទេ។
ទី២-ពួកគាត់ចាស់ៗមិនហ៊ានដើរឆ្លងថ្នល់ជាតិលេខ៨ខ្លាចគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ។ដោយសារក្រុមអាជីវករផ្សារព្រៃព្នៅចាស់ មិនព្រមទៅលក់នៅផ្សារថ្មីបែបនេះហើយ ទើបឈ្មួញអ្នកវិនិយោគផ្សារថ្មីខ្ចីដៃអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានចេះតែវិធីប្រើយុទ្ធសាស្ត្រដេញអាជីវករជាបន្តបន្ទាប់ធ្វើអោយពួកគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃជំពាក់បំណុលគេជុំទិស ខ្លះមានជីវភាពខ្វះខាតក្រទៅៗ។
បើទោះបីគេអោយកាត់យ៉ាកឬដំបូលផ្ទះមួយលើកជាពីរលើកក៍ពួកគាត់ព្រមធ្វើតាមគេដែរអោយតែបានលក់ដូរសុខស្រួល។នៅតែគេមិនអោយពួកគាត់លក់ដូរបានសុខដោយតែរកហេតុផលដាក់កំហុសម្តងចេះម្តងចុះដាក់ក្រុមអាជីវករ សង្ស័យទទួលបានកំណែនពីឈ្មួញអ្នកវិនិយោគផ្សារថ្មីនោះបានយ៉ាងក្រាស់ក្រែលហើយមើលទៅបានជាខំប្រឹងណាស់។
សំនួរសួរថា តើអាជ្ញាធរសមត្ថកិច្ចបំរើប្រជាពលរដ្ឋឬក៍បំរើផលប្រយោជន៍បុគ្គលឯកជនអ្នកមានលុយមានអំណាច។ជាការព្រួយបារម្មណ៍របស់បងប្អូនអាជីវករខ្លាចគេរកលេសដេញអាជ៏វករចេញដើម្បីយកដីផ្សារព្រៃព្នៅចាស់នេះប្រគល់អោយបុគ្គលអ្នកមានលុយមានអំណាចធ្វើជាការ៉ាស់សាំងឬធ្វើអ្វីផ្សេងៗទៅតាមចិត្តរបស់គេ។មិនតែប៉ុណ្ណោះក្រុមអាជ្ញាធរសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់នោះថែមទាំងស្រែកគំរាមកំហែងរកចាប់ចងប្រជាពលរដ្ឋទៀតផង។
ហេតុដូចនេះហើយ ទើបពួកគាត់នាំគ្នាឡើងមកសាលាខេត្តព្រៃវែងដើម្បីស្នើសុំបទអន្តរាគមន៍ពីឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។ប៉ុន្តែពេលឡើងមកដល់សាលាខេត្តគេប្រាប់ថា លោកអភិបាលខេត្តមិននៅទេឡើងទៅប្រជុំនៅរាជធានីភ្នំពេញហើយ ដោយគេអោយចូលជួបជាមួយមន្ត្រីរដ្ឋបាលសាលាខេត្ត តែមន្ត្រីរដ្ឋបាល នៅតែនិយាយដដែលៗចង់អោយអាជីវករទៅលក់នៅផ្សារថ្មីចុះ តែក្រុមអាជីវករប្រកែកដាច់ខាតមិនទៅលក់នៅផ្សារថ្មីទេ ដោយពួកគាត់អះអាងថា សុខចិត្តនៅក្រាញ់នរៀលលក់នៅផ្សារព្រៃព្នៅចាស់នេះដដែលហើយព្រោះផ្សារនេះគឺជាផ្សារក្រមួនដែលមានប្រជាពលរដ្ឋអង្គុយលក់ប្រមាណចំនួន៤២នាក់ប៉ុណ្ណោះ ដោយលក់ដូរតាមកញ្ជើកញ្ជ្រែងល្អីតាំងពីដូនតាមកម្លេះ។
ទើបមន្ត្រីរដ្ឋបាលនិយាយជាមួយអាជីវករថា ឥឡូវបើលក់នៅផ្សារចាស់ដដែលក៍លក់ចុះ គ្មានអ្នកណាគេបង្ខំយើងទេ តែសុំកុំលក់ហៀរប៉ះពាល់លើផ្លូវសាធារណ:បានហើយ ចំពោះសំណើររបស់បងប្អូនអាជីវករក្នុងនាមមន្ត្រីរដ្ឋបាលនិងដាក់សំណើនេះជូនឯកឧត្តម អភិបាលខេត្តពិនិត្យបន្ត ។
ជុំវិញព៌ត៌មានខាងលើនេះ អង្គភាពយើងខ្ញុំនៅរង់ចាំធ្វើការបំភ្លឺពីគ្រប់មន្ត្រីអង្គភាពស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


















ចែករំលែកព័តមាននេះ