រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជា បានហៅការអំពាវនាវរបស់លោកសម រង្ស៊ី ពីក្រៅប្រទេសដើម្បីឲ្យមានការជួបជុំមួយនៅពេលមុខនេះ គ្រាន់តែដើម្បីកុំគេភ្លេចឈ្មោះខ្លួនតែប៉ុណ្ណោះ ខណៈអ្នកគាំទ្រភាគច្រើនអស់ជំនឿទៅហើយ ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវ័យក្មេង ដែលជាអតីតជាអ្នកសារព័ត៌មានក្រោយពីលោកសម រង្ស៊ី បានអំពាវនាវអំពីសមាជរបស់ខ្លួននៅទីក្រុងប៉ារីស ប្រទេសបារាំងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
ឯកឧត្តម ជា ធារិទ្ធ បានប្រាប់ឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥យ៉ាងដូច្នេះថា
«ទាក់ទងនិងការអំពាវនាវរបស់លោកសម រង្ស៊ី នេះ គឺជានយោបាយប្រជាភិថុតដដែលរបស់លោកសម រង្ស៊ី តែប៉ុណ្ណោះ ហើយក៏ជានយោបាយដែលគ្មានអ្វីនោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងអស់រយៈពេលជាង៣០ឆ្នាំមកនេះ លោក សម រង្ស៊ីនៅតែធ្វើនយោបាយដដែលដែលជាហេតុធ្វើឲ្យខ្លួនទទួលការបរាជ័យជាបន្តបន្ទាប់ដូចជាជីវិតនយោបាយរបស់គាត់នៅពេលបច្ចុប្បន្នដែលធ្លាក់ដល់បាតទៅហើយ ។
អ្នកនាំពាក្យរូបនេះបានអះអាងថា ការអំពាវនាវនេះក៏គ្មានន័យអ្វីទៀតដែរ សម្រាប់អ្នកគាំទ្ររបស់គាត់ដែរ ។ គេបានអស់ជំនឿទៅលើគាត់ ដូចជាផែនការសកម្មភាពទៀតហើយ ។ ម្យ៉ាងទៀត បើនិយាយពីបក្សសង្គ្រោះជាតិ គឺបក្សនេះត្រូវបានតុលាការលុបចោលរួចហើយ ដូច្នេះហើយគណបក្សនេះ គ្មានសុពលភាពត្រូវនិយាយក្នុងបរិបទនយោបាយនៅកម្ពុជាទៀតទេ ដោយការអនុវត្តខុសនឹងច្បាប់កម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា«ដូច្នេះ ជារួមមក នយោបាយរបស់លោកសម រង្ស៊ី ដែលតែងតែចេញនៅលើបណ្តាញសង្គមជាបន្តបន្ទាប់នោះ គេលែងចាប់អារម្មណ៍ទៅហើយ ហើយអ្វីដែលគាត់ធ្វើ និយាយជាព័ត៌មានដោយចោទប្រកាន់ផ្សេងៗគ្រាន់តែជាការទាក់ទាញឲ្យគេចាប់អារម្មណ៍ឬចង់ឲ្យគេរំលឹកឈ្មោះគាត់តែប៉ុណ្ណោះ តែជាអត្ថន័យ ឬផែនសម្រាប់ផែន ឬសកម្មភាពនយោបាយគាត់ត្រូវអស់ជំនឿពីអ្នកគាំទ្ររបស់ខ្លួនទៅហើយ»។
សូមជម្រាបថា លើកឡើងរបស់ឯកឧត្តម ជា ធារិទ្ធ ជាអនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្ដាល និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបន្ទាប់ពីលោកសម រង្ស៊ី បានអំពាវនាវធ្វើសមាជមហាជនគណបក្សសង្គ្រោះជាតិ នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៥។
លោកសម រង្ស៊ីថា «ខ្ញុំសូមអញ្ជើញបងប្អូនជនរួមជាតិជុំវិញពិភពលោក ដែលគិតគូរពីជោគវាសនាប្រទេសជាតិយើង ចូលរួមឬក៏បញ្ជូនតំណាងមកចូលរួម សមាជមហាជនគណបក្សសង្គ្រោះជាតិ ដោយដឹងថា គណបក្សស្នេហាជាតិមួយនេះ នៅតែរស់រវើក ក្នុងបេះដូងកូនខ្មែរគ្រប់រូប ។ សេចក្កីអញ្ជើញនេះ សំដៅទៅអ្នកគាំទ្រចលនាជាតិតស៊ូ និងអ្នកតាមដានកម្លាំងផ្ការីកនៅកម្ពុជាផង
ដែរ» ៕
ចែករំលែកព័តមាននេះ