រាជធានីភ្នំពេញ ៖ សំណង់ផ្ទះជួល ២ល្វែង ដែលបុកគ្រឹះបង្កអោយខូចខាតផ្ទះអ្នកជិតខាង ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែន ជ័យ ចុះផ្អាកការសាងសង់ជាបណ្តោះអាសន្នហើយ កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ។

ការចុះផ្អាកសំណង់នោះ បន្ទាប់ពីដើមបណ្តឹងដែលរងការខូចខាតពីការបុកគ្រឹះសាងសង់នោះ មានប្រតិកម្មយ៉ាងខ្លាំង ចំពោះអាជ្ញាធរ ដែលចេះតែពន្យារពេល ទោះបីសំណង់នោះអត់ច្បាប់ បង្កអោយប៉ះពាល់ដល់ផ្ទះអ្នកជិតខាងហើយ នៅតែបន្តសាងសង់រហូតជិតរួចរាល់ទៀត ។
សំណង់ផ្ទះជួល ២ល្វែង ដែលបានសាងសង់បុកគ្រឹះបង្កអោយប្រេះជញ្ជាំងផ្ទះអ្នកជិតខាងនោះស្ថិតនៅដីឡូតិ៍លេខ B1.B2 ភូមិ កាកាបសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ វ៉ែន សុគន្ធ ភេទប្រុស ។

តាមកំណត់ហេតុ ចុះត្រូតពិនិត្យ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅពេលចុះដល់ទីតាំង ក្រុមការងារបានត្រួតពិនិត្យ ឃើញថា សំណង់ផ្ទះល្វែង មានទំហំ៩,៧០ម៉ែត្រ គុណ ១៦,០ម៉ែត្រ ពុំមានលិខិតអនុញ្ញាតច្បាប់សាងសង់នៅឡើយទេ ។ ការដ្ឋានសំណង់បានចាក់ប្លង់សេ(ឡៅតឿ) រួចរាល់, ចាក់សរសរជាន់ទី១រួច និងកំពង់តែវាយពុម្ពធ្នឹមជាន់ទី១ ត្រៀមក្រាលក្ដា ដើម្បីចាក់ប្លង់សេ ជាន់ទី១ ទៀត ។
នៅក្នុងលិខិតនោះ ក៏បានណែនាំអោយម្ចាស់ ផ្អាកការសាងសង់ជាបណ្តោះអាសន្ន រួចសុំច្បាប់ទៅសាលាខណ្ឌ រហូតបានលិខិតអនុញ្ញាត ទើបបន្តសាងសង់វិញបាន ។ ក្នុងករណី ដែលម្ចាស់នៅតែបន្តសាងសង់ អាជ្ញាធរមានសមត្ថកិច្ច នឹងចុះមករឹបអូសសម្ភារៈ និងមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ឡើយ ។
បើតាមអាជ្ញាធរ បានអោយដឹងថា សំណង់អត់ច្បាប់នេះ ត្រូវបានអាជ្ញាធរ ចុះឃាត់ចំនួន ៥លើកមកហើយ តែនៅតែរឹងរូសបន្តសាងសង់ ។
គួរបញ្ជាក់ថា ទីតាំងសំណង់ខាងលើ បានសាងសង់ឡើង កាលពីកំឡុង ខែធ្នូ ឆ្នាំ២០២១ ។ ក្នុងការសាងសង់ មិនបានដកគម្លាតពីព្រំដីឡើយ ហើយបានបុកគ្រឹះជាប់ជញ្ជាំងអ្នកជិតខាង បង្កអោយរញ្ជួយផ្ទះ បង្កអោយបាក់ធ្លាក់ពិដាន ក្បឿង ប្រេះជញ្ជាំង និងឡាបូលាងចានរបស់ផ្ទះឈ្មោះ ហែម សំរិត ភេទប្រុស អាយុ៤៩ឆ្នាំ ដែលមានលំនៅជាប់ជញ្ជាំងគ្នា ។ បន្ទាប់ពីរងការប៉ះពាល់ និងរងការខូចខាត អ្នកជិតខាងបានដាក់ពាក្យបណ្តឹងចូលទៅសាលាសង្កាត់ ធ្វើការដោះស្រាយ ដោយមិនត្រូវរ៉ូវគ្នា ក៏បានបញ្ជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយបានបាត់ពាក្យបណ្តឹង ។
លុះក្រោយមក អ្នកជិតខាងក៏បានដាក់ពាក្យបណ្តឹងជាថ្មី ដោះស្រាយសម្របសម្រួលគ្នា ត្រូវភាគីម្ចាស់ផ្ទះបង្ក បានឯកភាពជួយរៀបឥដ្ឋ ធ្វើរបងអោយដើមបណ្តឹង, រាល់ការសាងសង់ ត្រូវដាក់សំណាញ់សុវត្ថិភាព ដើម្បីបង្ការហានិភ័យផ្សេងៗ ព្រមទាំងព្រមព្រៀងជួសជួល ការខូចខាតតែ ម្ចាស់សំណង់មិនបានអនុវត្ត តាមកិច្ចសន្យាឡើយ ហើយនៅតែបន្តសាងសង់ ទាំងបំពានមិនបិទបាំងសំណាញ់សុវត្ថិភាពទៀត ។ ទើបអ្នកជិតខាងមានប្រតិកម្ម ទទួចអោយអាជ្ញាធរ ចុះផ្អាកនៅពេលនេះ ៕
អត្ថបទពាក់ព័ន្ធ «អាជ្ញាធរអញ្ជើញពលរដ្ឋដោះស្រាយទំនាស់សាងសង់សំណង់ជាប់ព្រំ ប៉ុន្តែដល់ថ្ងៃណាត់ ប្រាប់ថា ឈឺសង្ស័យមានចេតនាពន្យារពេល»








ចែករំលែកព័តមាននេះ