រាជធានីភ្នំពេញ ៖ ភាគីទំនាស់ ដែលរងគ្រោះ ដោយសារអ្នកជិតខាងបុកគ្រឹះសាងសង់ផ្ទះ បង្កប៉ះពាល់ដល់ផ្ទះជិតខាងរហូតប្រេះជញ្ជាំង បានមានប្រតិកម្មយ៉ាងខ្លាំង ចំពោះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលបណ្តែតបណ្តោយ និងយកលេសគ្រប់បែបយ៉ាងពន្យារពេលក្នុងការដោះស្រាយ ជូនប្រជាពលរដ្ឋរងគ្រោះ ដែលបានដាក់ពាក្យបណ្តឹង ដូចជាធ្វើបាត់ពាក្យបណ្តឹង ឬមិនចុះទៅពិនិត្យទីតាំងដែលមានទំនាស់ ។

អ្វីដែលនឹកហួសចិត្តទៅទៀតនោះ គឺនៅពេលដែលប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង ជាលើកទី៣ អាជ្ញាធរក៏បានអញ្ជើញមកដោះស្រាយគ្នា នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២២នេះ ហើយភាគីទាំង២ ក៏បានចូលមកដោះស្រាយ និងអង្គុយរង់ចាំអស់ប្រមាណជិត២ម៉ោង ស្រាប់តែលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ អោយគេមកប្រាប់ថា លោកឈឺទៅវិញ ហើយអោយមន្ត្រីមកជំនួស ប៉ុន្តែមន្ត្រីផ្សេងនោះ ក៏មិនបានមកទៀត ។ ទង្វើបែបនេះ ត្រូវបានភាគីដើមបណ្តឹង មានការសង្ស័យថា អាជ្ញាធរមានចេតនាពន្យារ ហើយសំណង់ដែលបង្កការខូចខាតដល់អ្នកជិតខាងនោះ មានឱកាសធ្វើរហូតដល់ជិតរួចរាល់ ។
សំណង់ផ្ទះជួល ២ល្វែង ដែលបានសាងសង់បុកគ្រឹះ បង្កអោយប្រេះជញ្ជាំងផ្ទះអ្នកជិតខាងនោះ ស្ថិតនៅដីឡូតិ៍លេខ B1.B2 ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលម្ចាស់សំណង់ មានឈ្មោះ វ៉ែន សុគន្ធ ភេទប្រុស ។
បើតាមលោក ហែម សំរិត ភេទប្រុស អាយុ៤៩ឆ្នាំ ជាភាគីរងគ្រោះ មានលំនៅផ្ទះលេខ C៥ ផ្លូវលេខ២៨៥ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជាប់ព្រំគ្នា បានអោយដឹងថា កាលពីកំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ឈ្មោះ វ៉ែន សុគន្ធ ភេទប្រុស មានព្រំដីជាប់ផ្នែកខាងក្រោយ បានសាងសង់ផ្ទះជួល ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសាងសង់មិនបានដកគម្លាតពីព្រំនោះទេ ។ ដោយឡែក នៅក្នុងការសាងសង់សំណង់ថ្មីនោះ ក៏បានបុកគ្រឹះជាប់ជញ្ជាំង ដែលបង្កអោយរញ្ជួយផ្ទះអ្នកជិតខាង ធ្វើអោយបាក់ធ្លាក់ពិដាន ក្បឿង ប្រេះជញ្ជាំង និងឡាបូលាងចាន ថែមទៀតផង ។
លោក ហែម សំរិត បានបន្តថា ដោយមានការប៉ះពាល់ និងរងការខូចខាតបែបនេះ លោកក៏បានទៅដាក់ពាក្យបណ្តឹងចូលកាន់សាលាសង្កាត់កាកាបទី២ ដើម្បីធ្វើការដោះស្រាយគ្នា ប៉ុន្តែដោយសារការដោះស្រាយមិនត្រូវរ៉ូវគ្នា ពាក្យបណ្តឹងត្រូវបានបញ្ជូនបន្ត មកសាលាខណ្ឌពោធិ៍សែនជ័យ ហើយបាត់ដំណឹង ។ ដោយបាត់ដំណឹងយូរ ភាគីរងគ្រោះ បានទៅសាកសួរ នៅសាលាខណ្ឌ ជាច្រើនលើក ស្រាប់តែអាជ្ញាធរប្រាប់ថា ពាក្យបណ្តឹងបានបាត់ហើយ អោយដាក់ពាក្យបណ្តឹងជាលើកទី២ ។
លោក ហែម សំរិត បានបន្ថែមទៀតថា បន្ទាប់មក អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលមានលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអោយមន្ត្រីក្រោមឱវាទ ហៅភាគីទាំង២ ចូលមកដោះស្រាយសម្របសម្រួលគ្នា ។ ក្នុងការសម្រួបសម្រួលនោះ ត្រូវបានភាគី ម្ចាស់សំណង់ថ្មី បានឯកភាព ដោយជួយរៀបឥដ្ឋធ្វើរបងអោយភាគីរងគ្រោះវិញ ហើយរាល់ការសាងសង់ ត្រូវដាក់សំណាញ់សុវត្ថិភាព ដើម្បីបង្ការការពារហានិភ័យផ្សេងៗ ។ ប្រសិនមានការធ្លាក់សម្ភារសំណង់ កម្ទេចថ្ម និងសម្ភារផ្សេងៗធ្វើអោយប៉ះពាល់ផ្ទះ និងសមាជិកគ្រួសារភាគីដើមបណ្តឹងជាយថាហេតុ ចុងចម្លើយ ត្រូវមានកាតព្វកិច្ចលើការជួសជួល តែផ្ទុយទៅវិញ ភាគីចុងចម្លើយ មិនបានអនុវត្តតាមកិច្ចសន្យានោះទេ ហើយនៅតែបន្តសាងសង់ទាំងមិនបាំងសំណាញ់សុវត្តិភាពទៀត ។ មិនតែប៉ុណ្ណោះ អ្នកម៉ៅការសាងសង់ ក៏បានដាក់ប្តឹងចោទប្រកាន់មកលើគាត់វិញថា គាត់បានប្រើហិង្សាទៅវិញ ។
លោក ហែម សំរិត បានបន្តទៀតថា ដោយសារតែម្ចាស់សំណង់រូបនោះ មិនគោរពកិច្ចព្រមព្រៀង ទើបរូបគាត់បានដាក់ពាក្យបណ្តឹងជាលើកទី៣ ហើយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើលិខិតអញ្ជើញភាគីទាំង២ ចូលទៅដោះស្រាយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតិភាពលោក ព្រាប ម៉ាណែល អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែដល់វេលាកំណត់ ធ្វើអោយដើមបណ្តឹងខកចិត្តយ៉ាងខ្លាំង ដោយសារតែលោកអភិបាលរងរូបនោះ អោយមន្ត្រីមកប្រាប់ថា រូបលោកឈឺ ទៅវិញ ។
តាមម្ចាស់ផ្ទះដើមបណ្តឹង បានអោយដឹងថា គាត់មានការខកចិត្តនឹងអាជ្ញាធរ ដែលមិនបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ហើយចេះតែពន្យាពេល អស់០៣ខែមកហើយ ដោយទុកអោយសំណង់នោះ ចេះតែបន្តសាងសង់ ទាំងបំពានរហូតជិតរួចរាល់ ដោយគ្មានដំដោះស្រាយអ្វីឡើយ ។
ម្ចាស់ផ្ទះដើមបណ្តឹង បានបញ្ជាក់ថា តាំងពីគាត់បានដាក់ពាក្យបណ្តឹងចូលសាលាខណ្ឌពោធិ៍សែន រួចមក គាត់មិនដែលបានឃើញលោកអភិបាលរងខណ្ឌ ព្រាប ម៉ាណែល ចុះមកពិនិត្យទីតាំងការដ្ឋាន ដែលធ្វើអោយមានផលប៉ះពាល់ នោះទេ ។
ដើមបណ្តឹង ក៏បានទទួចស្នើសុំអោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដែលមានលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌ មេត្តាជួយផ្អាកការដ្ឋានសំណង់នោះ ដើម្បីរងចាំការដោះស្រាយគ្នាចប់សិន ទើបអាចសង់បន្តបាន ។
ទោះបីជាយ៉ាងណា កោះសន្តិភាពពុំទាន់ទទួលការបំភ្លឺណាមួយ ជុំវិញការចោទប្រកាន់របស់ដើមបណ្តឹងពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍ជ័យ ក៏ដូចជាភាគីម្ចាស់ការដ្ឋានសំណង់ ដែលធ្វើអោយមានផលប៉ះពាល់នៅឡើយទេ ៕






ចែករំលែកព័តមាននេះ