ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​បើករថយន្ត​ចេញពីផ្ទះ​លឿន​ដូច​ហោះ ធ្វើ​ឱ្យ​មនុស្ស​៤​នាក់​រង​គ្រោះ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ខឹង​ជាមួយ​ប្រពន្ធ ហើយ​ក៏​បើករថយន្ត​ចេញពីផ្ទះ​លឿន​ដូច​ហោះ រួច​ក៏​ទៅ​បុក​រះ​ម៉ូតូ​អស់​ចំនួន​២​គ្រឿង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ខឹង​ជាមួយ​ប្រពន្ធ ហើយ​ក៏​បើករថយន្ត​ចេញពីផ្ទះ​លឿន​ដូច​ហោះ រួច​ក៏​ទៅ​បុក​រះ​ម៉ូតូ​អស់​ចំនួន​២​គ្រឿង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវ​រង​របួសធ្ងន់ ពីរ​នាក់ និង​ស្រាល​ពីរ​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម៉ូតូ​រង​គ្រោះ​ខាងលើ ម៉ាក​ស៊ុ​យ​ស៊ូ​គី​វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1CJ-1554 ជិះ​មាន​គ្នា​ពីរ​នាក់​ឪពុក​និង​កូន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រង​របួស​ទាំង​ពីរ​នាក់​។ ម៉ូតូ​រង​គ្រោះ​ទី​២ ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1JD-4948 ជិះ​មាន​គ្នា​ពីរ​នាក់​ស្ដ្រី​ទាំង​ពីរ រង​របួសស្រាល​។ ចំណែក​រថយន្ត​បង្ក​វិញ ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-7063 បើកបរ​ជិះ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បោះពួយ​យ៉ាង​លឿន​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ពី​តំណាង​ម្ចាស់​រថយន្ត​បង្ក​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយសារ​បុរស​ជា​ប្តី​ដែល​ជា​អ្នក​បើករថយន្ត បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ជាមួយនឹង​ប្រពន្ធ​របស់​គាត់ បន្ទាប់​មក​ក៏​បាន​បើករថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ម្នាក់ឯង ចេញពីផ្ទះ​ចូល​ទៅ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​បោះពួយ​យ៉ាង​លឿន ហើយ​ក៏​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង ដែល​ជិះ​នៅ​ខាង​មុខ ដោយ​ម៉ូតូ​ទី​១ ម៉ាក​ស្កុប​ពី ជិះ​ដោយ​ស្ដ្រី​ពីរ​នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្ដាល​ឲ្យ​ដួល​រង​របួសស្រាល​។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ម៉ូតូ​ទី​២ ម៉ាក​ស៊ុ​យ​ស៊ូ​គី​វី​វ៉ា ជិះ​មាន​គ្នា​ពីរ​នាក់​ឪពុក​និង​កូន​បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​នឹង​ផ្លូវ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់ ហើយ​ត្រូវ​រថយន្ត​ឯកជន​ទៅ​ដល់​បំរុង​នឹង​លើកយក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ តែ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​មិន​ព្រម​ឡើង​លើ​រថយន្ត​ទៅ​សង្គ្រោះ​ទេ ។ រីឯ​អ្នក​រថយន្ត​បង្ក​វិញ បាន​ចុះ​ពីលើ​រថយន្ត រួច​រត់គេច​ខ្លួន​បាត់​ស្រមោល បន្ទាប់​មក​ក៏​មាន​តំណាង​ខាង​ម្ចាស់​រថយន្ត​បង្ក បាន​ចេញ​មុខ​មក​សំរបសំរួល និង​ដោះស្រាយ​ជាមួយនឹង​ម្ចាស់​ម៉ូតូ​ទាំង​ពីរ​គ្រឿង​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ដោយ​មាន​ខាង​តំណាង​ភាគី​ខាង​ម្ចាស់​រថយន្ត​បង្ក ចេញ​មុខ​មក​សំរបសំរួល​គ្នា ដោះស្រាយ​បញ្ចប់​នៅ​កន្លែង​កើតហេតុ ដោយ​ជួយ​ចេញថ្លៃ​ព្យាបាល​របួស និង​ថ្លៃ​ជួសជុល​ម៉ូតូ​ទាំង​សងខាង បន្ទាប់​មក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ទាំង​ពីរ​គ្រឿង ក៏​បាន​ទៅ​អស់​រៀង​ៗ​ខ្លួន តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ