ក្រោយឈ្នះមេដាយមាស កីឡាករការ៉ាតេឥណ្ឌូនេស៊ី រំពឹងមកកម្ពុជាម្ដងទៀតនៅឆ្នាំ២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាករឥណ្ឌូនេស៊ី Ahmad Zigi Zaresta Yuda ម្ចាស់មេដាយមាស វិញ្ញាសាសម្ដែងឯកត្តជនបុរស
រាជធានីភ្នំពេញ ៖ កីឡាករឥណ្ឌូនេស៊ី Ahmad Zigi Zaresta Yuda ម្ចាស់មេដាយមាស វិញ្ញាសាសម្ដែងឯកត្តជនបុរស
រាជធានីភ្នំពេញ ៖ កីឡាករឥណ្ឌូនេស៊ី Ahmad Zigi Zaresta Yuda ម្ចាស់មេដាយមាស វិញ្ញាសាសម្ដែងឯកត្តជនបុរស ក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th South East Asian Karate Championship) ឆ្នាំ២០២២ បានបង្ហាញគោលដៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ហើយសង្ឃឹមថា នឹងវិលមកព្រះរាជាណាចក្រកម្ពុជាម្តងទៀតសម្រាប់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
កីឡាករ Ahmad Zigi Zaresta Yuda បានប្រាប់ថា៖«ជាដំបូង ខ្ញុំពិតជារំភើបចំពោះលទ្ធផលនេះ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះស៊ីហ្គេមនៅវៀតណាមសល់មួយខែ។ ម្យ៉ាងទៀត វាជាការត្រៀមខ្លួនចុងក្រោយសម្រាប់ស៊ីហ្គេម។ ខ្ញុំសង្ឃឹមថា នេះអាចធ្វើឲ្យយើងមានស្មារតីកាន់តែខ្លាំងសម្រាប់ការប្រកួតស៊ីហ្គេម។ វាជាគោលដៅរបស់ខ្ញុំក្នុងការឈ្នះមេដាយមាស មុនពេលមកកម្ពុជា ដូច្នេះខ្ញុំពិតជារីករាយណាស់ក្នុងការឈ្នះវា»។
«ការប្រជែងតែងតែលំបាក ប៉ុន្តែវាពិតជាអស្ចារ្យក្នុងការចូលរួមប្រកួតស៊ីហ្គេម។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ប្រទេសរបស់ខ្ញុំ ហើយសង្ឃឹមថា ខ្ញុំអាចទទួលបានមេដាយមាស»។ Ahmad Zigi Zaresta Yuda បានបន្ថែមក្ដីរំពឹងសម្រាប់ស៊ីហ្គេម នៅវៀតណាម។
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ឆ្នាំ២០២២ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍អន្តរជាតិប្រចាំតំបន់មួយដែលបានធ្វើឡើងនៅកម្ពុជា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ យ៉ាងណាមិញកីឡាកររូបនេះបានសរសើរដល់ការរៀបចំរបស់កម្ពុជា ហើយរំពឹងមកកម្ពុជា ម្ដងទៀតជាមួយការឈ្នះដដែល នៅស៊ីហ្គេម២០២៣។
«ការរៀបចំគឺល្អណាស់។ ប្រជាជនកម្ពុជានៅទីនេះពិតជាអស្ចារ្យ ហើយខ្ញុំសប្បាយចិត្តណាស់ដែលបានមកទីនេះ។ នេះជាលើកទី១ របស់ខ្ញុំនៅប្រទេសកម្ពុជា ដូច្នេះវាជាអនុស្សាវរីយ៍មួយសម្រាប់ខ្ញុំ។ ស៊ីហ្គេមបន្ទាប់នៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមកទីនេះម្ដងទៀតនៅឆ្នាំក្រោយ ហើយសង្ឃឹមថា វានឹងក្លាយជាពេលវេលាដ៏ល្អមួយទៀតសម្រាប់ខ្ញុំ»។ Ahmad Zigi Zaresta Yuda បានសង្កត់ធ្ងន់។
Ahmad Zigi Zaresta Yuda មានវ័យ ២៤ឆ្នាំ ចាប់ផ្ដើមស្គាល់ពាក្យថាឈ្នះមេដាយលើកដំបូងកាលពីឆ្នាំ២០១៧ ក្នុងការប្រកួតជើងឯកទ្វីបអាស៊ី ដោយទទួលបានមេដាយប្រាក់ នៅប្រទេសកាហ្សាក់ស្ថាន។ ជាមួយគ្នានេះផងដែរ រូបគេក៏បានមេដាយប្រាក់ នៅស៊ីហ្គេម ឆ្នាំ២០១៧ ក្នុងប្រទេសម៉ាឡេស៊ី ខណៈឆ្នាំ២០១៨ ក្នងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) គេទទួលបានមេដាយសំរឹទ្ធិ និងនៅឆ្នាំ២០១៩ លើប្រទេសកំណើតរបស់ខ្លួន ទទួលបានមេដាយប្រាក់ម្ដងទៀតក្នុងការប្រកួតជើងឯកទ្វីបអាស៊ី នៅអ៊ូសបេគីស្ថាន និងឈ្នះមេដាយមាស ស៊ីហ្គេម២០១៩ នៅហ្វីលីពីន ហើយនៅឆ្នាំ២០២១ ទទួលបានមេដាយប្រាក់ ក្នុងការប្រកួតជើងឯកទ្វីបអាស៊ី នៅកាហ្សាក់ស្ថាន៕
ចែករំលែកព័តមាននេះ