ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ឆក់​ត្រជាក់ និង​កាណូត​ល្បឿនលឿន សមត្ថកិច្ចតាមចាប់មិនដែលទាន់ តែពេលនេះ តាមចាប់ដល់ផ្ទះ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីកំណត់មុខសញ្ញាជនសង្ស័យ ដែលតែងតែប្រើឧបករណ៍ឆក់ត្រី (ឆក់ត្រជាក់) និង​ប្រើប្រាស់កាណូតល្បឿនលឿន បាន​ច្បាស់លាស់ នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក…

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីកំណត់មុខសញ្ញាជនសង្ស័យ ដែលតែងតែប្រើឧបករណ៍ឆក់ត្រី (ឆក់ត្រជាក់) និង​ប្រើប្រាស់កាណូតល្បឿនលឿន បាន​ច្បាស់លាស់ នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ និងមន្ត្រី​ជំនាញ ចុះ​ចាប់ និងឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​មាត់​ទន្លេ ក្នុង​ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក តាត សីហាក់ មន្ត្រីរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សមត្ថកិច្ចចម្រុះ ដឹកនាំដោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឈឿង រដ្ឋា ហៅ រ័ត្ន ភេទប្រុស រស់​នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​។ ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺដោយសារតែកន្លងមក ជនសង្ស័យរូបនេះ តែងតែធ្វើសកម្មភាពឆក់ត្រជាក់ នៅចំណុចភូមិចុងកោះ និងចំណុចភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប៉ុន្តែសមត្ថកិច្ច មិនងាយដេញតាមទាន់ឡើយ ព្រោះតែជនសង្ស័យរូបនោះ ប្រើកាណូតល្បឿនលឿន​។

ប៉ុន្តែពេលនេះ ដោយកំណត់មុខសញ្ញា​បាន មន្ត្រី​រដ្ឋបាលជលផល បានធ្វើកំណត់​ហេតុ បញ្ជូនទៅកាន់តុលាការ ទើបនៅព្រឹកថ្ងៃទី​២៨ មីនានេះ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកព្រះរាជអាជ្ញា បានចុះចាប់ដោយផ្ទាល់ និងដកហូតវត្ថុតាង រួមមាន ម៉ាស៊ីនឆក់ត្រជាក់ ១ គ្រឿង និងកាណូត បាឡាស្មាច់ បំពាក់ដោយម៉ាស៊ីន ៦សេះ ល្បឿនលឿនមួយគ្រឿង។ ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្ដីពី ជលផល​។

សូមរំលឹកថា ក្រោយពីការអនុវត្តការបង្ក្រាបបទល្មើសយ៉ាងក្តៅគគុករបស់អាជ្ញាធរ ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ឧបករណ៍ឆក់ត្រីឆក់ត្រជាក់ និងអ្នកទិញត្រី ចំនួន ៣នាក់ហើយ​៕ ពៅ សុខហ៊ាន ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ