លោក ប្រាក់ វុទ្ធី ជំរុញក្រុមបាល់ទាត់នារីកម្ពុជាចូលរួមប្រកួតស៊ីហ្គេម លើកដំបូង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដែលកំពុងមានសកម្មភាពផុសផុលនាប៉ុន្មានឆ្នាំចុង
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដែលកំពុងមានសកម្មភាពផុសផុលនាប៉ុន្មានឆ្នាំចុង
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដែលកំពុងមានសកម្មភាពផុសផុលនាប៉ុន្មានឆ្នាំចុងក្រោយនេះ ទីបំផុតនឹងឈានជើងចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ជាលើកដំបូង នៃស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងចាប់ផ្ដើមនាខែឧសភាខាងមុខ។
លោក ប្រាក់ វុទ្ធី អតីតគ្រូបង្គោលក្លិបបឹងកេត ដែលកំពុងដឹកនាំ ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានបង្ហើបថា វាជាឱកាសដ៏ល្អមួយដើម្បីបង្ហាញដល់មហាជន ពីសក្តានុពលបាល់ទាត់នារី។ ជាពិសេសជាការវាស់ស្ទង់សមត្ថភាពកីឡាការិនី មុនពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ លោកថ្លែងថា «យើងពិតជាមានមោទកភាពចំពោះការផ្តល់ឱកាសឲ្យកីឡាបាល់ទាត់នារីបានចូលរួមប្រកួត ស៊ីហ្គេមនៅវៀតណាម ទោះបីជាលើកដំបូង តែវាគឺជាឱកាសដ៏ល្អមួយដើម្បីបង្ហាញដល់មជ្ឈដ្ឋានទូទៅ ពីសក្តានុពលបាល់ទាត់នារី ដែលទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំ ដោយបានពិនិត្យលើភាពរីកចម្រើននៃកីឡាបាល់ទាត់នារីមកដល់ពេលបច្ចុប្បន្ន»។
លោកបានបន្តថា ៖ «ម្យ៉ាងទៀតប្រភេទកីឡាបាល់ទាត់នារីនេះ ជាចំណុចអាទិភាពមួយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន និងកំពុងអភិវឌ្ឍ។ ឧទាហរណ៍ជាក់ស្តែង យើងកំពុងរៀបចំការប្រកួតជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០២១ នេះឱ្យបានចប់រួចរាល់ មុនការត្រៀមចូលរួម ប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមក្នុងខែឧសភានេះ»។
«លើសពីនេះទៅទៀត នៅឆ្នាំ២០២៣ ខាងមុខ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាស៊ីហ្គេម លើកទី៣២ នៅក្នុងនោះមានការរៀបចំកីឡាបាល់ទាត់នារីផងដែរ ដូច្នេះការចូលរួមប្រកួតនាពេលនេះ គឺជាម៉ែត្រវាស់ពីកត្តាគុណផល របស់កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលយើងទាំងអស់គ្នាជឿជាក់ថា ពួកគេនឹងទទួលបានបទពិសោធន៍ល្អៗសម្រាប់ការប្រកួតនេះ។ បន្តពង្រឹងនៅចំណុចខ្វះខាត បង្កើនគុណផល ដើម្បីជាផ្លែផ្កាល្អក្នុងឆ្នាំ២០២៣នេះ»។ លោក ប្រាក់ វុទ្ធី បានបន្ថែម។
អតីតគ្រូបង្គោលក្លិបអគ្គិសនីកម្ពុជា ដដែលរូបនេះបានបង្ហាញពីគុណសម្បត្តិនៃការចូលរួមព្រឹត្តិការណ៍នេះទៀតផងដែរថា ៖«គុណសម្បត្តិ គឺដើម្បីត្រៀមរៀបចំក្រុមឲ្យបានល្អ ទាំងគុណផល បទពិសោធន៍ និងស្មារតី ទទួលបាននូវការវិភាគ និងវាយតម្លៃមួយត្រឹមត្រូវច្បាស់លាស់ពីចំណុចខ្លាំង និងចំណុចខ្សោយ សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ ក្នុងការកំណត់គោលដៅ ស៊ីហ្គេម២០២៣»។
នៅពេលចោទសួរថា តើក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា មានគម្រោងបោះជំរំហ្វឹកហាត់ក្រៅប្រទេស ឬក៏នៅក្នុងស្រុករយៈពេលប៉ុន្មានសប្ដាហ៍ មុនព្រឹត្តិការណ៍មកដល់? អតីតគ្រូបង្គោលដែលជួយឲ្យបឹងកេត លើកពានលីគកំពូលកម្ពុជា លើកដំបូងរូបនេះបានបង្ហើបឲ្យដឹងថា ក្រុមបាល់ទាត់នារីជម្រើសជាតិបានត្រៀមទៅហ្វឹកហាត់នៅប្រទេសចិនតាំងពីឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកទៅវិញ។ ក្នុងការត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម ក្រុមបាល់ទាត់នារីកម្ពុជាគ្មានគម្រោងហ្វឹកហាត់នៅក្រៅប្រទេសទេ គឺបោះជំរំហ្វឹកហាតក្នុងប្រទេស នៅសាលាបាល់ទាត់ជាតិបាទី រយៈពេល ៥សប្តាហ៍មុនចេញដំណើរទៅវៀតណាម។ នៅក្នុងការហ្វឹកហាត់នេះ ក្រុមក៏មានគម្រោងធ្វើជាម្ចាស់ផ្ទះការប្រកួតមិត្តភាពអន្តរជាតិ ១ប្រកួតផងដែរ។
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា នឹងចូលរួមប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដែលគ្រោងចាប់ផ្ដើមមុនពិធីបើក (ពិធីបើកនៅថ្ងៃទី១២ ខែឧសភា) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។ ការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ដោយកម្ពុជា ស្ថិតនៅ POT ទី៣៕
ចែករំលែកព័តមាននេះ