រាជធានីភ្នំពេញ ៖ ក្រោយពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរពេញផ្ទៃប្រទេស នៃហេតុការណ៍បំផ្ទុះគ្រាប់បែក កាលពីវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា នេះ ស្ថិតតាមបណ្តោយផ្លូវលេខ១៦៣កែង៣៤៨ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ឥឡូវនេះសមត្ថកិច្ចប្រមូលបានព័ត៌មានបន្ថែមទៀតហើយ។ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ការបោកគ្រាប់បែកនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស ៣នាក់រងរបួសរួមមាន បុរសជនជាតិវៀតណាមម្នាក់ បុរសជនជាតិឥណ្ឌាម្នាក់ និងនារីខ្មែរម្នាក់ ហើយបណ្តាលឲ្យរថយន្ត ៣គ្រឿងរងការខូចខាត តែមិនទាន់បានឃាត់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ។
សមត្ថកិច្ចបានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ ដែលជាម្ចាស់រថយន្តម៉ាក ហាយឡេនឌើ ឈ្មោះ ចាន់វ៉ាន់នី ភេទស្រី អាយុ៣៧ឆ្នាំ ជាគ្រូបង្រៀននៅសាលា បញ្ញាសាស្ត្រ រីឯម្ចាស់រថយន្តម៉ាក ឡិចស៊ីស RX-330 ភេទប្រុស ដែលជាអាជីវករ បានប្រាប់ថា ពួកគាត់មិនជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តនោះទេគ្រាន់តែជាអ្នករងគ្រោះក្នុងហេតុការណ៍នោះតែប៉ុណ្ណោះ។
ចំណែកជនរងគ្រោះដែលមានរបួសស្នាមទាំង៣នាក់ ដែល២នាក់កំពុងសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងម្នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ មិត្តភាពខ្មែរសូវៀត នោះក៏បានបញ្ជាក់ដែរថា ពួកគាត់រងគ្រោះដោយសារធ្វើដំណើរតាមម៉ូតូលើផ្លូវតែមួយ គឺមិនបានជាប់ពាក់ព័ន្ធនឹងករណីនេះទេ។ មុខសញ្ញាដែលបានបំផ្ទុះគ្រាប់បែកបង្កឲ្យមាន ការភ្ញាក់ផ្អើលនេះ សមត្ថកិច្ចកំពុងតែធ្វើការកំណត់មុខសញ្ញាបានជាបណ្ដើៗហើយ៕
ចែករំលែកព័តមាននេះ