ខេត្តកណ្តាល ៖ ក្រោយពីកាសែតកោះសន្តិភាព បានចុះផ្សាយពីជីវិតដ៏កម្សត់របស់លោកយាយ អ៊ិត លាវអេង ដែលស្ទើរមួយជីវិតផ្ញើវាសនាជាមួយនឹងមុខរបរដើររើសអេតចាយ ដើម្បីចិញ្ចឹមម្តាយជរា និងមានជំងឺប្រចាំកាយ រួមទាំងប្អូនស្រីដែលមានសតិមិនគ្រប់។ ប៉ុន្តែអ្វីដែលគេមិននឹកស្មានដល់នូវជម្រៅចិត្តរបស់លោកយាយរូបនោះ គឺការលះបង់ការកសាងជីវិតគ្រួសារ (ប្តីប្រពន្ធ) ដោយមិនយកប្តី ទោះបីមានអ្នកមកចែចូវ ដើម្បីយកធ្វើជាភរិយាក៏ដោយ។

ឥទ្បូវនេះ មានសប្បុរសជនជាបន្តបន្ទាប់បានជួយឧបត្ថម្ភដល់លោកយាយ ដោយមានទាំងសម្ភារៈ និងថវិការ ដើម្បីសម្រាលការលំបាកអំពីជីវភាពរបស់គ្រួសារលោកយាយ។ សប្បុរសជនដែលបានជួយឧបត្ថម្ភដល់លោកយាយដ៏កម្សត់នោះ រួមមានដូចជា ៖ លោកតាសេង គី លក់ទាខ្វៃនៅផ្សារច្បារអំពៅឧបត្ថម្ភប្រាក់១០ម៉ឺនរៀល, ឧបាសិកាឆោ សុគន្ធា រស់នៅរាជធានីភ្នំពេញ ឧបត្ថម្ភអង្ករ និងថវិការ១០ម៉ីនរៀល ,លោកសៀក សោភ័ណ្ឌ និងលោកស្រីទ្បេង ខេមរា ព្រមទាំងបុត្រី ឧបត្ថម្ភថវិការ៥០ម៉ីនរៀល។

លោក សុខ សារ៉ាយ ភ្នាក់ងារកោះសន្តិភាព នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក៏បាននាំយកអំណោយទាំងអស់នោះ ទៅជូនគ្រួសារលោកយាយអ៊ិត លាវអេង ស្ថិតនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលផងដែរ។
បើតាមលោកយាយ អ៊ិត លាវអេង រួមទាំងម្តាយ និងប្អូនស្រី ជាមួយនឹងបង្ហាញនូវក្តីរំភើបរីករាយលាយទ្បំទឹកភ្នែកហូរធ្លាក់លើផែនថ្ពាល់ផងនោះ បានលើកដៃទាំងទ្វេរសំពះ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងរកអ្វីមកប្រៀបមិនបាននូវទឹកចិត្តដ៏មហាសប្បុរសធម៌របស់សប្បុរសជនទាំងអស់។

ទន្ទឹមនោះ លោកយាយក៏សូមជូនពរដល់គុណរតនត្រៃយ៍កែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិលើលោកជួយបីបាច់ថែរក្សាអស់លោក លោកស្រីជាសប្បុរសជនទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ប្រការ ប្រកបមុខរបរទទួលបានជោគជយ័ ព្រមទាំងឈ្នះអស់មារសត្រូវទាំងអស់ ហើយជួបនឹងពុទ្ធពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតទ្បើយ៕
ចែករំលែកព័តមាននេះ