រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិសែនជ័យ រុញអោយប្រជាពលរដ្ឋឡើងតុលាការ រឿងអ្នកមានលុយធ្វើរបងបិទផ្លូវមិនឱ្យដើរនៅក្រោយផ្សារជម្ពូវ័ន។
![Picture]()
មានប្រជាពលរដ្ឋចំនួន២៦គ្រួសារ រួមទាំងកម្មករ កម្មការិនី រោងចក្ររាប់រយនាក់ទៀតដែលមានទីលំនៅ និងស្នាក់នៅតាមបណ្តាផ្ទះជួលនៅក្នុងប្លុកផ្លូវលំលេខ ១៤K ជាផ្លូវទាល់មួយ (ខាងក្រោយផ្សារជម្ពូវ័ន) ដែលស្ថិតនៅក្រុមទី៣ ភូមិជម្ពូវ័ន២ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអាជ្ញាធរខណ្ឌពោសែនជ័យ ដែលគ្មានដំណោះស្រាយរឿងពួកគាត់សុំអន្តរាគមន៍បើកផ្លូវពីផ្លូវរោងចក្រឃ្យូ អឹម អាយ QMI ទៅផ្លូវបេតុងខាងក្រោយផ្សារជម្ពូវ័ន ដើម្បីបង្កការងាយស្រួលទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជា សារធារៈទូទៅ កាត់បន្ថយការកកស្ទះចរាចរណ៍ ។
![Picture]()
ជាពិសេសសម្រាប់ក្មេងៗទៅសាលារៀនទៅផ្សារ និងពួកគាត់ចេញទៅប្រកបមុខរបររកស៊ីធ្វើការងារផ្សេងៗទៀត ។ ហើយត្រូវបានបុគ្គលឈ្មោះ ឡេង ជាម្ចាស់តារាងបាល់មួយកន្លែង នៅលើផ្លូវម្ខាង ធ្វើរបងបិទមិនអោយដើរ ដោយអះអាងថា មួយចំណែកផ្លូវនោះ គឺ ស្ថិតនៅក្នុងប្លង់កម្មសិទ្ធរបស់ខ្លួន និងធ្វើការដោះស្រាយគ្នាចំនួន២លើកមកហើយ តែគ្មានដំណោះស្រាយល្អទេ និងរុញអោយប្រជាពលរដ្ឋឡើងទៅតុលាការវិញ ។
![Picture]()
ប្រជាពលរដ្ឋម្នាក់ធ្វើការត្អូញត្អែរថា ពួកគាត់ទាំងអស់គ្នា ពិតជាមានការខកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌពោធិសែនជ័យ ដែលគ្មានដំណោះស្រាយអំពីបញ្ហារឿងសុំបើកផ្លូវដោយតភ្ជាប់ពីផ្លូវរោងចក្រ ឃ្យូ អឹម អាយ QMI ទៅផ្លូវបេតុងក្រោយផ្សារជម្ពូវ័ន ពីផ្លូវទាល់ អោយទៅជាផ្លូវធ្លុះធ្លាយងាយស្រួល ក្នុងការធ្វើដំណើរនោះ ។ ហើយត្រូវបានម្ចាស់តារាងបាល់មួយកន្លែងនៅលើផ្លូវម្ខាង ដែលគេស្គាល់ថា ឈ្មោះ ឡេង ជាអ្នកមានលុយមានអំណាចម្នាក់នៅតំបន់ជម្ពូវ័នធ្វើរបងស័ង្កសី បិទមិនអោយដើរ ដោយអះអាងថា ជាផ្លូវ ដែលស្ថិតនៅក្នងប័ណ្ណកម្មសិទ្ធប្លង់រឹងរបស់ខ្លួននោះ ហើយមិនមានដំណោះស្រាយ និងរុញអោយពួកគាត់ ឡើងតុលាកាទៅវិញនោះ ។
![Picture]()
ពាក់ព័ន្ធទៅ និងការស្នើរសុំអន្តរាគមន៍អំពីសំណាក់ប្រជាពលរដ្ឋទាំង ២៦គ្រួសារ រួមទាំងកម្មករ កម្មការិនីរោងចក្រជាច្រើនរយនាក់ផ្សេងទៀត ដែលមានទីលំនៅក្នុងប្លុកផ្លូវទាល់ខាងលើនេះបានបញ្ជាក់ថា ពួកគាត់ម្នាក់ មានទីលំនៅក្នុងតំបន់នេះ ខ្លះ១០ឆ្នាំ ២០ឆ្នាំ ខ្លះរហូតទៅដល់ជាង៣០ឆ្នាំក៏មានជួបការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើដំណើរទៅធ្វើការងាររកស៊ី កូនដើរវាងទៅរៀន ទៅផ្សារ ម្យ៉ាងនៅលើផ្លូវរោងចក្រ ឃ្យូ អឹម អាយ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ គ្មានផ្លូវចេញទេ សូម្បីតែកូនរៀនក៏ទៅមិនទាន់ដែរ ។
![Picture]()
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ស្ថានភាពរស់នៅក្នុងចំណុចផ្លូវទាល់ដ៏លំបាកអស់រយៈពេលជាច្រើនឆ្នាំមកហើយនេះពួកគាត់ក៏តែងតែទទូចសុំទៅលោក ឆែម ហុងលី ជាម្ចាស់ដីឡូតិ៍ ដែលជាចំណុចទាល់ ដើម្បីបានបើកផ្លូវក្នុងបំណងអោយមានផ្លូវដើរទូលំទូលាយ បញ្ឈប់ជាផ្លូវទាល់ និងងាយស្រួលក្នុងការធ្វើដំណើរនោះ លោកក៏យល់ព្រមអោយវាយរបងបើក នៅពេលដែលអាជ្ញាធរសង្កាត់ចោមចៅ៣ យកគ្រឿងចក្រមកឈូយឆាយក្នុងបំណងធ្វើផ្លូវបេតុង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ កន្លងមកនេះ ។
នៅថ្ងៃដដែលក៏ស្រាប់តែបុគ្គលឈ្មោះ ឡេង បានមកធ្វើរបងបិទ ហើយលោក វ៉ា សាវឿន ជាចៅសង្កាត់ចោមចៅទី ៣ ក៏បានចុះមកហាមឃាត់ដែរ តែបុគ្គលរូបនោះមិនស្តាប់ឡើយ ទើបប្រជាពលរដ្ឋនាំគ្នាធ្វើការតវ៉ា ហើយលោក ហែម ដារិទ្ធ ជាអភិបាលខណ្ឌពោធិសែនជ័យ ក៏បានចុះមកពិនិត្យជាក់ស្តែង និងធ្វើការដោះស្រាយគ្នាជាបន្តនៅសាលាខណ្ឌចំនួន ២លើក ហើយអស់រយៈពេលប្រមាណជា ២ខែមកហើយ នៅតែគ្មានដំណោះស្រាយ និងរុញអោយឡើងតុលាការវិញ និងអោយពួកគាត់អស់ជំនឿយ៉ាងខ្លាំងទៅលើចំណាត់ការនេះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ