រាជធានីភ្នំពេញ ៖ តាមការដកស្រង់ប្រសាសន៍លោកស្រីវេជ្ជបណ្ឌិតយង់ ម៉ាលីសាដែត ជំនាញផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែតបានកត់សម្គាល់ថា តាមពិតទៅដុំគីសដៃស្បូន គឺជាដុំទឹកស្រោបដោយស្រោមនៅខាងក្នុង ឬនៅលើផ្ទៃនៃអូវែ ដែលនៅសងខាងស្បូនស្ត្រី។
ក-រោគសញ្ញា ៖
-ឈឺអាងត្រគាកស្ទំៗ និងអាចរាលដាលទៅក្រោយ
-ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក (Dyspareunia)
-ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
-នោមញឹក ឬក៏ពិបាកនោម
-អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន
-ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់
ខ-មូលហេតុ ៖ មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ៖
១-Follicular cyst ៖ ដោយវាពុំបានបញ្ចេញពងមេជីវិត
២-Corpus luteum cyst ៖ ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។ ដុំគីសទាំងពីរប្រភេទនេះ(១និង២)មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល២ទៅ៣ខែបន្ទាប់ ។
៣-Dermoidcysts ៖ ផ្សំទៅដោយជាលិកាផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ…។ ករណីនេះកម្រក្លាយជាមហារីកណាស់ ។
៤-Cystadenomas ៖ ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ
៥-Endometriomas ៖ ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិកាអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន ។
គ-ផលវិបាក៖
-ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក
-Ovarian Torsion គឺដុំគីសដែលរមួលបណ្តាលឲ្យចុកពោះខ្លាំង
-Ovarian Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ
ឃ-ការព្យាបាល ៖ ការព្យាបាលគឺអាស្រ័យទៅតាម រោគសញ្ញា អាយុស្ត្រី ប្រភេទ និងទំហំគីស៖
-ករណីធម្មតា (ប្រភទដុំគីស Follicular cyst និង Corpus luteum cyst)៖ អ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់ទេ ។
-ករណីធ្ងន់ធ្ងរ គឺតម្រូវឲ្យធ្វើការវះកាត់ ៖ ការវះកាត់ដោយបើកពោះ (Laparotomie) ការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic): ការវះកាត់ដោយមានស្នាមរបួសតូច មិនសូវមានការឈឺចាប់ និងអាចបានត្រលប់ទៅផ្ទះឆាប់រហ័ស ការវះកាត់ទាំងពីរនេះមានប្រយោជន៍សំខាន់ដល់ស្ត្រីដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។ បើសិនជាមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតដែលមានគ្រូពេទ្យជំនាញឯកទេស និងមធ្យោបាយគ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវដើម្បីទទួលបានការព្យាបាលសមស្រប ៕
ចែករំលែកព័តមាននេះ