ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបើកយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជា តាមបណ្តាស្រុកទូទាំងខេត្ត សូមប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ ដែលកើតឡើង ដោយអគ្គិភ័យ។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នគរបាលខេត្ត ទទួលបន្ទុកការងារនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការផ្សព្វផ្សាយ ណែនាំដល់បងប្អូនឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ។ យុទ្ធនាការនេះ ជាការពញ្ញាក់ស្មារតីឲ្យបងប្អូនចូលរួមប្រុងប្រយ័ត្នផងដែរ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងរថយន្តប៉ូលិស ចំនួន ៧គ្រឿង ដង្ហែតាមដងផ្លូវ បន្លឺដោយសំឡេងស៊ឺរ៉ែន និងផ្សព្វផ្សាយតាមឧគ្ឃោសនសព្ទ ដើម្បីឱ្យបងប្អូនប្រុងប្រយ័ត្ននូវគ្រោះអគ្គិភ័យ ដែលកើតមានជាយថាហេតុ ដូចជា មុននឹងចេញពីលំនៅដ្ឋាន ត្រូវពិនិត្យផ្ទះបាយ ដោយពន្លត់ភ្លើងចង្ក្រាន ដោះគ្រឿងអេឡិច បិទហ្គាស និងបិទចរន្តអគ្គិសនី។ ធ្វើបែបនេះ ទើបអាចកាត់បន្ថយគ្រោះថ្នាក់អគ្គិភ័យបាន។
ជាមួយគ្នានេះ ម្ចាស់ស្ថានីយប្រេងឥន្ធនៈ កន្លែងលក់ហ្កាស់ កន្លែងឆ្អើរត្រី និងសិប្បកម្មផ្សេងទៀត ដែលងាយនឹងរងគ្រោះ ត្រូវប្រុងប្រយ័ត្នពិសេស ត្រូវមានពន្លត់បំពង់បន្លត់អគ្គិភ័យ នៅតាមទីកន្លែងរៀងៗខ្លួន ដើម្បីពន្លត់អគ្គិភ័យជាបឋម មុនពេលរថយន្តពន្លត់អគ្គិភ័យ ទៅជួយអន្តរាគមន៍។
ជាចុងក្រោយ លោកស្នងការរង ក៏បានផ្ដាំផ្ញើដល់បងប្អូន ប្រសិនបើមានអគ្គិភ័យកើតឡើង សូមទំនាក់ទំនងតាមទូរសព្ទរបស់លោក ដោយផ្ទាល់ ដែលមានលេខ 012 97 66 43 និងលេខ 010 96 66 43។
សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២២ នេះ ខេត្តកំពង់ឆ្នាំង មានគ្រោះអគ្គិភ័យ កើតឡើង ចំនួន ១ករណី៕









ចែករំលែកព័តមាននេះ