ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈ្មួញ​យក​គ្រឿង​ចក្រ ទៅជីកកកាយដីភ្នំដឹក​លក់យ៉ាង​គគ្រឹក​គគ្រេង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះ គេសង្កេត​ឃើញក្រុមឈ្មួញ បាននាំយក​គ្រឿង​ចក្រ ទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅចំណុចភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន…

ខេត្តប៉ៃលិន៖ រហូតមកដល់រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះ គេសង្កេត​ឃើញក្រុមឈ្មួញ បាននាំយក​គ្រឿង​ចក្រ ទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅចំណុចភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដឹកលក់នៅតាមភូមិយ៉ាងគគ្រឹកគគ្រេង ស្ទើរតែអស់មួយចំហៀងភ្នំទៅហើយ។

តែមិនឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ទីរពាក់ព័ន្ធណា ចុះទៅត្រួតពិនិត្យនោះឡើយ ខណៈម្ចាស់គ្រឿងចក្រ បានអះអាងថា បានរត់ការច្បាប់ចេញពីខាងក្រុងអស់ហើយ។

​ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅភូមិខាងលើ បានឱ្យអ្នកសារព័ត៌មាន​ដឹង​ថា ខាង​ម្ចាស់​ដីគេ​​មានប្លង់ត្រឹមត្រូវ អាចឲ្យជីកកកាយដឹកលក់បាន មិនមានបញ្ហាអ្វីនោះទេ ហើយដីកូនភ្នំខាងលើ ត្រូវបានឈ្មួញយកគ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅជីកកាយដឹកលក់អស់រយៈពេលជាយូរខែមកហើយ។

ការជីកកកាយដីភ្នំដឹកលក់នេះ ធ្វើឱ្យខូចផ្លូវលំនៅចំនុចខាងលើ គួរឲ្យកត់សម្គាល់។ តែគេមិនឃើញខាងអាជ្ញាធរ​មូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ចុះពិនិត្យមើលចំណុចកូនភ្នំនោះឡើយ ដោយចេះតែបណ្ដែត​បណ្ដោយ​អោយក្រុម​ឈ្មួញ យកគ្រឿងចក្រទៅជីកកកាយ ដឹកលក់តាមភូមិយ៉ាងគគ្រឹកគគ្រេងតែម្ដង។

ប្រភព​ដដែលបន្តទៀតថា ម្ចាស់គ្រឿងចក្រ គេមិនខ្លាចនោះទេ ពីព្រោះគ្រឿងចក្រ បានសុំច្បាប់នៅតាម​មន្ទីរ​ជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលទៅជីកកកាយរួចរាល់ហើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តប៉ៃលិន បានឲ្យដឹងថា ​ខាងក្រសួង​របស់លោក បានប្រគល់តួនាទីនេះ ទៅឲ្យខាងក្រុង ជាអ្នករៀបចំចាត់ចែងឯកសារ ទាក់ទងនឹងម្ចាស់គ្រឿងចក្រ ឬម្ចាស់ដី ក្នុងការជីកកកាយ តែបើចង់ដឹងច្បាស់ សុំឲ្យទាក់ទងទៅខាងរដ្ឋបាលក្រុង។

ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានឱ្យដឹង​ថា ​ខាងលោក ពិនិត្យមើលឯកសារសិន ដើម្បីចាត់ឲ្យ​មន្ត្រីចុះទៅពិនិត្យនៅកន្លែងជីកកកាយដីខាងលើ។ បើសិនជាគ្មានច្បាប់អនុញ្ញាតនោះ នឹងធ្វើការហាមឃាត់ មិនឲ្យជីកកកាយត​ទៅទៀតឡើយ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ