រាជធានីភ្នំពេញ ៖ នៅក្នុងរាជធានីភ្នំពេញយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំង បណ្តាលឱ្យតំបន់ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនបានទទួលរងការលិចលង់ ដោយជំនន់ទឹកភ្លៀង ប៉ុន្តែតំបន់មួយចំនួនធំត្រូវបានស្រកអស់ ។

ដោយការយកចិត្តទុកដាក់ពីអាជ្ញាធរសង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ បានធ្វើសកម្មភាពចុះកាយសំរាមចេញពីមាត់លូ និងប្រើប្រាស់ម៉ាស៊ីនបូមទឹកនៅតាមស្ថានីយបូមទឹកមួយចំនួនទាំងយប់ ទើបធ្វើឱ្យទឹកបានស្រុកចុះទៅវិញយ៉ាងលឿន ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា យប់ថ្ងៃទី២១ ខែមីនា នេះ មេឃបានធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក ។ ក្នុងស្ថានភាពនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានចាត់ឱ្យមន្ត្រីចុះពិនិត្យ និងដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងនេះ ក្នុងនោះសង្កេតឃើញថា មហាវិថីកម្ពុជាក្រោម វិថីនេរុហ៍ មហាវិថីសហព័ន្ធរុស្ស៊ី មិនមានទឹកលិចលង់ទេ ។

ចំណែកមហាវិថីម៉ៅ សេទុង ត្រង់ចំណុចប្រសព្វផ្លូវលេខ២៣០ មានទឹកលិចក្នុងកម្រិតមធ្យម ហើយមន្ត្រី និងកម្លាំងបានចុះកាយលូ រហូតធ្វើឱ្យទឹកស្រកទៅវិញអស់ ។

ចំណែក លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើសកម្មភាពភ្លាមៗលើការបូមទឹកចេញពីរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា ក្នុងនោះស្ថានីយដែលដំណើរបូមទឹក កាលពីយប់មិញរួមមានស្ថានីយបឹងត្របែក បឹងទំពុន ទួលសំពៅ កប់ស្រូវ ទួលគោកទី១ ទួលគោកទី២ បូរី១០០ខ្នង លូ៥ សរុបចំនួន៨ស្ថានីយ ទើបទឹកបានស្រុកចុះទៅវិញយ៉ាងលឿន ៕





ចែករំលែកព័តមាននេះ