ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ប្រាក់​រង្វាន់​កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ​ពេល​ឈ្នះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា និង​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា និង​សមាជិក​ប្រតិបត្តិ បាន​ឯកភាព​ផ្តល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត សម្រាប់​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។

ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​១ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​មាន​ប្រសាសន៍​ថា សម្រាប់​កីឡាករ ដែល​ប្រកួត​វិញ្ញាសា​ឯកត្តជន ឈ្នះ​១​ប្រកួត នឹង​ទទួល​បាន ២០០​ដុល្លារ ឈ្នះ​២​ប្រកួត ៤០០​ដុល្លារ និង​គុណ​ឡើង​តាម​ការ​យកឈ្នះ​ការ​ប្រកួត​នីមួយ​ៗ ។ រីឯ​សម្រាប់​វិញ្ញាសា​ជា​ក្រុម បើ​ឈ្នះ​១​ប្រកួត ផ្តល់​ប្រាក់​រង្វាន់ ១​ពាន់​ដុល្លារ ឈ្នះ​២​ប្រកួត​បាន ៣​ពាន់​ដុល្លារ ហើយ​បើ​ឈ្នះ​បន្ត​ទៀត​នឹង​គុណ​ទ្វេ​ដង ហើយ​បើ​ឈ្នះ​មេដាយមាស សហព័ន្ធ​នឹង​ផ្តល់​ជូន​ប្រាក់​រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​។

លោក​បន្ថែម​ថា នេះ​ជា​ការ​លើកទឹកចិត្ត​របស់​ឯកឧត្តម​ប្រធាន រួម​ទាំង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ដល់​ក្រុម​ជម្រើសជាតិ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ឲ្យ​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ក្នុង​ការ​ប្រជែង​លទ្ធផល​ល្អ​ជូន​ជាតិ​។ នេះ​ជា​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ឯកឧត្តម គៀត ច័ន្ទ​ថា​រិ​ទ្ធ ក៏​ដូច​ជា​សមាជិក​ទាំងអស់ ដើម្បី​សម្រួច​គោលដៅ​កសាង​កំណត់​ត្រា​ថ្មី​មួយ ក្នុង​ស៊ី​ហ្គេ​ម ២០២២ មុន​ឆ្ពោះ​មក​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

«​នេះ​ជា​ភាព​ជោគជ័យ​ថ្មី​មួយ ដែល​សហព័ន្ធ​បាន​ស្នើ និង​ឯកភាព​គ្នា​បង្កើត​មូលនិធិ​ស្ម័គ្រចិត្ត ដោយ​ក្នុង​១​ខែ​ៗ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​៣​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​អភិវឌ្ឍ​របស់​ខ្លួន ឆ្ពោះទៅ​រក​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​»​។

លោក​អគ្គលេខាធិការ​រូប​នេះ​បញ្ជាក់​ជូន​ថា ក្រៅពី​ការ​សម្រេច​ផ្តល់​ជូន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​នេះ សហព័ន្ធ​ក៏​បាន​សម្រេច​លើ​២​របៀបវារៈ​ផ្សេង​ទៀត​ដែរ គឺ​ការ​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​ការងារ ដែល​ធ្វើ​កន្លង​មក និង​ការងារ​អញ្ជើញ​គ្រូបង្វឹក​កូរ៉េ​ខាងត្បូង​ម្នាក់ មក​ជួយ​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។​«​គ្រូបង្វឹក​ជនជាតិ​កូរ៉េ ដែល​គ្រោង​នាំ​យក​មក​ជួយ​បង្ហាត់​ក្រុម​ជម្រើសជាតិ​នេះ គឺ​មានគុណ​វុឌ្ឍិ​កម្រិត​ខ្ពស់​។

ខ្ញុំ​ជឿជាក់​ថា គ្រូបង្វឹក​រូប​នេះ នឹង​ជួយ​បង្កើន​គុណភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ឲ្យ​កាន់តែ​រឹង​មាំ ក្នុង​ការ​សម្រួច​បច្ចេកទេស​បាន​លឿន សម្រាប់​គោលដៅ​ស៊ី​ហ្គេ​ម​២០២៣» ។ ជាមួយ​គ្នា​នោះ លោក ស៊ុន សុទ្ធា​រិ​ទ្ធ ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​សហព័ន្ធ​បាន​ឯកភាព​រួច​ហើយ ដោយនៅ​តែ​រង់ចាំ​ការ​សម្រេច​ជា​គោលការណ៍ ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ប៉ុណ្ណោះ​។ ក្រោយ​ការ​សម្រេច​ពី​សម្តេច​ប្រធាន CAMSOC ភ្លាម សហព័ន្ធ​នឹង​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​លឿន​ជាមួយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កូរ៉េ​ខាងត្បូង ដើម្បី​សម្របសម្រួល​លើ​កិច្ចការ​អញ្ជើញ​គ្រូបង្វឹក​កម្រិត​ខ្ពស់​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ