ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ប្រកាស​​ផ្តល់ជំនួយ​វ៉ាក់សាំង ២០​លានដូស​បន្ថែមទៀត ដល់កម្ពុជា ហើយ ៥លានដូស នឹងមក​ដល់​នៅចុងខែមីនា​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ៖ លោកប្រធានាធិបតី ស៊ី ជិន​​ពី​ង បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ២០លានដូស​បន្ថែមទៀត ​ដល់កម្ពុជា ហើយក្នុងនោះ វ៉ាក់សាំង…

រាជធានី​ភ្នំពេញ៖ លោកប្រធានាធិបតី ស៊ី ជិន​​ពី​ង បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការកូវីដ១៩ ចំនួន ២០លានដូស​បន្ថែមទៀត ​ដល់កម្ពុជា ហើយក្នុងនោះ វ៉ាក់សាំង ៥លានដូស នឹង​មកដល់កម្ពុជា នៅចុង​ខែ​មីនា ឆ្នាំ២០២២​ នេះ។ ចិន ក៏នឹងធ្វើការរួមជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំង នៅកម្ពុជា នាពេលខាងមុខផងដែរ​។

លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន បានប្រកាសដូច្នេះ ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នេះ។

លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅ​ក្នុង​ជំនួប​នេះ មាន​ការពិភាក្សា​ទៅលើចំណុចជាច្រើន នៅក្នុងកម្រិត​ទ្វេ​ភាគី​​តំបន់ និងបញ្ហារបស់ពិ​ភពលោក​ផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។

លោក​ប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្ន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន។​ ដូច្នេះចិន នឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផល​កសិកម្មមួយចំនួន​ទៀត ដូចជា ផ្លែចេក ស្វាយ និងផ្លែមៀន ជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា។

លោក​ប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍​លើហេដ្ឋារចនាសម្ព័ន្ធ។

លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស​។ ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

លោក​​ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់​​សាំង​នៅ​កម្ពុជា​ នា​ពេល​ខាង​មុខ​ផង​ដែរ។

លោក ស៊ី ជិនពីង ក៏បានមានប្រសាសន៍ ជំរុញបង្កើតជើងហោះហើររ​វាងប្រទេស​ទាំង​ពីរ និង​គម្រោងផ្សេង​ៗ​​ទៀត ជាពិសេស​ពាក់ព័ន្ធ​ការកសាងផ្លូវ និងការកសាងសាលារៀន ជាដើម​។

ពាក់​ព័ន្ធ​បញ្ហា​អាស៊ាន-ចិន​​វិញ ដោយសារតែ​អាស៊ាន និងចិន ទើបនឹងដំឡើង​កម្រិត​ទំនាក់ទំនង​របស់​ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ​២០២១ លោក ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក​។

លោក ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណា រួមចំណែករក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។

លោក​ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីខែមករា កន្លងទៅនេះ។ លោក​ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួម​ចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោក​​ប្រធានាធិបតីចិន មកបំពេញទស្សនកិច្ច​នៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ លោក​ ប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។ លោក​​ប្រធានាធិបតីចិន ក៏បានអញ្ជើញ​សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេស​ក្រោយការរាតត្បាតជំងឺកូវីដ១៩​។

សម្តេចតេជោ ក៏បានអរគុណលោក​ប្រធានាធិបតី ចំពោះការគាំទ្រកម្ពុជា ជាប្រធានអាស៊ានផង និងការអញ្ជើញសម្ដេច ទៅទស្សនកិច្ច ក៏ដូចជា ការផ្ដល់ជំនួយដល់កម្ពុជា ជាពិសេស​វ៉ាក់សាំង ក្នុងពេលដែលកម្ពុជា កំពុងបន្តត្រូវការ​៕ ច័ន្ទថា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ