ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ វ៉ា​ត់ ចំរើន ដឹកនាំ​ក្រុម​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម នៅ​វៀតណាម

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិ

​រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC ទទួល​បន្ទុក​នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​បាន​ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជា ចេញដំណើរ​ពី​មាតុប្រទេស នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែមីនា​នេះ ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ នាយ​បេសកកម្ម​១១​ប្រទេស នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ត្រៀម​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២​។​

ឯកឧត្តម​នាយ​បេសកកម្ម​ថ្លែង​មុន​ពេល​ចេញដំណើរ​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC ក៏​ដូច​ជា​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ឯកឧត្តម​បាន​ដឹកនាំ​ប្រតិភូ​នាយ​បេសកកម្ម​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​នាយ​បេសកកម្ម ជា​លើក​ចុង​ក្រោយ​ដ៏​មាន​សារសំខាន់​បំផុត មុន​ការ​បញ្ជូន​កីឡាករ កីឡាការិនី​ជម្រើសជាតិ ចូលរួម​ប្រកួត ស៊ី​ហ្គេ​ម នៅ​វៀតណាម ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១២ ខែឧសភា តទៅ​។​«​គណៈប្រតិភូ​ចេញ​ទៅ​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ការ​រៀបចំ​ជា​មុន នូវ​កន្លែង​ហូប​ចុក ស្នាក់​នៅ ការ​ដឹក​ជញ្ជូន បដិសណ្ឋារកិច្ច របៀបរបប​រៀបចំ​ដឹកនាំ​របស់​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម វៀតណាម ក៏​ដូច​ជា​ដាក់​បង្ហាញ​នូវ​ទីលាន​ប្រកួត​ចុង​ក្រោយ​។ អ្វី​ដែល​ពិសេស គឺ​ក្រុម​ប្រតិភូ ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា នឹង​ចូលរួម​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាងគេ គឺ​ជាង ៥០០​នាក់​»​។

ប្រតិភូ​១​ក្រុម​ទៀត គឺជា​ប្រតិភូ​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ CAMSOC ដែល​ដឹកនាំ​ផ្ទាល់​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ដើម្បី​ចូលរួម​ទទួល​ទង់​ស៊ី​ហ្គេ​ម ពី​ម្ចាស់ផ្ទះ​វៀតណាម បន្តវេន​ឆ្ពោះ​មក​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២ ដែល​ជា​ថ្ងៃ​ពិធី​បិទ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ​នៃ​ស៊ី​ហ្គេ​ម​វៀតណាម​។ នៅ​ក្នុង​ពិធី​បិទ​នេះ ក៏​មានការ​សម្តែង​ពី​ក្រុម​សិល្បៈ​វប្បធម៌​កម្ពុជា ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ និង​អត្ត​ព​លិ​ក​អាស៊ី​អាគ្នេយ៍ ឆ្ពោះ​មក​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​របស់​កម្ពុជា​។ ដូច្នេះ​បេសកកម្ម​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ផង និង​ធ្វើការ​សង្កេត​ពិនិត្យ ដកស្រង់​បទ​ពិសោធន៍​នៃ​របៀប​គ្រប់គ្រង ដឹកនាំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ មក​ច្នៃប្រឌិត​បន្ថែម និង​អនុវត្ត​នៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ របស់​យើង​ឲ្យ​ទទួល​បាន​ជោគជ័យ​។

«​ដូច្នេះ នេះ​គឺជា​បេសកកម្ម​ដ៏​ធំ​មួយ ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​ដូច​ជា​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​ដាក់​ទិស​ដៅ​ឲ្យ​ក្រុម​យើង​នេះ ជា​ក្រុម​ពិសេស​មួយ ដែល​អាច​រៀបចំ​បាន​ល្អ ដក​ពិសោធន៍​យក​មក​រៀបចំ​ស៊ី​ហ្គេ​ម ២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា​យើង​ផង​ដែរ​»​។​ឯកឧត្តម​នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​រូប​នេះ សង្កត់ធ្ងន់​ដែរ​ថា ដំណើរ​កិច្ចប្រជុំ​លើក​នេះ ក៏​ផ្តោត​សំខាន់​លើ​ការ​យក​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​របស់​ប្រតិភូ កីឡាករ កីឡាការិនី​កម្ពុជា​ជាង​៥០០​នាក់​នេះ ទៅ​ប្រគល់​ជូន​គណៈកម្មការ​ស៊ី​ហ្គេ​ម​វៀតណាម​ផង​ដែរ​។

ក្នុង​ដំណើរ​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃនេះ ក៏​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​រវាង CAMSOC និង​គណៈកម្មាធិការ ស៊ី​ហ្គេ​ម វៀតណាម​ផង​ដែរ ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ស៊ី​ហ្គេ​ម​វៀតណាម និង​ស៊ី​ហ្គេ​ម​របស់​កម្ពុជា ថា​តើ​វៀតណាម​អាច​ជួយ​លើ​ផ្នែក​ណាខ្លះ ដូច​ជា​ការ​បណ្តុះបណ្តាល បច្ចេកវិទ្យា​ហ្គេ​ម ឬ​បទ​ពិសោធន៍​អ្វីខ្លះ ដែល​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ២០២៣​កម្ពុជា បាន​ស្នើ​នូវ​សំណូមពរ​ទាំងនោះ​។​

ឯកឧត្តម វ៉ា​ត់ ចំរើន បញ្ជាក់​ជូន​ទៀត​ថា កម្ពុជា​ដែល​ត្រៀម​ចូលរួម​ជាង​៥០០​នាក់​នេះ គឺ​លើ​៣៣​ប្រភេទ​កីឡា ដែល​ចំនួន​នេះ មិន​ប្រាកដ​ថា​ត្រូវ​ទៅ​ទាំង​អស់នោះ​ទេ គឺ​អាច​មាន​ដក​ខ្លះ​ៗ​ជាមួយ​និង​ការ​ពិនិត្យ​លទ្ធភាព​នៃ​គុណ​ផល​កីឡា​របស់​កីឡាករ ឬ​កីឡាការិនី​នៃ​ប្រភេទ​កីឡា​មួយ​ចំនួន​។ នៅ​ពេល​ត្រឡប់​មក​វិញ យើង​នឹង​អាច​ពិនិត្យ​បន្ថែម​នូវ​ការ​ផ្លាស់​ប្តូរ ដែល​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ទុក​លទ្ធភាព​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់ អាច​ដោះ​ដូរ​ចំនួន​កីឡាករ កីឡាការិនី​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ