ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករប្រដាល់​ជម្រើសជាតិ​​កម្ពុជា៣​រូប នឹង​ចេញ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ថៃ​ចុងខែ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ​ជម្រើសជាតិ​៣​រូប ទៅ​បោះជុំរុំ​ហ្វឹកហាត់

រាជធានី​ភ្នំពេញ​ ៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា ត្រៀម​បញ្ជូន​កីឡាករ​ជម្រើសជាតិ​៣​រូប ទៅ​បោះជុំរុំ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​២៦ ខែមីនា ដល់​ថ្ងៃ​ទី​១០ ខែមេសា​ ខាង​មុខនេះ​ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ ។

លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា បេក្ខភាព​កីឡាករ​៣​រូប ដែល​ត្រូវ​ចេញ​ទៅ​ហ្វឹកហាត់​ក្រៅ​ស្រុក​នេះ រួម​មាន​កីឡាករ សៅ រ​ង្ស៊ី (​ទម្ងន់ ៥៧​គីឡូក្រាម​) កីឡាករ ទូច ដេ​វីត (​ទម្ងន់ ៦០​គីឡូក្រាម​) និង​កីឡាករ វី សុ​ភ័ស (​ទម្ងន់ ៦៩​គីឡូក្រាម​) ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក​ម្នាក់ គឺ​លោក ជ័យ ណា​រ៉ា ។ ការ​បោះជុំរុំ​ហ្វឹកហាត់​នេះ មាន​រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦-៣១ ខែមីនា ឆ្នាំ​២០២២ ។

បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហាត់ កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​៣​រូប នឹង​បន្ដ​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 នៅ​ខេត្ត Phuket ប្រទេស​ថៃ ចាប់ពី​ថ្ងៃ​ទី​០១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែមេសា ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ ក៏​ដូច​ជា​បណ្ដា​ប្រទេស​ផ្សេង​ៗ ដែល​បាន​ចូលរួម​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អគ្គលេខាធិការ​សហព័ន្ធ​ខាងលើ ។

លោក​បន្ដ​ថា «​ការ​ចូលរួម​បោះជំរុំ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ថៃ​នេះ គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​ប្រដាល់សកល​ក្នុង​ការ​ពង្រឹង និង​វាស់វែង​កម្រិត​បច្ចេកទេស​របស់​ពួក​គេ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​វៀតណាម ដែល​កីឡា​ប្រដាល់សកល នឹង​ធ្វើការ​ប្រកួត​ពី​ថ្ងៃ​ទី​១៦-២២ ខែ​ខែឧសភា នៅ​ខេត្ត Bac Ninh ប្រទេស​វៀតណាម​» ។

សម្រាប់​ការ​បោះជុំរុំ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ថៃ​នេះ​ដែរ ម្ចាស់ផ្ទះ​ថៃ បាន​ឧបត្ថម្ភ​សំបុត្រ​យន្ដហោះ ការ​ហូប​ចុក និង​ស្នាក់​នៅ ។ រីឯ​អនុប្រធាន​សហព័ន្ធ​លោក ខេ​ស៊ី បា​ណេ​ត បាន​ឧបត្ថម្ភ​ថ្លៃ​ទិដ្ឋាការ ទិញ​ធានា​រ៉ាប់រង ធ្វើតេស្ដ PCR និង​ពិនិត្យ​សុខភាព​សម្រាប់​កីឡាករ​ចូលរួម​ការ​ប្រកួត ។ រីឯ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ សហព័ន្ធ​គ្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​៨​រូប​ទៅ​ចូលរួម គឺ​មាន​កីឡាករ​៦​រូប និង​កីឡាការិនី​២​រូប ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ